ផ្លូវជាតិ​លេខ​33A​ដែល​មាន​ប្រវែង​សរុប​៧.៨០០​ម៉ែត្រ​នឹងត្រូវ​បន្ត​ស្ថាបនា​ឲ្យបាន​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៨​នេះហើយ​

កែប ៖ តំបន់​រមណីយដ្ឋាន​ខេត្ត​កែប​នឹងត្រូវ​ជំរុញ​ការស្តា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់​ទៀត​សម្រាប់​បម្រើ​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍​។​ទិសដៅ​ចម្បង​ដែល​ត្រូវ​អនុវត្ត​បន្ត​គឺ​ការស្ថាបនា​ផ្លូវ​ឲ្យបាន​ច្រើន​ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​ឲ្យចូល​មក​ទស្សនា​ក្នុង​ខេត្ត​កែប​កាន់តែ​ទ្វេរ​ឡើង​ថែម​ទៀត​។​

​ដោយឡែក ផ្លូវជាតិ​លេខ​33A​ដែល​ត​ភ្ជាប់​ពី​ទីប្រជុំ​សេះស មាន​ប្រវែង​សរុប​៧.៨០០​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​ស្ថាបនា​ដោយ​អ៊ុត​កៅស៊ូអេ​សី​ុ​រួចរាល់​ប្រវែង​៧.០៥០​ម៉ែត្រ និង​នៅ​សល់​ប្រវែង​៧៥០​ទៀត​នោះ នឹង​បន្ត​អនុវត្ត​ឲ្យបាន​ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៨​នេះ​។​

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប ដែល​ជា​ប្រតិ​ប​តិ្តក​រ​ក្នុង​ការងារ​ស្ថាបនា​ផ្លូវ​ខាងលើ បាន​ប្រាប់ឲ្យដឹង​ថា​៖ ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ខាង​មន្ទីរ​ជំនាញ​របស់​លោក បន្ទាប់ពី​ទទួល​បន្ទុក​កិច្ចការ​នេះ បាន​ខិតខំ​ជំរុញ​និង​អនុវត្ត​ផែនការ​ស្ថាបនា​ដងផ្លូវ​សំខាន់ៗ​ជា​ច្រើន​ខ្សែ​ជុំវិញ​ខ្សែក្រវាត់​ខេត្ត​ទាំងមូល ។ លោក​ថា ក្រៅ​ពី​ការស្ថាបនា​ផ្លូវជាតិ​លេខ​33A តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស​ប្រកបដោយ​គុណភាព​នោះ លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ដែល​ជា​ប្រតិ​ប​តិ្តក​រ​បន្តទៅ​ស្ថាបនា​ផ្លូវ​ពី​ក្រាល​ក្រួស​ក្រហម​ទៅ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​អ៊ុត​អេស៊ី នៅ​តំបន់​អភិវឌ្ឍន៍​ភ្នំ​វ​ល្លិ បច្ចុប្បន្ន​ហៅ​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

​អ្នកដឹកនាំ​មន្ឋីរ​ប្រតិបតិ្តក​ររូប​នោះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ដោយសារ​កំណើន​អ្នក​ទេសចរណ៍​កាន់តែ​សម្រុក​មក​ទស្សនា សម្រាក ល​ម្ហែ កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ខេត្ត​កែប យ៉ាង​ផុលផុស​នោះ ប្រមុខ​ដឹកនាំ​ខេត្ត​ក៏​បាន​ជំរុញ​ដល់​មន្ទីរ​ជំនាញ​របស់​លោក អនុវត្ត​ភារកិច្ច​ជា​បន្តបន្ទាប់​ទៀត ដូចជា​ជំរុញ​ការស្ថាបនា​ផ្លូវជាតិ​លេខ​33A ដែល​នៅសល់​ប្រវែង​៧៥០​ម៉ែត្រ​ឲ្យបាន​រួចរាល់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៨​នេះ​។​

