​ក្នុង​ឆ្នាំ​២០១៧​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​មាន​សន្ទុះ​ជាង​ឆ្នាំ​មុន ឯការ​ចរាចរ​ទំនិញ​មាន​សភាព​ធម្មតា​

កំពត ៖ ទិដ្ឋភាព​នៅ​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ស្ថិតក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​ខេត្ត​កំពត នៅតែ​មាន​សភាព​អ៊ូអរ​ដូច​មុនៗ អ្នករ​កសី​ុ​ដឹក​ទំនិញ​ដោះដូរ ជា​លក្ខណៈ​គ្រួសារ​នៅតែ​បន្ត​អាជីព​ដឹកជញ្ជូន​ទៅមក​ដូច​ធម្មតា​។​ចំណែក​ក្រុម​អ្នក​ទេសចរណ៍​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ចេញ​ចូល​តាម​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក គឺ​មាន​សន្ទុះ​ជាង​ឆ្នាំមុន​។​

​បើ​តាម​សមត្ថកិច្ច​ជំនាញ​នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​ខាងលើ​បានឲ្យដឹងថា ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កន្លងមក​តែងតែ​មាន​ក្រុម​ទេសចរណ៍​ខ្មែរ​និង​ជនបរទេស​ឆ្លងកាត់​បន្តបន្ទាប់ បន្តែ​ពុំ​មាន​គ្រប់​ពេលវេលា​នោះ​ទេ ហើយ​ថ្ងៃ​ដែល​សំបូរ​មនុស្ស​ឆ្លងកាត់ ភាគច្រើន​ជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ ពិសេស​ចំ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​តែម្តង​។​

​លោក​វរសេនីយ៍ឯក ឈួ នូ​សុខ​ប៉ោ នាយរង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បានឲ្យដឹងថា​៖ បច្ចុប្បន្ន​ច្រកទ្វារ​មួយ​នេះ ភាគច្រើន​មាន​នាំចូល​ទំនិញ​ច្រើន​ប្រភេទ​មក​ពី​ប្រទេស​វៀតណាម ដូចជា​៖ មី​កញ្ចប់ ត្រីខកំប៉ុង ទឹក​ផ្លែឈើ ប្រេង​ឆា ទឹក​ត្រចៀកកាំ ទឹក​ផ្លែឈើ កៅអី​ជ័រ ថង់​ប្លា​ស្ចិ​ក ទឹក​សៀង ផល​នេសាទ​សមុទ្រ ជាដើម​។​ចំពោះ​ទំនិញ​នាំចូល​ភាគច្រើន​មាន អង្ករ ផល​នេសាទ និង​ផ្លែស្វាយ ជាដើម​។​ល​។​
​លោក​នាយ​រង​បានបញ្ជាក់​ថា ជា​ទូទៅ​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក មាន​ការត្រួតពិនិត្យ​ដោយ​ហ្មត់ចត់​ពី​មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​នៅ​ទីនោះ ដូចជា​ស្ថាប័នគយ កាំកុងត្រូល និង​មន្ត្រី​សាលាខេត្ត​ផងដែរ​។​

​ដោយឡែក លោក​វរសេនីយ៍ឯក ជុំ ប៊ុណ្ណ​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​ប្រាប់ កម្ពុជា​ថ្មី ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែ​មករា ឆ្នាំ​២០១៨​ថា​៖  ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ ភ្ញៀវ​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​មាន​ចំនួន​សរុប ១៨៣.០៤៣​នាក់ ស្រី​មាន​ចំនួន​ឭ ៨២.៤៨៦​នាក់ ប្រុស​ចំនួន​១០០.៥៥៧​នាក់ ក្នុងនោះ ភ្ញៀវ​បរទេស​មាន​ចំនួន ១៤២.២៤៤​នាក់ ជនជាតិ​ខ្មែរ​ចំនួន​៤០.៧៩៩​នាក់​។​ដោយឡែក​អ្នកដំណើរ​ចេញ​និង​ចូល​កា​សី​ុ​ណូ ដែល​ជា​សញ្ជាតិ​វៀតណាម​មាន​ចំនួន​សរុប​១០១.៥៨៣​នាក់​។​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​មធ្យោបាយ​៖​រថយន្ត​ទេសចរណ៍​ចូល​មាន​ចំនួន​៤៨២​គ្រឿង រថយន្ត​ទេសចរណ៍​ចេញ​ចំនួន​៣៨៦​គ្រឿង​។​តួលេខ​នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​គឺ​មាន​កំណើន​ប្រហែល​២០​ភាគរយ​ឯណោះ​។​

​ជាមួយនេះដែរ លោក​ជុំ ប៊ុណ្ណ​រ័ត្ន ក៏​បានឲ្យដឹងថា បច្ចុប្បន្ន​កម្លាំង​ក្នុង​អង្គភាព​របស់​លោក​ខិតខំ​អនុវត្ត​តាម​ភារកិច្ច​របស់​ថ្នាក់លើ និង​ពង្រឹង​សុវត្ថិភាព​នៅ​តំបន់​ច្រកទ្វារព្រំដែន មិនឲ្យ​មាន​បទល្មើស​កើតឡើង​នោះ​ទេ​។​ទន្ទឹមនឹងនេះ អង្គភាព​របស់​លោក​បាន​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការយ៉ាង​ស្អិតរមួត​រវាង​សម​ត្ថ​កិច្ច​នៃ​ប្រទេស​ទាំង​ពីរ ៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!