បុណ្យមាឃបូជា​រាប់​បាត​ព្រះសង្ឃ​៨៥ អង្គ​នៅ​វត្ត​វិ​មានតេជៈ​

រាជធានី ៖ បុណ្យមាឃបូជា​រាប់​បាត​ព្រះសង្ឃ ៨៥ អង្គ​ធ្វើ​២​ថ្ងៃ​នៅ​ទី​៣១​មករ​មករា​/​ទី​១​ខែ កុម្ភះ​ឆ្នាំ​២០១៨/​នៅ​ខេត្ត វិ​មានតេជៈ ហៅ​វត្ត​ស្រះចក សង្កាត់​ស្រះចក ខ័ណ្ឌដូនពេញ រាជធានី​ភ្នំពេញ ថ្ងៃទី​៣១​មករា និង​១​កុម្ភៈ​ឆ្នាំ​២០១៨​នេះ ដែល​រៀបចំ​ដោយ ព្រះសង្ឃ គណៈកម្មាការ​វត្ត​វិ​មានតេជៈ និង​សហគមន៍​មូលដ្ឋាន​ព្រមទាំង​កងកម្លាំង រាជការ​ស៊ីវិល​គ្រប់​ស្ថាប័ន មន្ទីរ​អង្គភាព​។​

​កាលពី​ល្ងាច​ថ្ងៃទី​៣១​មករា មាន​ការជួបជុំ​ញាតិមិត្ត ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ថ្វាយបង្គុំ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​។ ពិធី​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសីល ចម្រើន​ព្រះ​បរិ​ត្តុ និង​និមន្ត​ព្រះសង្ឃ​សម្តែងធម៌​ទេសនា​។ លុះដល់​យប់​មាន​ពិធី​ប្រកាស​មាឃបូជា​។​

​ឱកាស​នោះ សម្តេចព្រះឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុន​ឈាង ព្រះចៅអធិការ​វត្ត វិ​មានតេជៈ ហៅ​វត្ត​ស្រះ​ចក​និង ពុទ្ធបរិស័ទ​បាន​បានរៀបចំ ពិធី​ថ្វាយ​គ្រឿង​សក្ការៈបូជា​គ្រឿងក្រអូប ទៀន ធូប ក្នុង​ព្រះវិហារ ដើម្បី​សុំ​សេចក្តីសុខ សេចក្តីចម្រើន សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ដល់​ប្រជាជន​កម្ពុជា ក្នុងភូមិ​ស្រុក​ខេត្ត ទូទាំង​ប្រទេស​ន​ក្នុង​ក្រៅប្រទេស ។​

​នៅ​ពេល​បុណ្យ​មាឃបូជា​នេះ​ផង​ដែរ សម្តេច​សង្ឃ ឧត្តម​ចរិយា ឈឹង ប៊ុន​ឈាង បាន​មាន​សង្ឃដិការ បញ្ជាក់​ពីប្រវ​ត្ត​បុណ្យមាឃបូជា​បញ្ជាក់ថា​ប្រវត្តិ​នៃ​ពិធី​បុណ្យ​ម​មាឃបូជា​នេះ​មក​ជំរាប​ជូន​ដល់​ព្រះសង្ឃ ប្រជា​ពុទ្ធ​បរិ​ស​ត្រ័​ឲ្យ បាន​ជ្រាប​ដូច​តទៅ​៖​បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា កាលពី​៥៨៨​ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី​១៥​កើត ខែ​មាឃ  ក្រោយ​ពី​ការ​ត្រាស់ដឹង របស់​ព្រះអង្គ​ចំនួន​៩​ខែ​គត់ ។ ការបង្កើត​ព្រះពុទ្ធសាសនា​ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ​ធ្វើឡើង នៅក្នុង​ចំណោម ព្រះសង្ឃ​ចំនួន​១,២៥០​អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ​ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​។​នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោលការណ៍​មួយចំនួន​១១ សម្រាប់ឲ្យ សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យបាន​យល់​ពី​ពុទ្ធសាសនា​។​

