ព័ត៌មាន​លម្អិត​លើ​ករណី​ស្ត្រី​ខឹង​ប្តី បែរ​ជា​ជ្រុល​សម្លាប់​កូនប្រុស​ខ្លួនឯង​ទាំង​ពីរ​នាក់​

កំពត ៖ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​នាំ​ស្ត្រី​ដែល​សម្លាប់​កូន​ខ្លួនឯង​ពី​មន្ទីរពេទ្យ​ខេត្ត​តាកែវ មក​ឲ្យ​ក្រុម​គ្រូពេទ្យ​ខេត្ត​កំពត​ជួយ​សង្គ្រោះ​ឲ្យ​ធូរស្រាល​រួចមក កម្លាំង​សមត្ថកិច្ច​ជំនាញ​ខេត្តកំពត ក៏​បាន​បញ្ជូន​ខ្លួន​ស្ត្រី​សង្ស័យ​មក​សាកសួរ​លម្អិត​ដើម្បី​រៀបចំ​ឯកសារ​បញ្ជូនទៅ​កាន់​សាលាដំបូង​។​

​បើ​តាម​ស្ត្រី​សង្ស័យ​ខាងលើ មានឈ្មោះ ផុន សុខ​ហេង ហៅ​ប៉ាក សុខ​ហេង អាយុ​២៧​ឆ្នាំ មុខរបរ​លក់​ថ្នាំបុរាណ មាន​ទីលំនៅ​ក្នុង​ភូមិ​ក្តី ឃុំ​សឹង្ហ ស្រុក​សំរោង ខេត្តតាកែវ បាន​សារភាព​ថា ការឈាន​ដល់​សម្លាប់​កូនប្រុស​តូចៗ​ពីរ​នាក់​របស់​ខ្លួន​នេះ ដោយសារ​ខឹង​ប្តី​មាន​ស្រី​ក្បត់​នឹង​ខ្លួន ហើយ​ចុងក្រោយ​នេះ ប្តី​នាង​បាន​ជ្រើស​យក​ស្រី​ក្រោយ​យក​ធ្វើជា​ប្រពន្ធ ដោយ​មាន​បំណង​បោះបង់​នាង និង​កូនប្រុស​ទាំង​ពីរ​នាក់​នេះ ទុក​ឲ្យ​នាង​ចិញ្ចឹម​តែម្នាក់ឯង ទើប​នៅ​ថ្ងៃ​យប់​ថ្ងៃទី​២៨​ខែ​មករា ឆ្នាំ​២០១៨ នាង​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ម៉ូតូ​សេ​១២៥​មួយ​គ្រឿង​ដោយ​បាន​ដឹក​កូនប្រុស​ទាំង​ពីរ មក​ស្នាក់​នៅ​ផ្ទះសំណាក់​យីហោ​”​សុខ​មនោ​រម្យ​”​ស្ថិតក្នុង​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​ស្ត្រី​សង្ស័យ​បាន​បន្តថា លុះដល់​យប់​ថ្ងៃ​ទី​២៩​ខែ​មករា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​២០​យប់​ខ្លួន​ក៏​បាន​ទៅ​ទិញ​ថ្នាំ​ងងុយដេក​ចំនួន​៤​បន្ទះ​យក​មក​បន្ទប់ដេក ហើយ​ឲ្យ​កូនប្រុស​ទាំង​ពីរ​លេប​អស់​២​បន្ទះ លុះ​មកដល់​ម៉ោង​៦​ព្រឹក ថ្ងៃទី​៣០​ខែ​មករា ឆ្នាំ​២០១៨​ទើប​ដឹងថា​កូន​ទាំង​២​ស្លាប់បាត់​ទៅ​ហើយ រួច​គេ​ក៏​យក​ថ្នាំ​ដែល​នៅសល់​២​បន្ទះ​ទៀត​នោះ មក​លេប​ទាំងអស់​តែម្តង ដោយសារ​ខ្លាច​មិន​ស្លាប់​គេ​ក៏​លេបថ្នាំ​បុរាណ​អស់​៦០​គ្រាប់​បន្ថែមទៀត ហើយ​តេ​ទូរស័ព្ទ​ប្រាប់ប្តី​ថា​កូន​របស់​យើង​ទាំង​ពីរ​នាក់​ស្លាប់​ហើយ​គឺ​នៅក្នុង​ផ្ទះសំណាក់​”​សុខ​មនោ​រម្យ​”​ក្នុង​ស្រុក​អង្គរជ័យ​។​

​ជុំវិញ​ករណី​ស្ត្រី​ជា​ម្តាយ​សម្លាប់​កូនប្រុស​បង្កើត​ពីរ​នាក់​និង​ប៉ង​ធ្វើអត្តឃាត​តាម​ក្រោយ​នោះ បច្ចុប្បន្ន សមត្ថកិច្ច​បាន​បំពេញ​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា ស្ត្រី​ជា​ម្តាយ​ចិត្ត​មា ឈ្មោះ ប៉ាក សុខ​ហេង អាយុ​២៧​ឆ្នាំ ដែល​បាន​សម្លាប់​កូនប្រុស​បង្កើត​ពីរ​នាក់ ទី​១-​ឈ្មោះ សុវណ្ណ មិ អាយុ​៨​ឆ្នាំ ទី​២-​ឈ្មោះ សុវណ្ណ វិមាន អាយុ​ជាង​៣​ឆ្នាំ ដោយ​ប្រើ​ថ្នាំ​ងងុយដេក រួច​ប៉ង​បញ្ចប់​ជីវិត​តាម​ក្រោយ​មិន​បាន​សម្រេច​នេះ បន្ទាប់ពី​បង្ក​ភាពចលាចល​ក្នុង​ផ្ទះសំណាក់​យីហោ “​សុខ​មនោ​រម្យ​”​ក្នុង​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត នោះ​បងប្អូន​ស្ត្រី​សង្ស័យ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​តាកែវ ប៉ុន្តែ​ដោយសារ​ករណី​នេះ​កើតឡើង​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​កំពត ទើប​សមត្ថកិច្ច​សុំ​ឲ្យ​បញ្ជូន​ស្ត្រី​ចិត្ត​មា​មក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​វិញ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!