លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​បញ្ជា​ឲ្យ​ស្ទូច​ម៉ូតូ​ដែល​ដាក់​ផ្ញើ​នៅ​ទីស្នាក់ការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ដែល​ផ្គើន​ទៅ​នឹង​ការណែនាំ​របស់​សាលាក្រុង​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៥​ខែ​មករា​ឆ្នាំ​២០១៨​នេះ លោក​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់​មក​ពី​អង្គភាព​ផ្សេងៗ​គ្នា​បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​។​

​ក្នុងនោះ​លោក​អភិបាលក្រុង​បាន​បញ្ជា​ដោយផ្ទាល់​ឲ្យ​កាត់​ស្លាក​យីហោ របស់​អាជីវករ ដែល​ដាក់​លើ​ចិញ្ចើមផ្លូវ​ដែល​មិន​ព្រម​រុះរើ​ចេញ​តាម​ការណែនាំ​របស់​អភិបាលក្រុង​កន្លង​ទៅ​នោះ​ទេ ។

​ទន្ទឹម​នោះ លោក​អភិបាលក្រុង​បាន​ធ្វើ​ការរៀបចំ​នូវ​ក្រុម​អ្នករត់ម៉ូតូឌុប​ដែល​ចត​យ៉ាង​អនាធិបតេយ្យ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឲ្យមាន​ការចតជា​ជួរនិង​មាន​សណ្ដាប់ធ្លាប់​ល្អ ដើម្បី​អោយ​ភ្ញៀវ​ទេសចរ​ចេញ​ចូល​ដោយ​ងាយស្រួល ។ ក្នុងនោះ​លោក​អភិបាលក្រុង​បាន​មានប្រសាសន៍ថា ៖ ចំពោះ​ម៉ូតូ​ឌុប​ណា​មិន​ស្ដាប់​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ទេនោះ លោក​នឹង​មាន​វិធានការ​ដោយ​ចាប់យក​។​

​លោក​បន្តថា ៖ បើ​យើង​មិន​ធ្វើ​ដូច្នោះ​ទេ ការផ្សព្វផ្សាយ​របស់​យើង​កន្លងទៅ វា​គ្មាន​ន័យ​អ្វី​ទាំង​អស់​អញ្ចឹង ភាព​រញ៉េរញ៉ៃ​នៅតែ​មាន​បន្ត​រហូត​ដល់​ទីបញ្ចប់ ដូច្នេះ​ហើយ​យើង​ត្រូវតែ​ប្ដេជ្ញា​ធ្វើបាន​ដូច​ភ្លៀងរលឹម​ពី​ពេលនេះ​តទៅ ។ បន្ទាប់​ពី​នេះ លោក​អភិបាលក្រុង​បាន​ធ្វើ​ការព្រមាន​ទៅ​លើ​អ្នក​ដែល​យក​ទីស្នាក់ការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ធ្វើ​ជា​កន្លែងផ្ញើម៉ូតូ​ម៉ូតូ​និង​យក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ម៉ូតូ​ទាំងអស់​ដែល​ដាក់​ផ្ញើ​នៅ​កន្លែង​ទីស្នាក់ការ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​យកទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ ។​

​លោក​អភិបាលក្រុង​បានបញ្ជាក់​ថា ៖ ការ​ស្ទូច​ម៉ូតូ​ទាំង​នេះ​គឺជា​ការ​ល្អ​ប្រសើរ​មួយ​ដែរ​សម្រាប់​ម៉ូតូ​ណា​ដែល​អត់​ពន្ធ​ត្រូវ​យក​ទៅ​បង់ពន្ធ​ទាំងអស់​តែ​ម្ដង ។ ម៉ូតូ​ដែល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រឹបអូស​និង​ស្ទូច​យក​នោះ មាន​ចំនួន​៨៣​គ្រឿង ដែល​សុទ្ធសឹង​ជា​ម៉ូតូ​របស់​កម្មករ និង​អាជីវករ ដែល​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ​។​

​គួរ​រំលឹក​ដែលថា ៖ អាជ្ញាធរ​ក្រុង​បាន​កំណត់​ថ្ងៃ​ទី​១៥ ដែល​ជា​ថ្ងៃ​ត្រូវ​បញ្ចប់​ភាពអនាធិបតេយ្យ​ទូទៅ នៅមុខ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រហូត​ទៅ​ដល់​ផ្សារ​កណ្ដាល ដែល​មាន​រយះៈ​ចម្ងាយ​៥​គីឡូម៉ែត្រ ។​

​ជុំវិញ​រឿង​ការរៀបចំ​សណ្តាប់ធ្នាប់​ក៏ដូចជា​សម្អាត​បរិស្ថាន​និង​អនាម័យ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ត្រូវបាន​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​ទូទៅ​រួម​ទាំង​ភ្ញៀវ​ទេសចរណ៍​ទៀត​នោះ មាន​ការកោតសរសើរ​និង​គាំទ្រ យ៉ាងខ្លាំង​ទៅលើ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ក្រុង​ប៉ោយ​ប៉ែត ៕

 

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!