មន្ត្រីរាជការ​នៃ​រដ្ឋបាល​ក្រុងកែប ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ ទិវា​ជ័យជម្នះ​៧​មករា​

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​០៨​ខែ​មករា ឆ្នាំ​២០១៨​នេះ មន្ត្រីរាជការ​ទូទាំង​ក្រុងកែប បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​នៃ​ទិវា​ជ័យជម្នះ​៧​មករា ដ៏​ប្រ​វតិ្ត​សាស្ត្រ​។​ពិធីដ៏៏​មហាឡារឹក​នេះ បាន​រៀបចំឡើង​នៅក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប ក្រោម​វត្តមាន លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រី ទិត សុខា អភិបាល នៃ​គណៈ​អភិបាលក្រុង​កែប លោក​អិុន ស៊ុន ប្រធាន​ក្រុមប្រឹក្សា​ក្រុងកែប អាជ្ញាធរ​មកពី​គ្រប់​សង្កាត់ កងកម្លាំងប្រដាប់អាវុធ​ទាំងបី ព្រមទាំង​មន្ត្រីរាជការ​ក្នុង​ក្រុង​កែប​ទាំងមូល​។​

​លោកស្រី​ទិត សុខា អភិបាលក្រុង​កែប​បាន​មានប្រសាសន៍ ដោយ​លើកយក​សន្ទរកថា​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ខ្លឹមសារ​ថា​៖ ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ជ័យជម្នះ​និង​ជា​ទិវាប្រ​វតិ្ត​សា​ស្ត្រ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដោយ​បាន​បញ្ចប់​សម័យ​កាល​ដ៏​ខ្មៅ​ងងឹត​នៃ​កម្ពុជា ហើយ​បាន​បើក​ឡើង​នូវ​ទំព័រ​សករាជ​ថ្មី គឺ​ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។​ព្រម​ជាមួយ​នេះ​យើង​ទាំងអស់គ្នា​សូម​លំឱនកាយ​និង​សូម​គោរព​នូវ​ដួង​វិញ្ញាណក្ខន្ធ​ជនរួមជាតិ​ទាំងអស់​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​យ៉ាង​អណោច​អ​ធ័មនិង​អយុតិ្តធម៌​បំផុត​ក្រោម​របប​ប្រល័យ​ពូជសាស​ន៍​។​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​វីរ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី នៃ​រណសិរ្ស​សាគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​និង​វីរ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​លះបង់​យ៉ាង​ធំធេង​ក្នុង​ការប្រយុទ្ធ​ដើម្បី​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា​។​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​លោក​អ្នក​ទាំងអស់ ទៅកាន់​សុខ​គតិ​ភព​ជា​រៀង​ដរាប​។​ស្មារតី​ជ័យជម្នះ​៧​មករា បាន​ស្ថិតស្ថេរ​និង​រស់​រវើក​ជានិច្ច​ស្ថិត​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​និង​គ្រប់​ជំនាន់ ព្រោះ​ស្មារតី​៧​មករា​ជា​ពន្លឺ​បង្ហាញផ្លូវ​យើង​ទាំងអស់គ្នា​ឲ្យ​ឆ្លងកាត់​នូវ​ឧបសគ្គ​និង​ការលំបាក​គ្រប់​យ៉ាង ហើយ​ឆ្ពោះ​ទៅរក​ជ័យជម្នះ​គ្មាន​ទីបញ្ចប់ ព្រោះថា​នៅពេល​បច្ចុប្បន្ន​នេះ ប្រជាជន​គ្រប់ៗ​រូប​មានក្តី​សោមនស្ស​រីករាយ​ចំពោះ​សមិទ្ធផល​នានា​លើ​គ្រប់​វិស័យ​ដែល​សម្រេច​បាន​ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ពិសេស​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួម​ទាំង​ថ្នាក់​ឃុំ​សង្កាត់ ទទួលបាន​ការគាំទ្រ​និង​ការចូលរួម​យ៉ាង​ទូលំទូលាយ​ពី​ប្រជ​ជន​គ្រប់​មជ្ឈដ្ឋាន​និង​សហគមន៍​អន្តរជាតិ​ធានាបាន​នូវ​ស្ថិរភាព សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​នា​ឱកាស​នោះ លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍​ក្នុង​អង្គ​មី​ទ្ទិញ​ថា​៖ ស្មារតី​ថ្ងៃ​៧​មករា ពិតជា​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដែល​ប្រជ​ជនកម្ពុជា​មិនអាច​បំភ្លេចបាន​។​៧​មករា​មាន​សត្រូវ​តែមួយ​ប៉ុណ្ណោះ គឺ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត ហើយ​មាន​តែ​អ្នក​ស្រឡាញ់​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ដែល​ប្រឆាំង​នឹង​៧​មករា​។​ជាមួយ​នេះ​យើង​ទាំងអស់គ្នា​សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ជ្រៀលជ្រៅ​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស​ស្នេហា​ជាតិ កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ជនរួមជាតិ អ្នកស្នេហាជាតិ ដែល​បាន​បូជាជីវិត​ដ៏​ថ្លៃថ្លា​របស់​ខ្លួន ដើម្បី​បុព្វហេតុ​រំដោះ​ជាតិ​និង​ប្រជាជន មហា​ឧបការៈគុណ​នេះ ជានិច្ចកាល​ស្ថិតក្នុង​ដួងចិត្ត​នៃ​យើង​គ្រប់ៗ​គ្នា គ្មាន​ថ្ងៃ​ណា​បំភ្លេច​បាន​ឡើយ​។​

​ចុងបញ្ចប់​គណៈអធិបតី និង​មន្ត្រីរាជការ​ក៏​បាន​ចូលរួម​បង្ហោះ​ប៉េងប៉ោង ទុក​ជា​និមិត្តរូប​ផងដែរ​៕
​សេង ណា​រិទ្ធ​

 

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.