​មេជាង​សំណង់​ម្នាក់​បាន​ស្លាប់​គួរឲ្យ​សោកស្តាយ​ដោយសារត​ភ្លើង​ប្រើ​ម៉ូទ័រ​ស្វានបេតុង​

​កំពត ៖ មេជាង​សំណង់​ម្នាក់​ខណៈ​ត​ភ្លើង​សម្រាប់​ភ្ជាប់​ម៉ូទ័រ​ស្វានបេតុង ស្រាប់តែ​ត្រូវ​ខ្សែភ្លើង​ឆ្លង​ឆក់​បណ្តាលឲ្យ​ជន​រងគ្រោះ​ដួល​ដាច់​ផ្ងា​រមុត​នឹង​ដែកថ្នាំងអំពៅ​បណ្តុះ​សសរ​បេតុង​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៣៥​នាទី​ល្ងាច ថ្ងៃទី​១៦​ខែ​មករា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វស្រុក​ទឹកឈូ ខេត្ត​កំពត​។​ចំពោះ​ករណី​នេះ បន្ទាប់ពី​មាន​ហេតុការណ៍​កើតឡើង​ភ្លាមៗ​ក្រុមគ្រួសារ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ដែរ តែ​ត្រូវ​ពេទ្យ​អះអាងថា ជនរងគ្រោះ​បាន​ស្លាប់​តាំងពី​នៅ​កន្លែងកើតហេតុ​ម្លេះ​។​

​ជនរងគ្រោះ ដែល​ស្លាប់​ក្នុង​ករណី​ខាងលើ មាន​ឈ្មោះ​ខេង សុខ​គីន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មេជាង​សំណង់ រស់នៅ​ក្នុងភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត ដែល​មាន​ចំងាយ​ពី​កន្លែងកើតហេតុ​ប្រមាណ​៣០០​ម៉ែត្រ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ អេ​ន ធា អាយុ​២៧​ឆ្នាំ​ដែល​ជា​ម្ចាស់ផ្ទះ​កើតហេតុ​បានឲ្យដឹងថា មុនពេល​កើត​គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ ជនរងគ្រោះ​បាន​យក​រ៉ូឡូ​ខ្សែភ្លើង​មក​ត​ខ្សែ​បន្ថែមទៀត​ដើម្បី​ឲ្យ​វែង​បន្តិច​ងាយស្រួល​យក​ចរន្ត​ភ្លើង​ប្រើប្រាស់​និង​ងាយស្រួល​ដោ​ត ភ្ជាប់​នឹង​ម៉ូទ័រ​ស្មាន​ដើម្បី​ស្មាន​បុក​ទម្លុះ​បេតុង​ក្នុង​គោលបំណង​ចង​ដែក​ចាក់​ក្រវាត់​សង់ផ្ទះ​នេះ​។​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ទៀត​ថា ខណៈពេល​កំពុង​តែ​ត​ភ្ជាប់​ចរន្ត​នោះ ទំនង​ជា​ជនរងគ្រោះ​ភ្លេច​ដក​ឌុយ​ចេញ​ពីព្រី​ភ្លើង ទើប​ពេល​កំពុងត​ភ្ជាប់​ក៏​ប៉ះ​នឹង​មុខតំណរ​ខ្សែភ្លើង​នោះ បណ្តាល​ឲ្យ​ឆក់​រួច​ដួល​ទៅលើ​ចំរឹង​ដែកស​សៃ​ថ្នាំងអំពៅ​ដែល​បណ្តុះ​ចេញ​ពី​បេតុង​សម្រាប់​ចាក់​ក្រវាត់​គ្រឹះ​ជើង​សសរ បណ្តាល​ឲ្យ​មុត​ចូល​តាម​ឆ្អឹងជំនី​ជម្រៅ​ប្រហែល​ជាង​មួយ​ចំអាម​។​ឃើញ​សភាព​បែប​នេះ​គាត់​ក៏​ស្រែក​ហៅ​ក្រុម​គ្រួសារ​ជ​រងគ្រោះ​មក​ជួយ​បញ្ជូន​បុរសរងគ្រោះ​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវបាន​គ្រូពេទ្យ​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ ។​

​ស្ត្រី​ម្ចាស់ផ្ទះ​បានបញ្ជាក់​ថា ករណី​នេះ​កើតឡើង​ដោយសារ​ជនរងគ្រោះ​មាន​ការធ្វេសប្រហែស គឺ​ពេល​យក​រ៉ូឡូ​ភ្លើង​មក​ត​ខ្សែ បន្ថែម​មិនបាន​ដក​ឌុយ​ចេញ​ពីព្រី​ភ្លើង​ឡើយ ទើប​មាន​រឿង​អកុសល​កើតឡើង​បែបនេះ​។​

​ដោយឡែក បើ​តាម​ប្រភព​ពី​សាច់ញាតិ​បានឲ្យដឹងថា មេជាង​សំណង់​ជា​ជនរងគ្រោះ បាន​ទទួល​ម៉ៅការ​សង់​លំនៅដ្ឋាន​ឲ្យ​អ្នកភូមិនៅ​កន្លែងកើតហេតុ និង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​មាន​ច្រើន​កន្លែង​ណាស់ ប៉ុន្តែ​សំណង់​ខ្លះ​ជិត​បាន រួចរាល់​នៅ​ឡើយ ចំណែក​សំណង់​ដែល​ជា​កន្លែងកើតហេតុ ទើបតែ​សង់​បាន​ត្រឹម​ផ្នែក​ខាងក្រោម​ប៉ុណ្ណោះ ។ ពោល​គឺ​បាន​ចាក់​ក្រវាត់​និង​បណ្តុះ​ដែក​ជើង​សសរ​នៅឡើយ តែ​ពេល​នេះ អ្នកម៉ៅការ​បែរជា​ស្លាប់​គួរឲ្យ​សោកស្តាយ​បំផុត​។​

​នេះ​ជា​ការ​ធ្វេសប្រហែស​មួយ ហើយ​ក៏​ចាត់ទុកជា​មេរៀន​សម្រាប់​អ្នក​មាន​មុខរបរ​ធ្វើ​ជា​ជាងសំណង់​ដែល​បច្ចុប្បន្ន​ភាគច្រើន​ប្រើ​ឧបករណ៍​-​សម្ភារៈ​ដោយ​ប្រព័ន្ធ (AC) ចរន្ត​អគ្គិសនី ជាពិសេស ជាងផ្សារដែក​ក៏ដូចជា​អ្នក​ធ្វើ​អាវ​កម្ម ដែល​ប្រើប្រាស់​ចរន្ត​ភ្លើង​ទាំងអស់​ផងដែរ ចូរ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត នៅពេល​ភ្ជាប់​ថាមពល​ចរន្តអគ្គិសនី​ប្រើប្រាស់​ប្រចាំថ្ងៃ​គួរ​បិទ​បារ៉ែត​ឲ្យបាន​ត្រឹមត្រូវ​មុន​នឹង​យក​ដៃ​ទៅ​ប៉ះពាល់​។​យក​ល្អ​គួរ​កុំ​ប្រើ​ខ្សែភ្លើង​ចាស់ៗ​គ្មា​នគុភាព ឬ​ខ្សែភ្លើង​មាន​មុខតំណរ ប្រយ័ត្ន​មានរឿង​គួរឲ្យ​សោកស្តាយ​ដូច​ករណី​ខាងលើ​នេះ​។​

​បច្ចុប្បន្ន សព​បុរស​រងគ្រោះ​ត្រូវបាន​ក្រុម​គ្រួសារ​កំពុង​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​លំនៅឋាន ៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!