ពានរង្វាន់ ជ័យលាភី​ទាំង​៣​របស់​ខេត្ត​កែប ជា​គោលដៅ​ដ៏​ចម្បង​សម្រាប់​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ កាន់តែ​មាន​សក្តានុពល​ខ្លាំងក្លា​

កែប ៖ ពានរង្វាន់ ជ័យលាភី ដែល​ខេត្ត​កែប ទទួលបាន​ផ្ទួនៗ​គ្នា​ជា​បន្តបន្ទាប់​នោះ គឺជា​កត្តា​មួយ​ជំរុញ​ឲ្យ​ខេត្តដ៏​តូច​ច្រឡឹង​មួយ​នេះ​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍  កាន់តែ​មាន​ភាពល្បីល្បាញ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

​យ៉ាងណាមិញ​ពានរង្វាន់ ជ័យលាភី​ដែល​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កែប ធ្វើ​ពិធី​អបអរសាទរ​និង​ដង្ហែ​នៅ​រសៀល​ថ្ងៃទី​២៨​ខែ​មករា ឆ្នាំ​២០១៨​នេះ គឺជា​ពានរង្វាន់​និង​ជ័យលាភី​ទាំង​បី​ដែល​ខេត្ត​កែប​បាន​ទទួល​ក្នុង​ពេល​ថ្មីៗ​និង​នា​ពេលកន្លងមក ដូចជា​(១)​ពានរង្វាន់ ជ័យលាភី រំដួល​បី​ទង ដែលជា​ពាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា (២)​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​អាស៊ាន គឺ​ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត ដែល​ទទួល​មក​ពី​ប្រទេស​ប្រ៊ុយណេ (៣)​ពានរង្វាន់ ជ័យលាភី ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​ទើបតែ​ទទួល​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៦​ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​ជាមួយនេះដែរ លោក​សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បានឲ្យដឹងថា ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដែល​មាន​កម្ពុជា ជា​ប្រទេស​នាំមុខ​ក្នុង​ការរៀបចំ ត្រូវបាន​អនុម័ត​ជា​ផ្លូវការ​ជា​ថ្មី​ម្តងទៀត រួម​ជាមួយ​ស្តង់ដា​ទេសចរណ៍​ដទៃ​ទៀត​របស់​អាស៊ាន ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ATF២០១៥ ដែល​ប្រព្រឹត្ត​ទៅ កាលពី​ខែ​មករា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ណៃ​ពិដោរ សាធារណៈរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​លោក​ថា​៖​ស្តង់ដារ​នេះ​នឹងចូលរួម​ជំរុញ​ឲ្យ​តំបន់​ទាំងមូល​ទទួល​បាន​ការ​ពេញចិត្ត​កាន់តែខ្លាំង ពី​សំណាក់​ភ្ញៀវទេសចរ ទៅលើ​គុណភាព សេវាកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់ ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជាជន​ក្នុង​ទីក្រុង ធានា​ដល់​ការអភិវឌ្ឍ​ទូលំទូលាយ​ប្រកបដោយ​និរន្តរភាព​សម្រាប់​ទីក្រុង​ក្នុង​តំបន់ ព្រមទាំង​បង្កើត​សមត្ថភាព​របស់​តំបន់​ក្នុង​ការឆ្លើយតប​ទៅនឹង​បញ្ហា​បំរែបំរួល​អាកាសធាតុ ។​

​លើសពី​នេះ​ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ត្រូវបាន​រៀបចំ​ផ្អែកលើ​គំរូ និង​បទពិសោធន៍​នៃ​ស្តង់ដា​ទីក្រុង​ស្អាត​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​សូចនាករ​គោល​ចំនួន​៧ សូចនាករ​លំអិត ២៨ និង​លក្ខណៈ​វិនិច្ឆ័យ​១០៨​។​

​ក្នុងនោះ​ក្រុង ខណ្ឌ​បេក្ខភាព​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ទេសចរណ៍​បានអនុញ្ញាត​ឲ្យ​ខេត្ត រាជធានី​ចំនួន​៧​ចូលរួម​ប្រឡងប្រណាំង​រួមមាន​៖ រាជធានី​ភ្នំពេញ ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ ខេត្ត​បាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​កំពង់ចាម ។​

