លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កំពត​

កំពត ៖ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា​៖ បើទោះបី​ខេត្ត​កំពត​បច្ចុប្បន្ន​នេះ មាន​សន្ទុះ​នៃ​ភាព​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​បម្រើ​បាន​នូវ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ល្អ​ប្រសើរ​ក៏​ពិតមែន ប៉ុន្តែ​អាជ្ញាធរខេត្ត​យើង​ក៏​នៅ​តែ​ត្រូវ​បន្ដ​ខិតខំ​ធ្វើ​ការអភិវឌ្ឍន៍​អោយបាន​កាន់តែ​រីកចម្រើន​បន្ត​ថែមទៀត ដើម្បី​អោយ​ឆ្លើយតបបាន​ស្រប​ទៅតាម​មហិច្ឆិតា​នៃ​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេជោ​ហ៊ុន  សែន​ជា​ប្រមុខ ដឹកនាំ​ប្រទេស​។​ពោល​គឺ​ផ្ដោតលើ​ការអភិវឌ្ឍន៍ ផ្លូវ ភ្លើង ទឹក និង​មនុស្ស ដែល​ជា​ការងារ​អាទិភាព​។​

​លោក ជាវ តា​យ បាន​មានប្រសាសន៍​បែបនេះ​នៅក្នុង ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​មករា ឆ្នាំ​២០១៨ ដែល​មាន​ការចូលរួម​ពី​លោក​-​លោកស្រី​ជា​អភិបាលរង​ខេត្ត​និង​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត​។​

​លោក អភិបាល​ខេត្ត​ក៏​លើកឡើង​បន្ត​ទៀត​ថា​៖ ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​រួម​សហការ​គ្នា​ជា​កម្លាំង​សរុប វិធានការ សរុប​ក្នុង​ការដឹកនាំ​គ្រប់គ្រង​កិច្ចការរដ្ឋបាល​ដែនដី  ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌  នៅក្នុង​ក្របខណ្ឌ​នៃ​ភូមិសាស្ត្រ​ខេត្ត​កំពត ដែល​ជា​ខេត្ត​មួយ​មាន​សក្ដានុពល ទាំង​វិស័យ​សេដ្ឋកិច្ច​និង​ទេសចរណ៍​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ស្តីពី​ច្បាប់ លិខិត​បទដ្ឋាន​ផ្សេងៗ​។​

​លោក ជាវ តា​យ ក៏​បាន​សំណូមពរ​ឲ្យ​អភិបាលរងខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត​ទាំងអស់​ត្រូវ​បន្ត​ជំរុញ​បំពេញ​មុខងារ និង​ទទួលខុសត្រូវ ស្រប​ទៅ​តាម​លំដាប់​ឋានានុក្រម​និង​អនុវត្ត​តួនាទី​ភារកិច្ច​ដែល​បាន​បែងចែក​ដោយ​ទទួលខុសត្រូវ​អំពី​ការសម្រេច និង​សកម្មភាព​នានា​ក្នុងគណៈ​អភិបាលខេត្ត​ផងដែរ​។​

​សូមជម្រាបថា​៖​កិច្ចប្រជុំ គណៈ​អភិបាលខេត្ត​កំពត នាពេលនេះ បាន​ឆ្លង​និង​ផ្ដោត​នូវ​របៀបវារៈ លើ​កិច្ច​ផ្ដល់យោបល់​អំពី​របាយការណ៍​ស្ដីពី​វឌ្ឍនភាព នៃ​ការបំពេញ​តួនាទី ភារកិច្ច បញ្ហា​ប្រឈម និង​សំណូមពរ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ដែល​អង្គប្រជុំ​បាន​ពិភាក្សា​ផ្ដល់យោបល់​លើ​របាយការណ៍​រដ្ឋបាល​ខេត្ត​ដែល​មាន​១៩​ទំព័រ ព្រម​ទាំង​លើ​ការបែងចែក តួនាទី​ភារកិច្ច​និង​របៀបរបប​ធ្វើ​ការងារ​របស់​គណៈ​អភិបាលខេត្ត និង​ការផ្ដល់​ឯកសណ្ឋាន​ការងារ​សម្រាប់​មន្ត្រី​រដ្ឋបាល​ខេត្ត​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 6602 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.