​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០១៦-២០១៧​និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៨​នៅ​ខេត្ត​កែប​

​កែប ៖ នៅ​រសៀល​ថ្ងៃ​៧​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៨ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​វាយតម្លៃ​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០១៦.២០១៧ និង​លើក​ទិសដៅ​ឆ្នាំ​សិក្សា​២០១៧.២០១៨​។ ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​កែប ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក ស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត លោកស្រី​អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រី​ក្នុង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ជាច្រើន​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប បានឲ្យដឹងថា​៖ សន្និបាត​អប់រំ​នៅ​ឆ្នាំ​នេះ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ដោយ​បាន​រៀបចំ​ឡើង​នៅ​សាលប្រជុំ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​១៦៩​នាក់ ជា​បុគ្គលិក​អប់រំ​គ្រប់​ជាន់ថ្នាក់ គណៈ​អភិបាលក្រុង​/​ស្រុក ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដៃគូ​អភិវឌ្ឍ ហើយ​បាន​ប្រារព្វ​ពិធី​បើក​ដោយ​មន្ទីរ​អប់រំ យុវជន​និង​កីឡា ក្នុង​គោលបំណង​ពិនិត្យ​ឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​/​អនុ​កម្មវិធី សូចនាករ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​របស់​ខេត្ត ធៀប​ទៅនឹង​ចំណុច​ដៅ​ប្រចាំ​ឆ្នាំ​ដែល​បានកំណត់ ពិនិត្យ​ឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ទិសដៅ​សន្និបាត ធៀប​នឹង​ទិសដៅ​ដែល​បានកំណត់​ក្នុង​សន្និបាត​កន្លងមក​។​ពិនិត្យ​ឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ​២០១៧ ធៀប​ទៅនឹង​ផែនការ​ដែល​បានកំណត់ និង​ពិនិត្យ​ឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​ការបំពេញ​ការងា​រលើ​គ្រប់​អនុវិស័យ​ដោយ​ធ្វើការ​វិភាគ​សី​ុ​ជម្រៅ​លើ​មូលហេតុ​នៃ​ការបំពេញ​ការងារ​ដែល​សម្រេចបាន និង​មិន​សម្រេច​ក្នុង​ឆ្នាំ​កន្លងមក​។​ពិនិត្យ​ឡើងវិញ​អំពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី កំណែទម្រង់​១៥​ចំណុច និង​ផ្តល់​អនុសាសន៍​គន្លឹះ​សម្រាប់​ការរៀបចំ​ផែនការ​ប្រតិ​ប​តិ្ត​ប្រចាំឆ្នាំ​២០១៩ សម្រាប់​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​នាពេលនេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកឡើង​ថា​៖ ក្នុងនាម​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់ ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា ថ្នាក់​ដឹកនាំ​ដ៏​ទៃ​ទៀត​នៃ​ក្រសួង​អប់រំ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ឧបត្ថម្ភ គាំទ្រ​ទាំង​ស្មារតី សម្ភារៈ និង​ថវិកា ដល់​ការងារ​អប់រំ​យុវជន និង​កីឡា​នៅ​ខេត្ត​កែប រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ ។ ម្យ៉ាង​ទៀត​យើង​មាន​មោទនភាព និង​គោរព​ដឹងគុណ​ដ៏​ជ្រៀលជ្រៅ​បំផុត ចំពោះ​សមិទ្ធផល​ជាប្រ​វតិ្ត​សាស្ត្រ​ទាំងឡាយ​ដែល សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ទាំងចាស់ ទាំង​បន្ថែម​ថ្មី​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងពេលដែល​សម្តេច​បា​ន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី ១​ខ្នង កម្ពស់ ០៣​ជាន់​ស្មើនឹង​១៨​បន្ទប់ រួមជាមួយ​នឹង​សមិទ្ធផល​មួយចំនួន​ធំ​ទៀត​របស់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន​សែន ចរិយា​វង្ស ព្រមទាំង​អនុសាសន៍​ដ៏​មាន​តម្លៃ​បំផុត​ឲ្យធ្វើ​ការសិក្សា​បង្កើត​គ្រឹះ​ស្ដា​ន​ឧត្តមសិក្សា​ថ្មីស្រឡាង​នៅលើ​ទឹកដី​ខេត្ត​កែប កន្លងមក​ថ្មីៗ​នេះ​។​លោក​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា​៖ ផ្អែក​លើ​គោលនយោបាយ​ជាតិ និង​យុទ្ធសាស្ត្រ​កំណែទម្រង់​សី​ុ​ជម្រៅ​របស់​រាជរដ្ឋាភិបាល ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ “​មាគ៌ា​ឆ្ពោះទៅ​កាន់​សង្គម​ពុទ្ធិ​និង​វិបុលភាព​”​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១៣ ហើយ​បាន​ពិនិត្យមើល​ឡើងវិញ និង​ធ្វើ​បច្ចុប្បន្នភាព​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​២០១៤-២០១៨ ដោយ​បាន​ធ្វើ​ការកែសម្រួល​គោលនយោបាយ​ផ្តោតទៅលើ​៖ (១)​ធានា​ឲ្យបាន​គុណភាព​ប្រកបដោយស​ម​ធម៌ បរិយាប័​ន្ន និង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា (២)​ធានា​ភាព​ស័ក្តិសិទ្ធិ​នៃ​ភាពជា​អ្នកដឹកនាំ និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំដាប់ថ្នាក់​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា​៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល​បានធ្វើការ​កំណែទម្រង់​គោលនយោបាយ​គ្រូបង្រៀន ដោយ​បាន​បង្កើន​ប្រាក់​បៀរ​វត្ស​គ្រូបង្រៀន លើកកម្ពស់​ឋានៈ និង​តម្លៃ​របស់​គ្រូបង្រៀន តាមរយៈ​ការលើកកម្ពស់​ជីវភាព តម្លៃ​វិជ្ជាជីវៈ ហើយ​មក​ដល់​ពេល​នេះ​ប្រាក់​បៀរ​វត្ស​របស់​គ្រូបង្រៀន​កើន​រហូត​ដល់ ៩៥០.០០០​រៀល​ហើយ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!