​ចំណែក​ជ័យលាភី​ផ្ការំដួល​បី​ទង​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​កម្ពុជា​លើក​ទី​២ នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខនេះ ហើយ​សង្ឃឹមថា ខេត្ត​កែប​យើង​នឹង​ទទួលបាន​ពានរង្វាន់ ជ័យលាភី​នេះ​ជា​បន្តបន្ទាប់​ទៀត​។​

​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បានបញ្ជាក់​ថា​៖ នេះ​ជា​ពានរង្វាន់​ថ្មី​ដែល​ខេត្ត​កែប​ទើបនឹង​បាន​ទទួល​កាលពី​ថ្ងៃ​ទី​២៦​ខែ​មករា ឆ្នាំ​២០១៨​នៅ​ទីក្រុង​ឈៀង​ម៉ៃ ប្រទេស​ថៃ គឺ​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ។​

​នេះ​ជា​កិតិ្ត​យសសម្រាប់​ខេត្ត​កែប សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ទាំង​អាជីវករ ទាំង​ប្រតិ​ប​តិ្តក​រ ទាំង​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រមណីយដ្ឋាន ក៏​ដូចជា​អ្នក​ផ្តល់​សេវា​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល សម្រាប់​ជា​ការទាក់ទាញ​ទេសចរណ៍ ទាំង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ក៏ដូចជា​នៅ​ក្នុង​តំបន់​ប្រទេស​អាស៊ាន​ទាំង​១០ ហើយ​យើង​ដឹង​ស្រាប់​ហើយ​ថា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​នេះ គឺ​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង​៦០០​លាន​នាក់ ។​

​ហើយ​នេះ​ជា​ធនធាន​មួយ​អាច​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរណ៍ តាមរយៈ​ប្រជាជន​តាម​តំបន់​ឲ្យបាន​យល់ បាន​ដឹង​និង​បាន​ចូល​មក​ទស្សនា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង ពិសេស​ខេត្ត​កែប​តែម្តង និង​ជា​ឱកាស​មួយ​សម្រាប់​ឲ្យ​បងប្អូ​នងាយ​ស្រូួ​លចាប់​យក​មុខរបរ បង្កើតឡើង​នូវ​សេវាកម្ម ការផ្តល់​នូវ​ផលិតផល​ទេសចរណ៍ ជូន​ដល់​ភ្ញៀវ​ទេសចរណ៍ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​សម្តេច​តេជោ ហ៊ុន សែន បាន​កំណត់​ថា នឹង​ធ្វើឲ្យ​ប្រទេស​យើង​ក្លាយជា​ប្រទេស​នាំចេញ​នៅនឹងកន្លែង ។​

​បានន័យថា ផលិតផល​ដែល​ធ្វើ​បាន​មិន​ចាំបាច់​នាំចេញ​ទៅ​លក់​ក្រៅប្រទេស​នោះទេ គឺ​តាមរយៈ​អ្នក​ទេសចរណ៍​នេះ​គឺ​មក​ទិញ​ដល់​ប្រទេស​យើង​តែម្តង ។ ដូច្នេះ​យើង​ត្រូវ​ចូលរួម​ថែរក្សា​ពានរង្វាន់​នេះ​ឲ្យបាន​ស្ថិតស្ថេរ ដោយ​សហការ​គ្នារ​ក្សាប​រិ​ស្ថាន​ឲ្យបាន​ស្អាត ឲ្យមាន​សោភណ្ឌភាព​ស្រស់បំព្រង​គ្រប់​ទីកន្លែង​ទូទាំង​តំបន់​ទេសចរណ៍​របស់​យើង ដើម្បី​ឲ្យស្រប​នឹង​ប្រធានបទ ឆ្នេរសមុទ្រ​បៃតង “​អនាគត គឺ​បច្ចុប្បន្ន​”​តាម​ទិស​ស្លោក និរន្តរភាព​ទេសចរណ៍ គឺជា​ការអភិវឌ្ឍន៍​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!