​គោលការណ៍​ទាំងនេះ មានឈ្មោះ​ជា ភាសាបាលី​ថា «​ឱវាទ​បាដិមោក្ខ​»​។ បាដិមោក្ខ ជា​ឈ្មោះ​បាលី​ពុទ្ធ​ប្បញ្ញត្តិ ដែល​ជា​សិក្ខាបទ​មួយៗ សម្រាប់​ឲ្យ​ភិក្ខុ​សូត្រ ក្នុង​ទីប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ ៖ ឧទាហរណ៍​រៀន​បាដិមោក្ខ​, សម្ដែង​បាតិមោក្ខ​ជាដើម ដែល​ពុទ្ធសាសនិកជន​ម្មាក់ៗ ត្រូវ​យក​មក​សិក្សា ឲ្យ​យល់ដឹង និង​អនុវត្ត ។ ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ នៃ​យើង​ទ្រង់​ប្រទាន​ឱវាទ​បាដិមោក្ខ ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុ​វ័ន ដែល​ជា​វត្ត​ដំបូងបង្អស់ ក្នុង​ព្រះពុទ្ធសាសនា​ក្នុង​ថ្ងៃ​នោះ មាន​ហេតុការណ៍​សំខាន់​៤​យ៉ាង​កើតឡើង គឺ ៖
១៖ ព្រះសង្ឃ​សមណៈ​ទូត ១,២៥០​អង្គ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បញ្ជូន​ទៅកាន់​តំបន់​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​គោល​ធម៌​បាន​វិលត្រឡប់  មក​ចូល​គាល់ ព្រះអង្គ​វិញ​យ៉ាង ព្រមព្រៀងគ្នា (​សព្វេ ខី​ណាសវា​)​។​
២៖ ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជា​ឯ​ហិ​ភិក្ខុ​ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស ឲ្យ​ដោយ​ផ្ទាល់​ដែល ហៅថា ឯ​ហិ​ភិក្ខុ​ឧបសម្បទា​(​សព្វេ ឯ​ហិ​ភិក្ខុកា​) ។​
៣៖ ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជា​ព្រះអរហន្ត​បាន​អភិ​ញ្ញា ៦ គឺ សម្តែងឫទ្ធិ​បាន​,​ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, កំណត់​ដឹងចិត្ត​អ្នកដទៃ​, បាន​រលឹកជាតិ​បាន និង​អស់​អាសវៈ​មក​ជួប​ប្រជុំ​គ្នា​ក្នុង​វត្ត​វេឡុវ័ន ដោយ​មិន​បាន ណាត់​មត់​ទុកជាមុន (​សព្វេ អ​និមន្តិ​តា​) ។​
៤៖ ថ្ងៃ​ដែល​ព្រះសង្ឃ​ទាំងអស់​ជួបប្រជុំ​គ្នា​នោះ​ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី​ខែមាឃ (​មាឃ​នក្ខត្តេ បុណ្ណ​ចន្ទោ​)​។​

​ហេតុការណ៍​ជួបប្រជុំគ្នា​ខាងលើនេះ ហៅ​ម្យ៉ាងទៀត​ថា​ចតុរង្គសន្និបាត​គឺ កិច្ចប្រជុំ​ប្រកបដោយ​អង្គ​៤​។  ចតុរង្គសន្និបាត​នេះ ប្រារព្ធ​ធ្វើ​នៅក្នុង​វត្ត​វេឡុវ័ន​ក្នុង​ក្រុង​រាជគ្រឹះ​នៃ​មគធរដ្ឋ​របស់​ព្រះបាទ​ពិម្ពិសារ​ក្រោយ​ពី​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិ​ញាណ​កន្លង​ហើយ​បាន ៩​ខែ គឺ មុន ព​.​ស​.៤៥​ឆ្នាំ​។​

​មូលហេតុ​សំខាន់​ដែល ព្រះសង្ឃ​សមណៈ​ទូត​ទាំង​នោះ មក​ជួប​ប្រជុំ​គ្នា​ក្នុង​វត្ត​វេឡុវ័ន​នោះ ព្រោះ​ថ្ងៃពេញបូណ៌មី ខែមាឃ​នោះ ត្រូវ​នឹង​ថ្ងៃ​សិវរាត្រី​របស់​សាសនាព្រាហ្មណ៍ ក្នុង​ថ្ងៃ​សិវរាត្រី​នេះ សាសនិក​ព្រាហ្មណ៍  តែង​ប្រារព្ធ​ពិធី​លាងជម្រះ​បាប បូជា​ព្រះ​សិវៈ​ព្រោះហេតុនោះ​ព្រះសង្ឃ​ទាំងនោះ​ទើប​ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះ បរម​សាស្តា​ដែល​ទ្រង់​ធ្វើ​ពុទ្ធដំណើរ​ចេញពី​ល្អាង​សុករ​ខា​តា​មក​គង់​ប្រថាប់ នៅក្នុង​វត្ត​វេឡុ​វ័ន សូមជម្រាបថា ព្រះសង្ឃ​ដែល​ធ្វើដំណើរ​ទៅ​ផ្សព្វផ្សាយ​ពុទ្ធធម៌​នោះ មិនមែន​ធ្វើ​ដំណើរ​ទៅ​ព្រម​គ្នា​ទាំង ១,២៥០ អង្គ​នោះ​ទេ ប៉ុន្តែ​ធ្វើដំណើរ​ទៅ​តែ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ មានន័យ​ថា ធ្វើដំណើរ​ទៅ​ដាច់ដោយឡែក​ពីគ្នា ការ​ដែល​ព្រះសង្ឃ​អង្គ​នីមួយៗ ធ្វើដំណើរ​ទៅ​វត្ត​វេឡុវ័ន​ដោយ​មិន បាន​ណាត់​ទុកជា​មុន​ដូចជា​ណាត់​តាម​ទូរស័ព្ទ ឬ ឥន្ធើ​ណិ​ត​ជា​ដើម ទើប​ចាត់​ជា​ហេតុការណ៍​អស្ចារ្យ​។​

