សមត្ថកិច្ច​បាន​និង​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​យ៉ាង​ក្តៅគគុក​ដល់​អ្នក​ប្រើ​យានយន្ត​គ្រប់​ប្រភេទ​

​កំពត ៖ ថ្វី​ត្បិត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​ជំនាញ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស ព្រមទាំង​ត្រូវបាន​សមត្ថកិច្ច​បាន​អនុវត្ត​ជា​ប្រចាំ​ទៅ​ហើយ​ក្តី ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញ​អ្នកដំណើរ​មួយផ្នែក​តូច​ហាក់​ពុំ​ទាន់​ប្រតិ​ប​តិ្ត​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។​

​ដោយឡែក សម្រាប់​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​ខេត្ត​កំពត បើ​ទោះជា​សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុង​ប្រើ​ធម៌​ក្តៅ​ដល់​អ្នកដំណើរ​បែបណា​ក្តី គេ​នៅតែ​សង្កេត​ឃើញ​មហាជន​មួយចំនួន មិន​ទាន់​យល់​អ្វី​ដែល​ហៅថា​ច្បាប់​ចរាចរណ៍​នៅឡើយ​។​លើសពីនេះ បើ​តាម​គេ​ដឹង​ពី​ចំណុច​ខ្វះខាត​ដែល​ឈានទៅដល់​ការផាកពិន័យ​ឬ​ដកហូត​យានយន្ត​បណ្តោះអាសន្ន គឺ​ផ្តើម​ដោយសារ​ម្ចាស់​យានយន្ត​ពុំ​បាន​បំពាក់​ឧបករណ៍​និង​សម្ភារៈ​យានយន្ត​ឲ្យបាន​គ្រប់គ្រាន់ ដូចជា​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ គ្មាន​ស្លាក​លេខ ឬ​អ្នកបើកបរ និង​អ្នករួមដំណើរ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​។​

​ជាមួយនឹង​ការពង្រឹង​ច្បាប់​ខាងលើ ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃនេះ គោលដៅ​របស់​សមត្ថកិច្ច​ជំនាញ​ក្នុង​ខេត្ត​កំពត បាន​ចាប់ផ្តើម​ប្រើ​កណ្តាប់ដៃ​ដែក ដើម្បី​អនុវត្ត​ច្បាប់​គឺ​ឃាត់​អ្នកដំណើរ​ប្រភេទ​ម៉ូតូ​ដែល​មិន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​គ្មាន​កញ្ចក់ និង​ឧបករណ៍​ពាក់ព័ន្ធ​ផ្សេងៗ​ដោយ​ដកហូត​យក​ទៅ​រក្សាទុក​ជា​ការព្រមាន ប៉ុន្តែ​ការពង្រឹង​ច្បាប់​នេះ​មិន​តម្រូវឲ្យ​មាន​ការផាក​ពិន័យ​ជា​ប្រាក់​ឡើយ​។​

​ចំពោះ​ការពង្រឹង​ច្បាប់​ចរាចរណ៍​នេះ សមត្ថកិច្ច​ខេត្ត​កំពត បានឲ្យដឹងថា​៖ មុន​នឹង​ឈាន​ទៅ​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹុង​ដូចខាងលើ សមត្ថកិច្ច​ក៏​បាន​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​ច្រើនលើក​ផងដែរ ក្នុង​គោលបំណង​ឲ្យ​មហាជន​និង​អ្នកដំណើរ​បាន​យល់​ជ្រួតជ្រាប ប៉ុន្តែ​ទោះបី​មានការ​រឹតបន្តឹង​បែបនេះ​ទៅ​ហើយ​ក្តី អ្នកដំណើរ​មួយផ្នែក​តូច​ហាក់​ពុំ​បាន​ចូលរួម​គោរព​ច្បាប់​នេះ​នៅឡើយ​ទេ ទើប​ខណៈ​នេះ​សមត្ថកិច្ច​ចាប់ផ្តើម​ប្រើ​ធម៌​ក្តៅ​ដោយ​គ្មាន​ការយោគយល់​តែម្តង​។​សមត្ថកិច្ច​បាន​បន្តថា ការអនុវត្ត​ច្បាប់​លើក​នេះ​មិន​តម្រូវឲ្យ​អ្នក​ដំណើរផាក​ពិន័យ​ជា​ថវិកា​ទេ តែ​ត្រូវ​ដកហូត​យានយន្ត​យកទៅ​រក្សាទុក​នៅ​កន្លែង​ក្នុង​រយៈពេល​បី​ថ្ងៃ​ទើប​ប្រគល់ជូន​វិញ ធ្វើ​បែប​នេះ​ដើម្បីឲ្យ​អ្នកដំណើរ​រាងចាល ហើយ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​។​

​ប៉ូលិស​ថា​៖ ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ និង​ការ​ពាក់មួក​សុវត្ថិភាព​នៅ​ពេល​បើកបរ​ពិតជា​សុវត្ថិភាព​មួយ​ជួយ​ធានា​អាយុជីវិត​របស់​យើង​បាន​គ្រប់ពេល​។​ការគោរព​ច្បាប់​ចរាចរណ៍​មិន​ត្រឹមតែ​គេចផុត​ពី​ការពិន័យ​របស់​សមត្ថ​កិច្ច​ប៉ុណ្ណោះ​ទេ តែ​វា​ជា​សុវត្ថិភាព​មួយ​ជួយ​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​បានស្ទើ​១០០​ភាគរយ​ទៅ​ហើយ​។​

​ដូច្នេះ​ដើម្បី​ធានា​សុវត្ថិភាព ក្នុង​ពេល​បើកបរ គប្បី​អ្នកដំណើរ​ដែល​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​ជាមួយ​នេះ​អ្នកដំណើរ​ប្រភេទ​ម៉ូតូ​សូម​កុំ​បើកបរ​ក្នុង​ល្បឿន​លើស​កំណត់ កុំ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ហើយ​ម៉ូតូ​ត្រូវ​ដាក់​កញ្ចក់​មើល​ក្រោយ មាន​ស្លាក​លេខ​ត្រឹមត្រូវ ពិសេស​អ្នកបើកបរ​និង​អ្នករួមដំណើរ​ដាច់ខាត​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជាប្រចាំ​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.