​ចំពោះ​ផ្លូវ​ដែល​បាន​ស្ថាបនា​ដោយ​ក្រាល​និង​អ៊ុត​កៅស៊ូ អេស៊ី​ដូចគ្នា​ស្ថិតក្នុង​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ បាន​និង​កំពុង​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ ហើយ​ផ្លូវ​ក្នុង​គម្រោង​២​ខ្សែ​ប្រវែង​សរុប​១១.០០០​ម៉ែត្រ​នោះ យើង​ចាប់ផ្តើម​ស្ថាបនា​ដោយ​ក្រាល​កៅស៊ូ​បាន​ប្រវែង​២.០០០​មែត្រ​ហើយ ក្នុង​នោះ​ផ្លូវ​លេខ​១៣៣៣ បាន​ប្រវែង​៦០០​ម៉ែត្រ និង​ផ្លូវ​លេខ​១៣៣៥​បាន​ប្រវែង ១.៤០០​ម៉ែត្រ ។​

​ដោយឡែក​ផ្លូវ​លេខ​133A​ប្រប​មាត់សមុទ្រ ត​ភ្ជាប់​ពី​ទីប្រជុំជន​ខេត្ត​កែប ឆ្ពោះ​ទៅ​ឆ្នេរ​អង្កោល ដែល​ក្នុង​គម្រោង​នឹង​ស្ថាបនា​តាម​បទដ្ឋាន​បច្ចេកទេស​(​ក្រាល​កៅស៊ូ​)​ដែរនោះ អំឡុង​ពេល​នេះ​ជំនាញ​បាន​អនុវត្ត​ផែនការ​ដោយ​ឈូសឆាយ​ចាក់ដី​ល្បាយ​ថ្មភ្នំ​តម្លើង​តួ​ផ្លូវ​បាន​រួចរាល់​អស់ហើយ​ដែរ ដោយ​ផ្លូវ​នេះ​នឹង​ស្ថាបនា​បន្តទៀត​នា​អំឡុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​សូមជម្រាបថា​៖ តំបន់​រមណីយដ្ឋាន​ខេត្ត​កែប​ទទួលបាន​ភាពល្បីល្បាញ​ខាង​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​កន្លងមកនេះ គឺ​មិនមែន​ជា​ការ​ចៃដន្យ​នោះ​ទេ ជារួម​ខេត្ត​កែប​ក្រោម​ការដឹកនាំ​របស់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ខិតខំ​ជំរុញ​ការស្តា​និង​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​ជំរុញ​ការស្ថាបនា​ដងផ្លូវ​សំខាន់ៗ​ក្នុង​ទីប្រជុំជន ក៏ដូចជា​តាម​ជនបទ​ដាច់ស្រយាល ។ ជាមួយនឹង​ខេត្ត​កែប​ទទួលបាន​នូវ​ភាព​ល្បី​រន្ទឺ និង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​-​អន្តរជាតិ រហូត​បាន​ទទួល​នូវ​សូចនាករ​ល្បីៗ​ជាច្រើន ដូចជា​ទទួលបាន​ពានរង្វាន់​”​ផ្ការំដួល​បី​ទង​” ពានរង្វាន់​និរន្តរភាព​បរិស្ថាន​អាស៊ាន ខាង​ដី​ស្អាត ទឹកស្អាត ខ្យល់​ស្អាត​នោះ​ពិតជា​មិនធម្មតា​ឡើយ ដោយ​ពានរង្វាន់​បែបនេះ ពុំ​អាច​មាន​ខេត្ត​មួយ​ណា​ប្រជែង​បាន​នោះទេ ។ លើសពីនេះ ក្នុង​ថ្ងៃ​ទី​២៦​ខែ​មករា ឆ្នាំ​២០១៨​ខាងមុខ ថ្នាក់ដឹកនាំ​ខេត្ត​កែប​នឹង​ធ្វើដំណើរ​ទៅ​កាន់​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ទទួលពាន​រង្វាន់​ថ្មី​មួយទៀត គឺ​ជ័យលាភី ឡា​បិល​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នៅ​ទីក្រុង​ឈៀង​ម៉ៃ​ផងដែរ ហើយ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​គេ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន​ទៀត នឹង​ត្រូវបាន​កសាង​ឡើង​ដ៏​ច្រើន​ស្អេកស្កះ​នៅក្នុង​ទឹកដី​ខេត្ត​កែប ព្រោះ​តំបន់​ទេសចរណ៍​យ៉ាង​ប្រណិត​មួយ​នេះ​នឹង​ត្រូវការ​ចាំបាច់​បំផុត​នូវ​ភាព​ទាក់ទាញ ជា​ភាព​បៃតង ស្រស់ស្អាត សុវត្ថិភាព​ជា​ដរាប សម្រាប់​បង្កើន​សក្តានុពល​ទេសចរណ៍ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.