អ្នកប្រើប្រាស់​ទោចក្រយានយន្ត​ក្នុង​ក្រុង​បាន​លុង ប្តេជ្ញា​ថា​នឹង​ពាក់មួក​សុវត្ថិភាព​អោយបាន​ត្រឹមត្រូវ ក្នុង​ពេល​បើកបរ​នៅលើ​ដងផ្លូវ

ខេត្ត​រតនគិរី ៖ លោក ថេង អ៊ុង មាន​អាយុ ៣៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី បានធ្វើការ​ប្តេជ្ញា​ថា នឹងចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​ខ្ជាប់ខ្ជួន ដោយ​ទោចក្រយានយន្ត​ត្រូវ​បំពាក់​កញ្ចក់ និង​ពេល​បើកបរ ត្រូវ​ពាក់​មួកសុវត្ថិភាព​អោយបាន​ត្រឹមត្រូវ រួម​ទាំង​ការបើកបរ​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​អោយ​គ្នា​ទៅវិញទៅមក ។​

​ការប្តេជ្ញា​ដូចនេះ​របស់លោក ថេង អ៊ុង គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​រូបលោក​បាន​ល្មើស​ហ្នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ពុំ​បាន​ពាក់មួក​សុវត្ថិភាព ក្នុងពេល​ដែល​កំពុង​បើក​បរ ហើយ​ត្រូវ​សមត្ថកិច្ច​នាំយក​ទោចក្រយានយន្ត​ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន ១​ថ្ងៃ ដោយ​តម្រូវអោយ​ធ្វើ​កិច្ចសន្យា​យក​វិញ​នា​ព្រឹក​ថ្ងៃ​ពុធ​៨​កើត​ខែ​មាឃ​ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃទី​២៤ ខែ​មករា​ឆ្នាំ​២០១៨​ដោយ​ពុំ​មាន​ការបង់​ថវិកា​នោះ​។​

​ដោយឡែក អ្នកប្រើប្រាស់​ទោចក្រយានយន្ត ក្នុង​ក្រុង​បាន​លុង ២​នាក់​ដទៃ​ផ្សេង​ទៀត​ដែរ ក៏​បាន​ធ្វើ​ការប្តេជ្ញា​ប្រហាក់ប្រហែលគ្នា​ផងដែរ​។​

​ទាក់ទង​ទៅនឹង​ការ​សំណូមពរ​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក មឿង សារិទ្ធ ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី បានអោយដឹងថា ចាប់ពី​ថ្ងៃស្អែក​ទី​២៥ ខែ​មករា​នេះ​ទៅ រូបលោក នឹង​ដាក់​កម្លាំង​សមត្ថកិច្ច​នគរបាល​ច​រាចរ​ណ៍ អោយ​បន្ត​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​អនុវត្តន៍​នៅ​ទីតាំង​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង និង​ជាពិសេស​គឺ​អនុវត្តន៍​ចំពោះ​កងកម្លាំង​ទាំង ៣ ក្នុង​ខេត្ត​មុនគេ ដើម្បី​ត្រួតពិនិត្យ ថា​តើ​កងកម្លាំង​ក្នុង​ខេត្ត​ទាំងអស់ ដែល​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ បាន​ចូលរួម​អនុវត្តន៍​ច្បាប់​ហើយ​រឺ​នៅ ។​

​គួរបញ្ជាក់​ថា កាល​ថ្ងៃទី​២៣ ខែ​មករា​ម្សិលមិញ​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តរតនគិរី បាន​បើក​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នា​ថ្ងៃ​ដំបូង បាន​រកឃើញ​ទោចក្រយានយន្ត​ល្មើសច្បាប់​ចំនួន ៩៧ គ្រឿង ក្នុង​នោះ​អ្នក​អត់​ពាក់​មួកសុវត្ថិភាព​ចំនួន ១០៥ នាក់ និង​ទោចក្រយានយន្ត​ពុំ​មាន​បំពាក់​កញ្ចក់​ចំនួន ២៦ គ្រឿង រួម​ទាំង​អ្នកបើកបរ​ទោចក្រយានយន្ត​បញ្ច្រាសទិស​ចំនួន ២​គ្រឿង​ផង​ដែរ ។​

​ហើយ​ទោចក្រយានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង ៩៧ នោះ គឺ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន ១​ថ្ងៃ ដើម្បី​អោយ​ម្ចាស់​យានយន្ត​ធ្វើ​កិច្ចសន្យា ដោយ​តម្រូវអោយ​បំពាក់​កញ្ចក់ និង​មួកសុវត្ថិភាព​ឡើងវិញ នៅពេល​រៀងរាល់​ធ្វើដំណើរ​លើ​ដងផ្លូវ ហើយ​ការឃាត់​នេះដែរ គឺ​ពុំ​តម្រូវអោយ​មាន​ការបង់​ថវិកា​នោះ​ទេ ៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 6876 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.