ចាប់​បញ្ជូន​ជនជាតិ​យួន​៨​នាក់​ទៅ​តុលាការ​លើ​សំណុំរឿង​បទល្មើស​ព្រៃឈើ​

ខេត្ត​មណ្ឌលគិរី ៖ ជនជាតិ​យួន​៨​នាក់ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៨​នេះ បន្ទាប់​ពី​កម្លាំង​ចម្រុះ​ចុះ​ធ្វើ​ការឃាត់ខ្លួន​ក្នុង​ករណី​កាប់​ព្រៃឈើ​ដោយ​ខុសច្បាប់​ពី​ព្រឹក​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៨​ត្រង់​ចំណុច​ភូមិសាស្ត្រ​ឃុំក្រង់​តេះ​ស្រុក​ពេជ្រា​ដា​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​។​

​ក្នុង​សកម្មភាព​ឃាត់ខ្លួន​នោះ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ឃាត់ខ្លួន​ជនជាតិ​យួន​ទាំងនោះ​ដោយផ្ទាល់​និង​បញ្ជូន​ទៅ​សាកសួរ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​អំពី​សកម្មភាព​កាប់​នឹង​ឈូសឆាយ​ព្រៃឈើ​ដោយ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ភូមិសាស្ត្រ​ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ។​

​តាម​សេចក្តី​រាយ​ការណ៏​បាន​ឲ្យដឹងថា អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ គេ​បាន​ឃើញ​មាន​ក្រុម​ជនជាតិ​យួន​ទាំងនោះ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធំ​ចំនួន​បី​គ្រឿង​ឈូសឆាយ​ដី​ព្រៃ​នឹង​កាប់រំលំ​ដើមឈើ​រាប់ពាន់​ដើម​គរ​ទុក​ក្នុងព្រៃ​ជិត​អូរ​ផ្លាយ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​។​

​ប្រភព​អោយ​ដឹងថា ជនជាតិ​យួន​ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ផ្តួល​ដើមឈើ​រាប់ពាន់​ដើម​នោះ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ដែល​មាន​បិទ​ស្លាក​របស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប​(DSG) ។​

​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​នោះ​ក៏​បាន​ប្រទះឃើញ​គំនរ​ឈើ​ធំៗ​ចំនួន​៧​កន្លែង​ដែល​មាន​ឈើ​ប្រមាណ​ជិត​មួយ​ពាន់​ដើម​ដែល​គេ​កាត់​គល់​កាត់​ចុង​រាយប៉ាយ​ពេញ​ព្រៃ​។​

​គេ​សង្ស័យថា ក្រុមហ៊ុន ដួង ស្រួច គ្រុប គឺ​អ្នក​នៅ​ពៅ​ក្រោយខ្នង​និង​ជួល​ជនជាតិ​យួន​ដើម្បី​ឲ្យ​កាប់រំលំ​ដើមឈើ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ធ្វើឲ្យ​ប៉ះពាល់​ផ្នែក​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ជា​ពិសេស​បាន​បំផ្លាញ​ដល់​ជម្រក​សត្វព្រៃ​រាប់រយ​ប្រភេទ​ដែល​កំពុង​អាស្រ័យ​ជីវិត​ក្នុង​ព្រៃ​មួយ​នេះ ។ គេ​បន្ត​ថា​សកម្មភាព​ក្រុមហ៊ុន​ដួង​ស្រួច​ដែល​បាន​នឹង​កំពុង​ធ្វើ​នោះ គឺ​មិន​បាន​ប្រមូល​ផល​អនុផល​ព្រៃឈើ​ទៅតាម​ច្បាប់​ដែល​បាន​កំណត់​នោះទេ គឺ​ប្រើប្រាស់​គ្រឿងចក្រ​ធន់​ធ្ងន់​ឈូសឆាយ​ផ្តួលរំលំ​ដើមឈើ​តែម្តង​។​ ​ព្រោះ​បើ​យោងទៅតាម​លិខិត​របស់​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី​បាន​សរសេរ​ក្នុងរ​បាយ​ការណ៏​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​មាន​សមាភាព​ចូលរួម​ដូច​ជា​តំណាង​រដ្ឋបាល​សាលា​ខត្ត មន្ទីរ​អង្គភាព​ជំនាញ​រួមមាន​មន្ទីរ​បរិស្ថាន​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​អាជ្ញារ​ស្រុក​អាជ្ញារ​ឃុំ​នឹង​តំណាង​ក្រុមហ៊ុន​ដួង​ស្រួច​ដាក់ជូន​គណៈ​អភិបាលខេត្ត​​មណ្ឌលគិរី ។ មាន​ចំនុច​ដែល​ត្រូវ​អនុវត្ត​ន៏​ដូចជា ក្រុមហ៊ុន​ដួង​ស្រួច​ត្រូវអនុវត្ត​ន៏​សាកល្បង​ក្នុង​ការប្រមូល​ផល​អនុផល​ព្រៃឈើ​នៅ​ក្នុង​ឃុំ​ ​ចំនួន​ពីរ​គឺ​ឃុំ​ស្រែ​អំពូ​ម​និង​ឃុំក្រង់​តេះ​។​ ​មិន​ត្រូវឲ្យមាន​ការប៉ះពាល់​ជាមួយ​ប្រជា​ពលរដ្ឋឬ​ធ្វើអោយ​ប៉ះពាល់​ដី​ព្រៃ​តម​ព្រៃ​អារក្ស​នឹង​ចំណី​អូរ ។ ក្រុមហ៊ុន​ត្រូវ​អនុវត្តន​តែ​ក្នុង​រង្វង់​ទីតាំង​ដែល​បាន​ស្នើរ​សុំ​ធ្វើ​ការសាកល្បង ប្រសិនបើ​ធ្វើ​ក្រៅ​ពី​ទីតាំង​នោះ ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​.​។​

