រមណីយដ្ឋាន​ដូង​ទេរ​ទាក់ទាញ​ភ្ញៀវ​ជាមួយ​ទេសភាព​និង​ខ្យល់អាកាស​បែប​ធម្មជាតិ​

កំពត ៖ ដោយ​មាន​ដូង​មួ​យ​ដើម​ក្នុងចំណោម​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ​ជា​ច្រើន​ដើម​បានទេរ​ទាប​សំដៅ​ផ្ទៃ ទឹក​នៃ​ស្ទឹង​កំចាយ  ម្ចាស់​ទីតាំង​ក៏​បង្កើត​ជា​កន្លែង​កម្សាន្ត​ដោយ​ដាក់​ឈ្មោះ​ថា​រមណីយដ្ឋាន​ដូង​ទេរ​។ ព្រោះតែ​មាន​អំណោយផល​នៃ​ទេ​សភាព​បែប​ធម្មជាតិ ខ្យល់អាកាស​បរិសុទ្ធ និង​អនាម័យ​បរិស្ថាន​ល្អ​ប្រសើរ រមណីយដ្ឋាន​ដូង​ទេរ​បាន និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ជិត​ឆ្ងាយ​ម​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ​។

​ដើម្បី​បាន​ដល់​រមណីយដ្ឋាន​ដូង​ទេរ​ស្ថិតក្នុង​ទឹក​ដី​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ​នេះ ទេសចរ​ទាំងឡាយ​ត្រូវ​ធ្វើដំណើរ​លើ​ដងផ្លូវ​ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ទឹកឈូ​ក្នុង​ចម្ងាយ​ប្រហែល​ប្រាំមួយ​គីឡូម៉ែត្រ​ពី​ចំ ណុ​ច​រង្វង់​មូល​រូបសំណាក​ទឹករលក​ក្បែរ​ស្ពាន​មិត្តភាព​កម្ពុជា កូរ៉េ​កំពង់បាយ​ទី​រួម​ខេត្ត​កំពត រួច​បត់​ចុះទៅ​ផ្នែក​ខាងស្តាំ​ដៃ​ប្រមាណ​ប្រហែល​បួន​រយ​ម៉ែត្រ​បន្ថែមទៀត​។​

​លោក ជា ភារៈ ទេសចរ​មកពី​រាជធានី​ភ្នំពេញ​បាន​រៀបរាប់​ថា នេះ​ជា​លើកដំបូង​ដែល​លោក និង​ក្រុមការងារ មាន​ឱកាស​បាន​មកដល់​រមណីយដ្ឋាន​ដូង​ទេ​រ ព្រោះ​តែ​ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​សម្រាក​ប្រចាំឆ្នាំ​។ ពេល​បាន​ឃើញ ភ្លាម អារម្មណ៍​មមៃ​គិត​ថា​ហាក់ដូចជា​ទីតាំង​នេះ​ស្ថិតនៅ​ឆ្នេរ​លម្ហែ​របស់​ប្រទេស​គេ​ដោយ​ឃើញ​ទឹកស្ទឹង​ល្ហល្ហាច​ពណ៌​ខៀវស្រងាត់ ខ្យល់អាកាស​បរិសុទ្ធ ថែមទាំង​មាន​រុក្ខជាតិ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ​ព័ទ្ធជុំវិញ​បរិវេណ​ទាំងមូល ទៀតផង​។

​ភ្ញៀវ​ដដែល​នេះ​បាន​បន្តថា ជាមួយនឹង​ទេសភាព​ល្អ​ប្លែក​កម្រ​បាន​ជួប​នេះ ក្រុម​លោក​សប្បាយ​នឹង​ការ ថត​យក​រូប​ភាពល្អៗ ដូចជា ពេល​ដើរ​លើ​ឆ្នេរ​ខ្សាច់ ឈរ​ផ្អែក​ដើម​ដូង​ទេ​រ ហែល​ទឹក​លេង​កម្សាន្ត និង​ការ​អង្គុយ​មើល​ជួរ​ភ្នំ​នៅ​ពីមុខ​ជាក់ស្តែង​។ ដោយឡែក​ចំពោះ​បញ្ហា​អនាម័យ​ឃើញថា​មាន​លក្ខណៈ​ល្អប្រសើរ ហើយ​ក្នុង​នាម​លោក​ជា​ភ្ញៀវ​មក​ពី​ចម្ងាយ លោក​សូម​អំពាវនាវ​ដល់​ម្ចាស់​រមណីយដ្ឋាន​យកចិត្តទុកដាក់​លើ​ការងារ​ថែរក្សា​បរិស្ថាន​នេះ​ជា​បន្ត​ទៀត​ដើម្បី​សុខុមាលភាព​ទាំងអស់គ្នា​។​

​លោក ខែម សុវណ្ណ អ្នក​ចាត់ការ​ទូទៅ​នៃ​រមណីយដ្ឋាន​ដូង​ទេរ​បាន​រៀបរាប់​ថា​(​សំឡេង​ដើម​) រមណីយដ្ឋាន​ដូង​ទេ​រ​ទើប​តែ​បើក​សាកល្បង​ប្រហែល​ពីរ​ខែ​ប៉ុណ្ណោះ ពោល​គឺ​មិន​ទាន់​ដំណើរការ​ជា​ផ្លូវការ​នៅឡើយ​ទេ​។

