សន្និបាត​បូកសរុប​ការងារ​ដំណាច់ឆ្នាំ​សិក្សា​២០១៦-២០១៧​និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​សិក្សា​២០១៧-២០១៨​នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​

កំពត ៖ វិស័យ​អប់រំ យុវជន​និង​កីឡា គឺជា​វិស័យ​អាទិភាព​ក្នុង​ចំណោម​ វិស័យ​អាទិភាព​នានា​នៃ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន​។​

​នេះ​ជា​ការលើកឡើង​របស់​ ​លោក ​ស៊ឹម វុទ្ធា ​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ថ្លែង​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​បើក​សន្និបាត​បូកសរុប​និង​វាយតម្លៃ​ការងារ​អប់រំ យុវជន​និង​កីឡា​ខេត្តកំពត​ដំណាច់​ឆ្នាំ​សិក្សា​២០១៦-
២០១៧ និង​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​សិក្សា​២០១៧-២០១៨ ដែល​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកំពត បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​មាឃ​ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​ថ្ងៃ​ទី​២៥​ខែ​មករា ឆ្នាំ​២០១៨​។​

​លោក ស៊ឹម វុទ្ធា​បាន​បន្ត​លើកឡើង​ទៀត​ថា វិស័យ​អប់រំ​តែង​បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការកសាង​ធនធានមនុស្ស សម្រាប់​ការអភិវឌ្ឍ​សង្គមជាតិ​និង​កាត់បន្ថយ​ភាពក្រីក្រ​។  លោក​អភិបាលរង​ខេត្ត ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​សហការី នៃ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​ទាំងអស់ រួម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ស្ថាប័ន អង្គភាព ពាក់ព័ន្ធ សហគមន៍ សប្បុរសជន មាតាបិតា​សិស្ស ដៃគូ​អភិវឌ្ឍ​ជាតិ អន្តរជាតិ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​រួមចំណែក​គាំទ្រ​គ្រប់បែបយ៉ាង​ក្នុង​ភារកិច្ច​អប់រំ​សម្រាប់​ទាំងអស់គ្នា​។​ផ្ដើម​ចេញ​សកម្មភាព​ទាំងអស់នេះ បាន​ធ្វើឲ្យ​វិស័យ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​ទទួលបាន​សមិទ្ធិផល​ជោគជ័យ​ថ្មីៗ​ស្របតាម​ទិសដៅ​ឆ្នាំ​សិក្សា​២០១៦-២០១៧​កន្លងទៅ និង​បាន​ធ្វើឲ្យ​មាន​ការប្រែប្រួល​ទាំង​បរិមា​ណ​និង​គុណភាព ឆ្លើយតប​បាន​តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០១៤-២០១៨​។​

​លោក ស៊ឹម វុទ្ធា​ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​អប់រំ​ទាំងអស់​ត្រូវ​ពង្រឹង​វិន័យ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ពិសេស​សម្រាប់​គ្រូបង្រៀន ដែលជា​អ្នក​ផ្ទេរ​ឬ​ផ្ដល់​ចំណេះដឹង​ដល់​សិស្សានុសិស្ស​។ និង​ក៏​បាន​ផ្ដាំផ្ញើ​ដល់​អង្គសន្និបាត​ទាំងមូល ក្នុង​រយៈពេល ពីរ​ថ្ងៃ​នេះ ត្រូវ​រួមគ្នា​រកឲ្យឃើញ​នូវ​មេរៀន​ពិសោធន៍ថ្មីៗ បញ្ហា​ប្រឈម​នានា ដំណោះស្រាយ​បែប​វិជ្ជមាន វិធីសាស្ត្រ​ល្អៗ ជា​គន្លឹះ​បន្ថែមទៀត​និង​ប្រមូលផ្ដុំ​ចំណុច​សេសសល់​ដើម្បី​កែលម្អរ​កសាង​និង​អភិវឌ្ឍន៍ វិស័យ​អប់រំ​ក្នុង​ខេត្ត​កំពត​ឲ្យបាន​កាន់តែ​ទទួល​លទ្ធផល​ប្រែប្រួ​លទាំង​បរិមាណ​និង​គុណភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ​ថែមទៀត​។

​សូមបញ្ជាក់​ថា​៖ យោងតាម​របាយការណ៍​របស់ លោក​តាក ហាប់​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​បានឲ្យ​ដឹង​នៅ​ក្នុង​អង្គសន្និបាត​នេះ​ថា​៖​វិស័យ​អប់រំ​នៅក្នុង​ខេត្ត​កំពត​ជា​បន្តបន្ទាប់​មាន​ការប្រែប្រួល​រីកចម្រើន​គ្រប់​ក​ម្រឹត​។ ក្នុងនោះ​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​(​បាក់​ឌុប​)​ឆ្នាំ​២០១៧​កន្លងទៅ​មាន​បេក្ខជន​មក​ប្រឡង​សរុប​៥០៦៤​នាក់ ក្នុងនោះ​មាន​ស្រី​២៣៦៣​នាក់​។ និង​បាន​ប្រឡង​ជាប់​សរុប​ចំនួន​៣៤៧៥​នាក់ ក្នុងនោះ​ស្រី​ចំនួន​១៦៥០​នាក់ ។​ចំណែក​លទ្ធផល​និទ្ទេស​A ២១​នាក់ B១០៣​នាក់ C២៥៧​នាក់ D៥២៥​នាក់ និង​និទ្ទេស​E២៥៦៣​នាក់ ដោយ​ចំនួន​នេះ​ជា​តួលេខ​របស់​បេក្ខជន​ដែល​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6759 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.