សម្តេច​តេជោ ហ៊ុន សែន ក្រើនរំលឹក​ម្តងទៀត អ្នកសារព័ត៌មាន​កុំ​ដើរតួ​ជា​ចៅក្រម​កាត់ក្តី

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​ក្រើនរំលឹក​ជា​ថ្មី​ម្តងទៀត ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំ​ឱ្យ​តាំងខ្លួន​ជា​ចៅក្រម​កាត់ក្តី ដែល​ខុស​នឹង​វិជ្ជាជីវៈ សារព័ត៌មាន​ឱ្យសោះ​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា អ្នកសារព័ត៌មាន​ត្រូវតែ​និយាយ​ការពិត ហើយ​មិន​គួរ​ធ្វើការ​សន្និដ្ឋាន​បែប​ចៅក្រម​នោះទេ​។​

​ការ​ក្រើនរំលឹក​ជា​ថ្មី​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុង​ជំនួប​លើក​ទី​២ ជាមួយនឹង​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​មកពី​ស្ថាប័ន​នានា​ប្រមាណ​៣៤០០​នាក់ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វី​ដែល​ខ្ញុំ​នៅតែ​បន្ត​រំលឹក​ដាស់តឿន សារព័ត៌មាន​កុំ​ធ្វើ​ជា​ចៅក្រម​កាត់សេចក្តី​ឱ្យសោះ​។ ចំណុច​នេះ​ឆ្នាំទៅ​ខ្ញុំ​ក៏​បាន​រំលឹក ប៉ុន្តែ​ខ្ញុំ​បាន​មើលឃើញ​នូវ​ការអត្ថាធិប្បាយ​របស់​ស្ថានីយ៍​ទូរទស្សន៍​ខ្លះ និង​វិទ្យុ​ខ្លះ ហាក់ដូចជា​បាន និង​កំពុង​ដើរតួនាទី​ខុសពី​ទម្រង់​អ្នកសារព័ត៌មាន ឬ​អ្នក​ធ្វើ​អត្ថាធិប្បាយ រហូតដល់​ធ្វើការ​សន្និដ្ឋាន​តាមបែប​ចៅក្រម​កាត់សេចក្តី​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា កន្លងទៅនេះ សម្តេច​បាន​សង្កេតឃើញ​មាន​អ្នក​ធ្វើ​អត្ថាធិប្បាយ​នៅ​ទូរទស្សន៍​មួយចំនួន បាន​បន្ត​ធ្វើ​ការកាត់ក្តី ដែល​ប្រៀប​ដូច​ខ្លួនឯង​ជា​ចៅក្រម ហើយ​ការ​កាត់សេចក្តី​របស់​អ្នកសារព័ត៌មាន​នេះ ជួន​កាន់​មាន​លក្ខណៈ​លម្អៀងរ​វាង​ទំនាស់​បុគ្គល​ម្នាក់ និង​បុគ្គល​ម្នាក់ទៀត ខណៈ​តុលាការ​មិន​ទាន់​សម្រេច​យ៉ាងណា នៅឡើយ​ទេ​។​

​សម្តេច​តេជោ បាន​ស្នើ​ឱ្យ​ម្ចាស់​ទូរទស្សន៍​ទាំងអស់​ពិនិត្យមើល​បុគ្គលិក​របស់​ខ្លួន​ឡើងវិញ ដើម្បី​ចៀសវាង​នូវ​ការ​ដើរតួ​ជំនួស​ចៅក្រម​បែបនេះ​។ ជាមួយគ្នា​នេះ​សម្តេច​ក៏​ស្នើ​ឱ្យ​អ្នកសារព័ត៌មាន​ទាំងនោះ ត្រូវ​កែ​ខ្លួន​ឡើង​វិញ​ផង​ដែរ​៕

Filed in: ភ្នំពេញ

Recent Posts

Bookmark and Promote!

© 7062 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.