រដ្ឋបាល​ខេត្ត​កំពត ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​នៃ​ទិវា​ជ័យជម្នះ​៧​មករា​

កំពត ៖ រដ្ឋបាល​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​០៩​ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ធ្វើ​មិទ្ទីង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ នៃ​ថ្ងៃ​មហា​ជ័យជម្នះ​៧​មករា ដែល​ជា​ទិវា​ដ៏​ប្រ​វតិ្ត​សាស្ត្រ ដែល​យើង​មិនអាច​បំភ្លេច​បាន​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​សួនច្បារ​ស្រះ​ឈូក នៃ​ក្រុង​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​កំពត និង​ក៏​មាន​ការចូលរួម​ផងដែរ​ពី​សំណាក់​អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព លោកគ្រូ អ្នកគ្រូ ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព យុវជន ស ស យ ក មន្ត្រីរាជការ ព្រមទាំង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​តាម​សន្ទរកថា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ថ្លែង​ដោយ​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​រំលឹកថា​៖ អត្ថន័យ​ជាប្រ​វតិ្ត​សាស្ត្រនៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា​និង​សមិទ្ធផល​ដែល​កើតចេញ​ពី​ថ្ងៃ​៧​មករា ក្នុង​រយៈពេល​៣៩​ឆ្នាំ ដែល​បាន​នាំ​ប្រទេស​ជាតិ​ឲ្យចេញ​ផុត​ពី​វាលពិឃាត ហើយ​នាំមក​នូវ​សុខ សន្តិភាព ហើយ​គ្រប់​បណ្តា​ខេត្ត ក្រុង​ប្រែក្លាយជា​តំបន់​ទេសចរណ៍​ប្រកប​ដោយ​ប្រជាប្រិយភាព​ ។ ​កម្ពុជា​ដែល​ពីមុន​ធ្លាប់​ជា​ទីកន្លែង​ប្រើ​អាវុធ​ដាក់គ្នា​ក៏​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស តាមរយៈ​ការរៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ ។

ពី​កម្ពុជា​ដែល​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ​និង​ភាព​ឯកោ​ទាំង​ខាង​សេដ្ឋកិច្ច​និង​នយោបាយ បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ និម្មាបនកម្ម​តំបន់​និង​ពិភពលោក និង​កំពុង​បំពេញ​តួនាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​។​ពី​កម្ពុជា​ដែល​ជា​ប្រទេស​អន់​ខ្សោយ​ខាង​សេដ្ឋកិច្ច​និង​ក្របដណ្តប់​ដោយ​ភាពក្រីក្រ មាន​អសន្តិសុខ​ស្បៀង​បាន​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ ហើយ​ស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់​នៃ​ប្រទេស​ដែល​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​ក្នុង​អត្រា​មធ្យម​៧.៧​ភាគរយ ក្នុង​មួយ​ឆ្នាំ​នៃ​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ព្រមទាំង​សម្រេចបាន​នូវ​វឌ្ឍនភាព​យ៉ាង​ល្អប្រសើរ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ក៏ដូចជា​ការកែលម្អ​សូចនាករ​សង្គម​សំខាន់ៗ​រាប់​ពុំ​អស់ ។

ទាំងអស់នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏​ធំធេង ជាប្រ​វតិ្ត​សាស្ត្រ ដែល​កើតចេញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ខាង​នយោបាយ​ប្រកបដោយ​ឆន្ទៈ​ប្តូរផ្តាច់ និង​ការចូលរួម យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាជន​គ្រប់ៗ​រូប ក្នុង​ការអនុវត្ត​នូវ​សិទ្ធិ និង​កាតព្វកិច្ច​របស់​ខ្លួន ដែល​បង្កើត​ជា​កម្លាំង​មហា​សាមគ្គី​ដើម្បី​កសាង និង​ការពារ​មាតុភូមិ ការលះបង់​អស់ពី​កម្លាំងកាយ​-​ចិត្ត របស់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ក្នុង​ការបម្រើ​ជាតិ​និង​ប្រជាជន​។​ការធ្វើ​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ចរន្ត​នយោបាយ​និង​ពី​គ្រប់​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត ក្នុង​សង្គម​ដោយ​ឈរ​លើ​ឧត្តម​ប្រយោជន៍​ជាតិ និង​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ព្រមទាំង​ការជួយឧបត្ថម្ភ ដ៏​ស្មោះ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​និង​សហគមន៍​អន្តរជាតិ ។​

​នេះ​ជា​កត្តា​ធំៗ​នៃ​ជ័យជម្នះ និង​ជា​មេរៀន បទពិសោធន៍​ជាប្រ​វតិ្ត​សាស្ត្រ  ដែល​ទាំងអស់​គ្នា​គប្បី​យល់ដឹង​ឲ្យបាន​ច្បាស់ និង​ចងចាំ​ជា​រៀងរហូត ដើម្បី​កុំឲ្យ​ប្រ​វតិ្ត​សាស្ត្រដ៏​ជូរចត់​នេះ​អាច​កើតឡើង​ជា​ថ្មី​វិញ​បាន នៅលើ​មាតុភូមិ​ដ៏​កំសត់​របស់​យើង​។​

​បើតាម​ចំណាប់អារម្មណ៍​របស់​តំណាង​អង្គ​មី​ទ្ទិញ​បាន​លើកឡើង​ថា ៖ ពិតមែន​តែ​ស្រមោល​អន្ធ​កាល បាន​កន្លងទៅ​៣៩​ឆ្នាំ​ទៅ​ហើយ​ក្តី តែ​ទិដ្ឋភាព​ដ៏​សោកសង្រេង​ទាំងនោះ នៅតែ​ដ​ក់ជាប់​ក្នុង​ក្រអៅបេះដូង ប្រជាជន​យើង​ជាច្រើន​តំណរ​ទៅមុខទៀត ពុំ​អាច​បំភ្លេច​បាន​ឡើយ ។ បើ​កុំ​តែ​មាន​ថ្ងៃ ៧ មករា ១៩៧៩ ម្លេះ​សម​យើង​ទាំងអស់គ្នា​ត្រូវ​ទទួលរង​នូវ​វិនាសកម្ម​ដ៏​អាក្រក់​បំផុត​ដែល​មិន​នឹកស្មាន​ដល់ ដូច​ដែល​ប្រជាជន​យើង​ជាង​៣​លាន​នាក់​បាន​ទទួលរង​នូវ​ការកាប់សម្លាប់​យ៉ាង​អ​យុតិ្ត​ធម៌​បំផុត​រួចមកហើយ​។​

​រយៈពេល​៣៩​ឆ្នាំ​នៃ​សាមគ្គី វីរភាព​និង​ជ័យជម្នះ​របស់​យើង​។​ស្មារតី​៧​មករា នៅតែ​ស្ថិតស្ថេរ​ជានិច្ច​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា ជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដែល​បាន​នាំ​យើង​ឲ្យ​ឈាន​ពី​ជ័យជម្នះ​មួយ ទៅ​ជ័យជម្នះ​មួយទៀត​ឥតឈប់ឈរ​។​៧​មករា​គឺជា​មោទនភាព​ដ៏​ថ្លៃថ្លា​បំផុត​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​គ្នា​។​

​បន្ទាប់​ពី​ការ​ប្រារព្ធ​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​ទី​៣៩​នៃ​ទិវា​ជ័យជម្នះ​៧​មករា គណៈអធិបតី​ទាំងអស់ ក៏​បាន​ចូលរួម​ប្រលែង​ព្រាប​និង​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.