​តើ​ព្រះសង្ឃ​ទាំង​១,២៥០​អង្គ​នោះ​ចេញមក​ពី​ប្រភព​ណាខ្លះ​? ប្រភព​នៃ​ព្រះសង្ឃ​ទាំង ១,២៥០​អង្គ​នោះ​គឺ​៖
​ក ៖ សិស្សគណ​របស់​ព្រះ​ឧរុ​វេលក​ស្សបៈ​ចំនួន​៥០០​អង្គ​
​ខ ៖ សិស្សគណ​របស់​ព្រះ​នទី​ក​ស្សបៈ​ចំនួន​៣០០​អង្គ​
​គ ៖ សិស្សគណ​របស់​ព្រះ​គយាក​ស្សបៈ​ចំនួន​២០០​អង្គ​
​ឃ ៖ សិស្សគណ​របស់​ព្រះ​សារីបុត្រ​និង​ព្រះ​មោគ្គល្លាន​ចំនួន​២៥០​អង្គ​។​
​សរុប​ព្រះសង្ឃ​ទាំងអស់​១,២៥០​អង្គ​ដោយ​មិន​រាប់​បញ្ចូល​ព្រះ​ឧរុ​វេលក​ស្សបៈ​,​ព្រះ​នទី​ក​ស្សបៈ​, ព្រះ​គយាក​ស្សបៈ​, ព្រះ​សារីបុត្រ និង​ព្រះ​មោគ្គល្លាន​នោះទេ​បើ​រាប់​បញ្ចូល​៥​អង្គ​នេះ​ទៀត​បាន​ជា​១,២៥៥ អង្គ ។ ព្រោះ​អច្ឆរិយហេតុ​កើតឡើង ដោយ​មិន​នឹកស្មាន​ដល់​បែបនេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ទើប​ទ្រង់​ឆ្លៀត​ឱកាស​នោះ​សម្តែង​ឱវាទ​បាដិមោក្ខ​ដល់​ព្រះសង្ឃ​ចំនួន​១,២៥០​អង្គ​នោះ​ដោយ​ទ្រង់​កំណត់​គោលនយោបាយ ក្នុង​ការផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​៥​ចំណុច​គឺ​៖
​ក​៖ ឧត្តមគតិ​បានដ​ល់ អំណត់​អត់ធ្មត់​ចាត់​ជា​ការតស៊ូ​យ៉ាងសិ្វត​ស្វាញ​(​អភ័យ​ទាន​ផ្នែក​នយោបាយ​)​។​
​ខ​៖ គោលបំណង​បាន​ដល់ ព្រះ​និព្វាន​ចាត់​ជា​គោលបំណង​ខ្ពង់ខ្ពស់​របស់​ព្រះពុទ្ធសាសនា (​សាធារណៈ​ប្រយោជន៍​)​។​
​គ​៖ វិធី​បដិបត្តិ​បាន​ដល់ មិន​រំលោភ​សិទ្ធិមនុស្ស​និង​សត្វ (​សិទ្ធិមនុស្ស​)​។​
​ឃ​៖ គោលការណ៍​មាន ៣​ចំណុច​គឺ​៖
* មិន​ធ្វើ​អំពើ​អាក្រក់​ទាំងពួង (​សន្តិសុខ​)
* ធ្វើ​អំពើ​ល្អ​ឲ្យដល់​ព្រម (​ប្រយោជន៍​សង្គម​)
* ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូរផង់​(​អត្តា​ភិ​វឌ្ឍន៍​)​។​ង​៖ វិធីសាស្ត្រ មាន​៦​ចំណុច​គឺ​៖
* មិន​បរិហារកេរ្តិ៍​បុគ្គល​ណា​(​វចី​សុចរិត​=​សណ្ហ​វាចា​,​សច្ច​វាចា​,​អបិ​សុណ​វាចា​,​មន្តា​វាចា​;​ឃោសនា​ការ​)
* មិន​ធ្វើទុក្ខបុកម្នេញ​បុគ្គល​ណា (​អហិង្សា ឬ សន្តិវិធី​)
* គោរព​ក្រមសីលធម៌ (​ចរិយា​សាស្ត្រ​)
* ស្គាល់ប្រមាណ​ក្នុង​អាហារ (​សេដ្ឋកិច្ច​)
* អង្គុយ​ឬ​សិង​ក្នុង​ទី​ស្ងាត់ (​នគរូបនីយកម្ម​)
* ប្រកប​ព្យាយាម​ក្នុង​អធិចិត្ត (​សិក្សាធិការ​)​។​ទាំង​៥​ចំណុច​ខាងលើ​នេះ​ចាត់​ជា​គោលនយោបាយ​របស់​ព្រះពុទ្ធសាសនា​។​