​យោងតាម​សម្តី​របស់​លោក ប៊ុន លី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រង់​តេះ​បាន​និយាយ​ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា ក្រុមហ៊ុន​ដួង​ស្រួច​បាន​ឈូសឆាយ​ដី​ព្រៃ​ខុស​ទីតាំង​ដែល​បាន​កំណត់​ក្នុង​ឯកសារ​ថែមទាំង​ធ្វើឲ្យ​មាន​ការប៉ះពាល់​ដល់​ដី​ប្រជាពលរដ្ឋ​ដែល​មាន​ប្លង់​ត្រឹមត្រូវ​ទៀតផង​។​

​លោក ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សែន​មនោ​រម្យ​ក៏​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​
១១​មករា​២០១៨​ថា​នៅពេលនេះ​ជនជាតិ​យួន​ទាំង​៨​នាក់​ដែល​សមត្ថកិច្ច​ឃុំខ្លួន​រង់ចាំ​ក្រុមហ៊ុន​យក​ឯកសារ​ពាក់ព័ន្ឋ​មក​ផ្ទៀងផ្ទាត់ ។​

​លោក​នាយ​ផ្នែក​បន្តថា ក្រុមហ៊ុន​ធ្វើ​ខុស​បច្ចេកទេស​យ៉ាងណា​នោះ​ត្រូវ​ចាំ​មើលរ​បាយ​ការណ៏​ដែល​ខេត្ត​បាន​ប្រជុំ​នា​ពេលកន្លងមក​។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានឲ្យដឹងថា ករណី​ខាងលើ​នេះ លោក​មិនដឹងថា ក្រុមហ៊ុន​មាន​ច្បាប់​កម្រិតណា​នោះទេ ។ តែ​ដោយ​ផ្អែកលើ​ជំនាញ​របស់​លោក​ត្រូវតែ​ឃាត់ ព្រោះ​បើ​តាម​លោក​ដឹង​សកម្មភាព​ក្រុមហ៊ុន​ខាងលើ​គឺ​ផ្ទុយ​ពី​ច្បាប់​ច្រើន​ជាង​ត្រូវ​ច្បាប់ ។​

​លោក សុខ សេ​រ៉ា នាយ​យក​រង​សាលាខេត្ត​បានឲ្យដឹងថា «​ក្រុមហ៊ុន​ខាងលើ​នោះ ពិតជា​មាន​ច្បាប់​ដី​សម្បទាន​សង្គមកិច្ច​ពិតប្រាកដ​មែន​តែ​ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន​ត្រឹមត្រូវ​តាម​ទីតាំង​រឺ​មិន​ត្រឹមត្រូវ​ខ្ញុំ​មិនដឹង​ទេ​តែ​ជនជាតិ​វៀតណាម​មក​ធ្វើការ​នោះ​ស្រប​ច្បាប់​រឺ​មិន​ស្របច្បាប់​នោះ​ជា​រឿង​របស់​ក្រុមហ៊ុន​» ។​

​តំណាង​ក្រុមហ៊ុន ដួង ស្រួច គ្រុប ឈ្មោះ ធី បាន​និយាយ​យ៉ាង​ខ្លី​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មករា ២០១៨ ថា​នៅពេលនេះ គេ​កំពុង​ធ្វើការ​ផ្ទៀងផ្ទាត់​លើ​ផែនទី​ថា​តើ​ការកាប់​ឈួសឆាយនោះ ក្នុង​ទីតាំង​បានកំណត់​ឬ​អត់ ៕

 

 

 

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!