គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៨

នា​រសៀល​ថ្ងៃ​សុក្រ ១០ កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ឯកឧត្តម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ។​

​ថ្លែង​បើក​កិច្ចប្រជុំ ឯកឧត្តម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មាន​ប្រសាសន៍​លើកឡើងថា សាខា​កាកបាទក្រហមកម្ពុជា ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ច​ការងារ​សង្គម ជា​ពិសេស​ការងារ​ជួយសង្គ្រោះ និង​សម្រាល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ដូចជា ជន​ចាស់ជរា​គ្មាន​ទីពឹង កុមារកំព្រា អ្នក​ផ្ទុកមេរោគ​អេដស៍ គ្រោះមហន្តរាយ​ខ្យល់​កន្ត្រាក់ និង​ភ្លើង​ឆេះ​ផ្ទះ​ជាដើម ។ ក្នុងនោះ​រយៈពេល​ពេញ​០១​ឆ្នាំ កាកបាទក្រហមកម្ពុជា​ខេត្ត សម្រេចបាន​លទ្ធផល​ក្នុង​ការជួយ​សង្គ្រោះ​សំខាន់ៗ​ដូចជា ផ្តល់​អំណោយ​មនុស្សធម៌​ដល់​គ្រួសារ​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ចំនួន ១៥ គ្រួសារ គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់  ៤៥​គ្រួសារ គ្រួសារ​រងគ្រោះ​ដោយ​រន្ទះបាញ់ ០៤ គ្រួសារ ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ០២ គ្រួសារ កសាង​អណ្តូង​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៣៤ អណ្តូង បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​ជន​ចាស់ជរា កុមា​កំព្រា ស្ត្រី​មេម៉ាយ ជនពិការ ក្រីក្រ​ចំនួន ៥១០ គ្រួសារ ។​

​ទន្ទឹមនឹងនោះ ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ស្នើ​ឲ្យ​គណៈកម្មាធិការ សាខា អនុសាខា​ទាំងអស់ យកចិត្តទុកដាក់​ពង្រឹង​លើ​វិស័យ​ស្នូល​ទាំង​បួន របស់​កាកបាទក្រហម​កម្ពុជា ទី​១ ការឆ្លើយតប​គ្រោះមហន្តរាយ ទី​២ ការងារ​សុខ​ភាព និង​ការថែទាំ​សុខភាព​សហគមន៍ ទី​៣ ការងារ​លើកកម្ពស់​គោលការណ៍​គ្រឹះ និង​តំលៃ​មនុស្សធម៌ និង​ទី​៤ ការងារ​អភិវឌ្ឍន៍​ស្ថាប័ន និង​ធនធាន ដើម្បី​សម្រេចបាន​នូវ​ការងារ​ជា​អាទិភាព​របស់​ខ្លួន នៅក្នុង​សកម្មភាព​មនុស្សធម៌ ។​
​ដោយ អ៊ុង  សេង​

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 6895 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.