​ថ្ងៃ​មាឃបូជា​ចាត់​ជា​ថ្ងៃ​ព្រះធម៌​, ថ្ងៃ​វិសាខបូជា​ចាត់​ជា​ថ្ងៃ​ព្រះពុទ្ធ​, ថ្ងៃ​អាសាឡ្ហបូ​ជា​ចាត់​ជា​ថ្ងៃ​ព្រះសង្ឃ ។
​តើ​ប្រារព្ធ​ពិធី​មាឃបូជា​បាន​ប្រយោជន៍​អ្វីខ្លះ ?
​ប្រយោជន៍​នៃ​ថ្ងៃ​មាឃបូជា​គឺ​៖
១ ៖ ពុទ្ធសាសនិកជន​បាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ​ដល់​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ​។​
២ ៖ យល់ដឹង​គោល​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា ។​
៣ ៖ បណ្តុះ​សទ្ធា​ជ្រះថ្លា​កាន់តែ​ភិយ្យោភាព​ឡើង​ក្នុង​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​។​
៤ ៖ បាន​បដិបត្តិ​តួនាទី​របស់​ពុទ្ធសាសនិក​ជន ក្នុង​ថ្ងៃ​មាឃបូជា​នេះ​។​
៥ ៖ បាន​ជួយ​ជ្រោមជ្រែង​ព្រះ​ពុទ្ធសាសនាឲ្យ​ស្ថិតស្ថេរ​ចេរកាល​យូរអង្វែង​។​ថ្ងៃ​មាឃបូជា​ចាត់​ជា​គ្រឿង​ពិសោធ និង​វាស់វែង​គុណភាព​នៃ​ពុទ្ធសាសនិកជន​ឲ្យឃើញ​ថា​បុគ្គល​ណា​ជា​ពុទ្ធសាសនិកជន​សកម្ម​ឬ​អសកម្ម​នៅ​ថ្ងៃ​នេះ​ឯង ប្រៀប​ដូច​ជា​កញ្ចក់​ឆ្លុះ​បំភ្លឺ​មុខ​ដូច្នោះ ។ ព្រោះហេតុនោះ បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិកជន ហើយ​មិន​ត្រូវ​វ្ហោះវ្ហើយ កន្តើយ​នឹង​កាតព្វកិច្ច​របស់​ខ្លួន​នោះ​ទេ ត្រូវ​ព្យាយាម​លើកស្ទួយ​ឋានៈ​ពុទ្ធសាសនិកជន​របស់​ខ្លួន​ឲ្យ សកម្ម​ឡើង​ការធ្វើដំណើរ​ទៅកាន់​វត្ត ឬ មណ្ឌល​ពុទ្ធ សាសនា​មិនមែន​ជា​ការងារ​ធ្ងន់ធ្ងរ​ឡើយ ។ ផ្ទុយទៅវិញ ជា​ការជួយ​លើកស្ទួយ​គុណភាព​ជីវិត ផ្នែក​ចិត្ត​វិញ្ញាណ​របស់​ខ្លួន ឲ្យ​ប្រសើរ​ឡើង​តាម​គោលការ​ណ៍​ចំណុច​ទី ២ ថា ធ្វើ​អំពើ​ល្អ​ឲ្យដល់​ព្រម ពោល​គឺ​បណ្តុះ​ចិត្ត​ឲ្យ​ស្ថិត​ក្នុង​បុណ្យ​កុសល​នោះឯង​។​

​សង្ឃឹម​ថា​យើង​ម្នាក់ៗ​អាច​ទាញយក​ប្រយោជន៍​បាន​ខ្លះ ពី​ថៃ្ង​មាឃបូជា​នេះ អញ្ជើញ​នាំគ្នា​ធ្វើបុណ្យ​ទាន រក្សាសីល និង​សមាធិ​សម្អាតចិត្ត​របស់​ខ្លួន​ក្នុងថៃ្ងនេះ ដើម្បី​បូជា និង​រំលឹក​ចំពោះ​គុណ ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត​ព្រះពុទ្ធសាសនា សម្រាប់​ជា​មាគ៌‌ា​ជីវិត​ដល់​ពួកយើង​ទាំងអស់គ្នា​៕

​លោក ហុក វិបុល ព័ត៌មាន សង្គម​-​វប្បធម៌​-​ទេសចរណ៍​

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 8660 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.