រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​

កំពត ៖ ដើម្បី​ពង្រឹង​ការអនុវត្ត​កម្មវិធី​ន​យោ​បាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ឲ្យមាន​ប្រសិទ្ធភាព ទទួលបាន​លទ្ធផល​ផ្លែផ្កា​ពិតប្រាកដ និង​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នោះ រដ្ឋបាល​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ៥​រោច​ខែ​មាឃ ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៥​ខែ​កុម្ភៈ ឆ្នាំ​២០១៨​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ចុះ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​។​

​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​ពេញ​មួយ​ព្រឹក ក្រោម​អធិបតីភាព លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​និង​សិប្បកម្ម និង​មាន​វត្តមាន​ចូលរួម ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ និង​លោក​-​លោកស្រី ក្រុមការងារ​ថ្នាក់ ខេត្ត ក្រុង  ស្រុក​ផង​ដែរ​។​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ធ្វើ​របាយការណ៍​ស្តី​ពី​វឌ្ឍនភាព ការរីកចម្រើន​នានា​របស់​រដ្ឋបាល​ខេត្ត​កំពត​រយៈ​មួយ​ឆ្នាំ ២០១៧​កន្លងទៅ ពិសេស​លើ​ការងារ​របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន​ថ្នាក់ជាតិ ខេត្ត និង​ក្រុង ស្រុក រយៈពេល​មួយ​ឆ្នាំ ២០១៧​កន្លងទៅ នេះ មាន​ចំនួន​២០១​លើក លើ​៩៣​ឃុំ សង្កាត់ មាន​ក្រុមការងារ​ចូលរួម​ចំនួន ៣៥៩៥​នាក់ និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១៦.៦០០​នាក់  ប្រមូល​បាន​បញ្ហា​សំណូមពរ ចំនួន​៦២២​ករណី​។ ក្នុងនោះ​បាន​ដោះស្រាយ​ចំនួន ៣០៦​ករណី កំពុង​ដោះស្រាយ​បាន​ចំនួន​១៧៦​ករណី និង​មិន​ទាន់​ដោះស្រាយ​បាន​មាន​ចំនួន​១៤០​ករណី​គឺ​ភាគច្រើន ជា​សំណូមពរ​ស្នើសុំ​សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ទំហំ​ធំ​។​

​កិច្ចប្រជុំ​ក៏​បាន​បន្ត​ពិភាក្សា លើកយក​និង​រក​បទពិសោធន៍​ល្អៗ​ដើម្បី​ដាក់​ទិសដៅ​បន្ត​ការងារ​ឆ្នាំ​២០១៨​អនុវត្ត​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។​

​មានប្រសាសន៍​នាឱកាស​នោះ​ លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានចាត់ទុក វេទិកាសាធារណៈ របស់​រាជរដ្ឋាភិបាល នៅតែ​មាន​សារៈសំខាន់ ចាំបាច់​បំផុត​ដដែល​។​ព្រោះ​ថា​តាមរយៈ​ការបើក​វេទិកា​សាធារណៈ​នេះ គឺ​ដើម្បី​ជា​ឱកាស​សម្រាប់​ក្រុម ការងារ​ថ្នាក់ជាតិ ខេត្ត​និង​ក្រុង ស្រុក​ក៏​ដូច​ជា​រដ្ឋបាល​ខេត្ត​បាន​សហការ​គ្នា ចុះ​ជាប់​មូលដ្ឋាន ឃុំ​សង្កាត់ ជួប​ផ្ទាល់​ជាមួយនឹង ប្រជាពលរដ្ឋ ដើម្បី​ក្ដាប់​សភាពការណ៍ បញ្ហា​ប្រឈម និង​កង្វល់​ឬ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​រួមគ្នា​ដោះស្រាយ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​និង​កោតសរសើរ ចំពោះ​លទ្ធផល​ក្រុមការងារ គ្រប់​លំដាប់ថ្នាក់ ដែល​បាន​ខិតខំ​កន្លងមក និង​បាន​សំណូមពរ​ផ្ដាំផ្ញើ​ឲ្យ​បន្ត​ខិតខំ​ជាប់​ជា​ប្រចាំ​និង​ទៀងទាត់​រៀងរាល់ខែ​បន្ថែមទៀត ពិសេស​ការចុះ​ដោះស្រាយ​មិន​ត្រូវ​តែ​ចាំបាច់​ពឹងផ្អែក​តែ​លើ​ជំនាញ​ខ្សែបណ្ដោយ ឬ​ខ្សែ ទទឹង​ឡើយ​។ គឺ​ការដោះស្រាយ​ធ្វើយ៉ាងណា​ឲ្យមាន​ប្រសិទ្ធ​ភាព ទទួលបាន​លទ្ធផល​ផ្លែផ្កា​ពិតប្រាកដ និង​ឆ្លើយតប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ឲ្យអស់​លទ្ធភាព​ជាក់ស្ដែង ពោល​គឺ​កិច្ចការ​ដែល​ជា​ទុក្ខលំបាក ប៉ះពាល់​នឹង​អារម្មណ៍​ផ្លូវចិត្ត​និង​ការងារ​មុខរបរ​របស់​ប្រជា​ពលរដ្ឋ​ផ្ទាល់​តែម្ដង​៕
​សេង ណា​រិទ្ធ​

 

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6185 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.