​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​កម្លាំង​រុះរើ​សំណង់​នៅ​តំបន់​បឹង​តា​មោគ​

ប្រតិបត្តិការ​ចុះ​រុះរើ​ផ្ទះ​សាងសង់​យ៉ាង​អនាធិបតេយ្យ ដឹកនាំ​ដោយ​លោក សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ព្រែក​ព្នៅ និង​លោក ជា ខេ​មា អភិបាលរងខណ្ឌ ព្រមទាំង​មាន​ការចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​, កម្លាំង នគរបាល មន្ត្រីសង្កាត់ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ជាច្រើន​នាក់​ទៀត​ផង​ដែរ ។

​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​រុះរើ​ផ្ទះ​អនាធិបតេយ្យ និង​បោះ​ព្រំ​លើ​ផ្ទៃ​បឹង សាងសង់​លើ​បឹង​តា​មោគ​ដើម្បី​យក​ធ្វើ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ជាច្រើន​គ្រួសារ ជា​លើក​ទី​២ ដែល​ប្រជាពលរដ្ឋ​បាន​សុំ​រុះរើ​ដោយ​ខ្លួនឯង តែ​មកដល់​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០១៨ នេះ មិន​មាន​ការរុះរើ​តាម​ការសន្យា​នោះឡើយ ស្ថិតក្នុង​សង្កាត់​ព្រែក​ព្នៅ និង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។​

​លោក​អភិបាលខណ្ឌ សុខ សម្បត្តិ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឱ្យដឹងថា បន្ទាប់ពី​យើង​ទុកពេល​ឱ្យ​ប្រជាពលរដ្ឋ​ដែល សង់ផ្ទះ​អនាធិបតេយ្យ​លើ​ផ្ទៃ​បឹង​តា​មោគ​រុះរើ​ផ្ទះ​ដោយ​ខ្លួនឯង រយៈពេល​២​ថ្ងៃ​មក​នោះ គិត​មកដល់ពេលនេះ គឺ​រយៈពេល ១៤​ថ្ងៃ​ហើយ ហើយ​ពួកគាត់​ទាំងនោះ មិន​បាន​រុះរើ​តាម​ការសន្យា​នោះទេ ហើយ​នៅ​ថ្ងៃទី ១៨ ខែ​មករា នេះ រដ្ឋបាល​ខណ្ឌ ព្រែក​ព្នៅ បាន​ចុះ​រុះរើ​តែម្តង លែង​ទុកពេល​ឱ្យ​ពួកគាត់​ទៀតហើយ ។​

​លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ការចុះ​រុះរើ​ផងដែរ លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ចម្រុះ​កាត់​ទម្លាក់​ទឹក​ចោល​បើ​ផ្ទះ​ណា​មិន​ព្រម រុះរើ​ដោយ​ខ្លួនឯង​ទេ​នោះ ចំណែក​ស៊ង​ចិញ្ចឹម​ត្រី​ទុក​រយៈពេល​ឱ្យ​ពួកគាត់ ៤​ខែ ត្រូវ​យក​ត្រី​ចេញ​ឱ្យ​អស់​ហើយ​រុះរើ​ដោយ​ខ្លួន ឯង បើ​មិន​ធ្វើ​តាម​ការសន្យា​ទេនោះ រដ្ឋបាល​ខណ្ឌ​នឹង​ចុះ​រុះរើ​បន្តទៀត ហើយ​បើ​មិន​មាន​ការខូចខាត ឬ​បាត់បង់​សាលាខណ្ឌ មិន​ទទួលខុសត្រូវ​ឡើយ ។​

​ក្នុង​នោះ​ផង​ដែរ លោក​អភិបាលខណ្ឌ​ព្រែក​ព្នៅ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត កុំ​ព្យាយាម​បោះ​តំរុយ​ក្នុង បឹង​តា​មោគ​យក​ធ្វើជា​កម្មសិទ្ធិ​ទៀត​អី ព្រោះ​បឹង​តា​មោគ​នេះ កាលពីដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅនេះ រាជរដ្ឋាភិបាល កម្ពុជា​បាន​ចេញ​អនុក្រឹត្យ ស្តីពី​ការកំណត់​ផ្ទៃ​បឹង​តា​មោគ ឬ​បឹង​កប់​ស្រូវ ដែល​មាន​ក្រឡា​ផ្ទៃ​បឹង​មាន​ទំហំ ៣២៣៩,៧​ហិកតា ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ជា​សាធារណៈ​របស់​រដ្ឋ មិន​ត្រូវ​ឱ្យមាន​ជន​ណា​ម្នាក់​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បានឡើយ ។​

​លោក​បញ្ជាក់ថា តាម​ដំណឹង​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​ដែល​មក​សង់ផ្ទះ​អនាធិបតេយ្យ​នៅលើ​បឹង​តា​មោគ​នេះ គឺ​មាន​អ្នក​ឋានន្តរស័ក្តិ​នៅ​ពីក្រោយ​ហើយ​លោក​នឹង​ធ្វើ​ការស្រាវជ្រាវ​ការងារ​នេះ​បន្ថែមទៀត ដូច្នេះ​លោក​ក៏​សូម​ធ្វើការ​អំពាវ នាវ​បន្ថែម​ទៀត​ផង​ដែរ សុំ​ឱ្យ​បងប្អូន​ទាំង​នោះ​កុំ​លូក​ដៃ​ហើយ​យល់ថា នេះ​ជា​ដី​របស់​រដ្ឋ​អាច​ធ្វើ​អាជីវកម្ម​ក្នុង​កម្រិត​មួយ គឺ​ដាក់មង​ចងសន្ទូច​តាម​លក្ខណៈ​គ្រួសារ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​មាន​សំណង់ សង់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ​ទេ ទាំងនេះ គឺជា​ជំហរ​របស់​គណៈ​បញ្ជាកា​រខ​ណ្ឌ ក៏ដូចជា គណៈ​បញ្ជាការ​រាជធានី​ភ្នំពេញ ។ ក្នុង​ករណី​បើ​នៅតែ​មាន​អ្នក​ទន្ទ្រាន យក​ធ្វើជា​កម្មសិទ្ធិ​ទៀត​នោះ លោក​នឹង​មាន​វិធានការ​តាម​ច្បាប់​ហើយ ។​

​គួរបញ្ជាក់​ថា ក្នុង​ការចុះ​រុះរើ​នេះ​ប្រជាពលរដ្ឋ​មួយចំនួន​ក៏​ចាប់ផ្តើម​រុះរើ​ដោយ​ខ្លួនឯង ប្រមាណ​ជា ២០​ផ្ទះ ចំណែក មួយចំនួន​ទៀត​មិន​បាន​រុះរើ​រដ្ឋបាល​ខណ្ឌ​បាន​កាត់​ផ្តួលរំលំ​ចោល​តែ​ម្តង ៕

 

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 8750 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.