​ការបើក​ទីតាំង​កម្សាន្ត​នៅ​ទី​នេះ​ក្នុង​បំណង​បង្កើន​តំបន់​រមណីយដ្ឋាន​សម្រាប់​ខេត្ត​កំពត​ដែល​មាន​ភាព​ទាក់ទាញ ខ្លាំង​លើ​វិស័យ​ទេសចរណ៍​។ អ្នកចាត់ការ​រូបនេះ​បាន​បន្តទៀតថា ការបង្កើត​មណ្ឌល​កម្សាន្ត​នៅ​ទីនេះ​មាន​បំណង បង្កើត​ទីផ្សារ​សម្រាប់​ផលិតផល​ក្នុងស្រុក​ផងដែរ ដូចជា សម្ភារៈ​តុបតែង​លម្អ​នានា​គឺ​ប្រមូល​យក​ពីអ្វី​ដែល​ជា​ស្នា ដៃ​របស់​អ្នកស្រុក​ផ្ទាល់​ដើម្បី​ចូលរួម​លើក​ស្ទួយ​ជីវភាព​ពួកគាត់​មួយផ្នែក​។ សព្វថ្ងៃ តាមរយៈ​ការបើក​សាកល្បង​នេះ រមណីយដ្ឋាន​បានផ្តល់​ការងារ​ដល់​អ្នកស្រុក​ពី​២០​ទៅ​៣០​នាក់​។ ទៅ​ថ្ងៃមុខ សង្ឃឹម​ថា​អ្នកស្រុក​អាច​ទទួលបាន​ការងារ​ធ្វើ​យ៉ាង​ហោច​ណាស់​ក៏​៥០​នាក់​ដែរ ព្រោះ​នៅ​ទីនេះ​មាន​គម្រោង​បង្កើត​ជា​បារ អាហា​រដ្ឋា​ន កន្លែង​ស្នាក់នៅ និង​ឆ្នេរ​ខ្សាច់​ទឹកសាប​ល្អ​ស្អាត​ដែល​ក្នុង​ខេត្ត​កំពត​ទើបតែ​មាន​នៅ​រមណីយដ្ឋាន​ដូង​ទេរ​នេះ​។​

​លោក សុវណ្ណ បាន​ប្រាប់​ឱ្យដឹង​ផង​ដែរ​ថា ក្នុង​ថ្ងៃ​ធម្មតា​ទីនេះ​អាច​ទទួល​ភ្ញៀវ​ពី​៣០០​នាក់​ទៅ​៥០០​នាក់​។ ចំណែកឯ​ថ្ងៃ​សៅរិ៍ អាទិត្យ ឬ​ថ្ងៃ​បុណ្យ​ទាន​មាន​ពី​៧០០​នាក់​ទៅ​១.០០០​នាក់​។ អ្នក​មើ​ការ​ខុស​ត្រូវ​បាន​បញ្ជាក់​ឱ្យដឹងទៀតថា​ពិសេស​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​កន្លងទៅ ភ្ញៀវ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ដូង​ទេរ​នេះ​ពេញ​ណែន​តែម្តង​។  ជា មួយ​នឹង​បរិមាណ​ភ្ញៀវ​ដូច​បាន​មក​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​នោះ​គឺ​ដល់​កម្រិត​អតិបរមា​តែម្តង ពោល​គឺ​ទំហំ​នៃ​រមណីយដ្ឋាន​នេះ​នៅមានកម្រិត​។ ប៉ុន្តែ​អំណើស​តទៅ រមណីយដ្ឋាន​នឹង​ពង្រីក​ឱ្យ​ធំ​ទូលាយ​ជាង​នេះ​ដើម្បី​បំពេញ​តម្រូវការ​ភ្ញៀវ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា​៖ ទោះបី​មិន​ទាន់​បាន​ដល់​កម្រិត​ក្លាយ​ជា​រមណីយដ្ឋាន​ក្តី ប៉ុន្តែ​ការបង្កើត​មុខរបរ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​របស់​បងប្អូន​ប្រជា​ពល រដ្ឋ​នៅ​កន្លែង​កម្សាន្ត​ដូង​ទេរ​នោះ​ជា​រឿ់ង​ប្រពៃ​ណាស់​។ នេះ​ជា​ការបង្កើន​បណ្តុំ​សកម្មភាព​ទេសចរណ៍​ទៅ​លើ​សក្តានុពល​កំពុងមាន​ស្រាប់​គឺ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកឈូ​ដែល​ធ្លាប់​មាន​ឈ្មោះ​ល្បី​ជា​យូរ​មក​ហើយ​។ ថ្មីៗ​នេះ​នៅ​តំបន់​ជុំវិញ​រមណីយដ្ឋាន​ទឹកឈូ​មាន​ការបង្កើត​កន្លែង​កម្សាន្ត​ខ្នាតតូចៗ​បន្ថែម ដូចជា កន្លែង​ជិះ​ខ្សែ​រ៉ក កន្លែង​ជិះទូក​កៃ​យ៉ាក់ កន្លែង​ដូង​ទេរ​ជាដើម​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា នេះ​គឺជា​ការចូលរួម​ចំណែក​ដ៏​សំខាន់​សម្រាប់​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ក្នុង​ខេត្ត​កំពត​របស់​យើង​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 9111 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!