សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែ​ត​មិន​ខ្វល់ខ្វាយ​ពី​ការកកស្ទះ​ចរាច​រណ៍​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ឡើង ខណៈ​ក្រុម​រទេះអូស​ទំនិញ​យក​ទីតាំង​នេះ​ធ្វើជា​កន្លែង​ផ្លាសប្តូ​ទំនិញ​

​ខេត្ត​បន្ទាយមានជ័យ ៖ ក្រុម​អូស​រទេះ​កំពុង​បង្ក​បញ្ហា​លំបាក​ធ្ងន់ធ្ងរ នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​ជាពិសេស រាល់ពេល​ដែល​ពួកគេ​អូស​ទំនិញ​ចេញ​ពី​ប្រទេស​ថៃ​មក ដល់​ចំណុច​ខាង​លើ​ពួកគេ​តែងតែ​ឈប់​ចត​ចំ​កណ្ដាល​ស្ពាន រង់ចាំ​ឲ្យ​ម៉ូតូ​មក​អូស​ទៅ​កាន់​គោលដៅ​ផ្សេងៗ ចំណុច​បែបនេះហើយ​បាន​បង្ក​ឲ្យមាន​ការកកស្ទះ​យ៉ាងធ្ងន់ធ្ងរ​នៅលើ​ស្ពាន​អន្តរជាតិ​ខាងលើ​នោះ​តែម្ដង​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ​មាន​សត្ថកិច្ច​ថា ៖ មិន​មាន​ចំណាត់ការ​ទៅលើ​ក្រុម​រទេះអូស​ទំនិញ​ផ្សេង​ចេញពី​ទឹកដី​ថៃ​ឡើយ ដោយ​បណ្តែតបណ្តោយ​ឲ្យ​ចត​យ៉ា​ង​អនាធិបតេយ្យ​នៅលើ​ស្ពាន​អន្តរជាតិ​បង្ក​ឲ្យមាន​ការកកស្ទះ​បែបនេះ​។​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ គេ​បាន​សង្កេតឃើញ​មាន​ការកកស្ទះ​រថយន្ត​តូចធំ បាន​ដឹក​ទំនិញ​ចេញពី​ប្រទេស​ថៃ មក​កម្ពុជា លុះ​មកដល់​ស្ពាន​អន្តរជាតិ​ប៉ោយ​ប៉ែត​គឺ​មាន​ការកកស្ទះ​ពេញទំហឹង​តែ​ម្ដង​។​

​ដោយសារ​តែ​ក្រុម​អូស​រទេះ ធន់​ធ្ងន់ៗ​បាន​ដឹក​ទំនិញ​ចេញពី​ផ្សារ​រោង​ក្លឿប្រទេស​ថៃ ហើយ​មក​ឈប់​រង់ចាំ​ឲ្យ​ម៉ូតូ​មក​អូស ទើប​មាន​ការកកស្ទះ​យ៉ាងដូច​ច្នេះ ក្នុងនោះ​ដែរ​គេ​ពុំ​ឃើញ​មាន​មន្ត្រី​ប៉ូលិស មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ធ្វើ​អន្តរាគមន៍ ក្នុង​ហេតុការណ៍​កកស្ទះ​នោះ​ឡើយ​។​គួរ​រម្លឹក​ដែរ​ថា​៖​កាលពី​រសៀល​ថ្ងៃ​ទី​៩​ខែ​មករា​ឆ្នាំ ២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ គឺ​មាន​ការបើក​អង្គប្រជុំ​ពង្រឹង​សម្ព័ន្ធមេត្រីភាព​រវាង​ក្រុង​ប៉ោយ​ប៉ែត ប្រទេស​កម្ពុជា​និង​ស្រុក​អារញ្ញ​ប្រាថេត ប្រទេស​ថៃ​។​

​សូម​ជំរាប​ដែរ​ថា ៖ ខាង​កម្ពុជា ដឹកនាំ​ដោយ​លោក​សាន ស៊ានហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែត ឯខាង​ថៃ​វិញ​នោះ​គឺ​មាន​លោក សៅ វ៉ា​នី​ត ស៊ុរិ​យ៉ាក់ គុន​ណាក់​អាយុទ្ធ​យ៉ា អភិបាលស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ព្រមព្រៀង​គ្នា​រួច​ជា​ស្រេច​ហើយ​ថា​នឹង​សាងសង់​ស្ពានដែក​មួយ​បន្ថែមទៀ​ត ដែល​ស្ថិតនៅ​ចន្លោះ​ស្ពាន​ផ្លូវដែក​រថភ្លើង​និង​ស្ពានថ្ម​អន្តជាតិ បន្ថែមទៀត​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាច​រណ៍​នៅលើ​ស្ពាន​អន្តរជាតិ​ខាងលើ​នោះ​។​ហើយ​ស្ពានដែក​ដោយ​គ្រោង​នឹង​សាងសង់​ថ្មី​នោះ​គឺ​ទុកឲ្យ​តែក្រុម​រទេះអូស​ធ្វើ​ចរាចរ​ទៅ​មក​តែប៉ុណ្ណោះ​ហើយ​គម្រោង​សាងសង់​ស្ពានដែក​នោះ​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹងថា នឹង​ត្រូវ​កសាង​នាពេលខាងមុខ​ឆាប់ៗ​នេះហើយ ក្រោម​ថវិកា​របស់​ក្រុមហ៊ុន ហូ លីដេ តែម្ដង​។​

​គួរ​បញ្ជាក់​ដែលថា​៖ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ករណី​ការស្ទះ​លើ​ស្ពាន​អន្តរជាតិ​មួយ​នេះ​គឺ​មាន​កើតឡើង​ជា​ប្រចាំ ដែល​ករណី​កកស្ទះ​នេះ គឺ​មាន​រយៈពេល​ចាប់ពី​២០​នាទី ទៅ​ដល់​មួយ​ម៉ោង​ឯណោះ​ទើប​ធ្វើ​ចរាចរណ៍​ទៅបាន​។ ទោះជា​បែប​នេះ​ក៏ដោយ គឺ​មាន​ការ​រអ៊ូរទាំ​ជាច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ ដែល​ធ្វើដំណើរ​ទៅ​មក​មាន​ការធុញទ្រាន់​ដោយសារ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​មិន​រួច ទៅក្រោយ​ក៏​មិន​រួច ជាពិសេស​គឺ​ពួកគាត់​ក៏​មាន​ការលំបាក​ផងដែរ ដែល​ពួកគាត់​មិនឃើញ​មាន អស់លោក​មន្ត្រី​ច្រក​ទ្វារ​ដែល​ប្រចាំការ​នៅ​ទីនោះ មាន​ចំណាត់ការ​ដោះស្រាយ​លើ​បញ្ហា​កកស្ទះ​នោះ​ឡើយ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​នោះ​សំណូមពរ​ដល់​ដឹកនាំ​ខេត្ត​និង​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ពិសេស​ខាង​ក្រសួង​ទេសចរណ៍ មេត្តា​ជួយ​មាន​វិធានការ​ទប់ស្កាត់​លើ​ករណី​កកស្ទះ​និង​ផង​៕​

Filed in: ខេត្តបន្ទាយមានជ័យ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!