ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជា អធិបតីក្នុងពិធីចុះហត្ថលេខាអនុគម្រោងសាងសង់ប្រព័ន្ធបណ្តាញលូក្រុងបាត់ដំបង នៃគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចក្រុងរបៀងខាងត្បូង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួង សាធារណការ និងដឹកជញ្ជូន តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និង តំណាងក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ផងដែរ។
អនុគម្រោងនេះផ្តោតលើការងារ សាងសង់ប្រព័ន្ធបណ្តាញលូ នៅក្រុងបាត់ដំបង ផ្នែកខាងកើត ប្រវែងសរុបប្រមាណ១៥គីឡូម៉ែត្រ សាងសង់ ដោយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd ក្នុងតម្លៃទឹកប្រាក់ នៃកិច្ចសន្យាប្រមាណ ៩.៣៦៨. ៩៤៣.០៣ដុល្លារអាមេរិក ដើម្បីរំដោះទឹក ភ្លៀង ពីផ្នែកខាងកើតក្រុងបាត់ដំបង ស្ថិតក្នុងសង្កាត់រតនៈ និងសង្កាត់ព្រែកព្រះស្តេច ដើម្បី បញ្ចៀសការជន់លេចជារៀងរាល់ឆ្នាំ ក៏ដូចជា ដើម្បីការពារតំបន់ទាំងនេះពីការខូចខាតទ្រព្យសម្បត្តិ និងការប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារ អភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ប្រាក់កម្ចីសម្បទានសម្រាប់ការអនុវត្តអនុគម្រោងនេះ និងបាន ណែនាំឲ្យក្រុមហ៊ុន សាងសង់ ត្រូវអនុវត្តតាម សៀវភៅបន្ទុក ធ្វើឲ្យមានប្រសិទ្ធ ភាព ធ្វើឲ្យទាន់ពេល វេលា និងគុណភាពល្អ សម្រាប់ប្រជាពលរដ្ឋទូទៅប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍអាស៊ីបានផ្តល់ ថវិកាប្រមាណ ៣៧ លានដុល្លារអាមេរិក សម្រាប់គម្រោងក្នុងអនុតំបន់ (កម្ពុជា-វៀតណាម-ឡាវ) ដោយផ្តោតលើក្រុង ចំនួន ៤ របស់ប្រទេសកម្ពុជា រួមមាន ក្រុងប៉ោយប៉ែត ក្រុងបាត់ដំបង ទីប្រជុំជនអ្នកលឿង និងក្រុងបាវិត៕