​រដ្ឋបាល​ខេត្ត​កែប ធ្វើ​មិទ្ទីង​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​នៃ​ទិវា​ជ័យជម្នះ​៧​មករា​

កែប ៖ នៅ​ព្រឹក​ថ្ងៃទី​០៧​ខែ​មករា ឆ្នាំ​២០១៨​នេះ រដ្ឋបាល​ខេត្ត​កែប បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩ នៃ​ថ្ងៃ​មហា​ជ័យជម្នះ​៧​មករា ដែល​ជា​ទិវា​ដ៏​ប្រ​វតិ្ត​សាស្ត្រ ដែល​យើង​មិនអាច​បំភ្លេច​បាន​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​បរិវេណ​វិមាន​ឯករាជ្យ​នៃ​ទឹកដី​ខេត្ត​កែប ក្រោម​អធិបតីភាព លោក​ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្ត​កែប លោក​កែន សត្ថា អភិបាល​នៃ​គណៈ អភិបាលខេត្ត​កែប អភិបាលរង​ខេត្ត​និង លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព លោកគ្រូ អ្នកគ្រូ ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព យុវជន ស ស យ ក មន្ត្រីរាជការ ព្រមទាំង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​តាម​សន្ទរកថា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​អាន​ដោយ លោក​កែន សត្ថា អភិបាលខេត្ត​កែប​បាន​រំលឹកថា​៖ អត្ថន័យ​ជាប្រ​វតិ្ត​សាស្ត្រនៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា​និង​សមិទ្ធផល​ដែល​កើតចេញ​ពី​ថ្ងៃ​៧​មករា ក្នុង​រយៈពេល​៣៩​ឆ្នាំ ដែល​បាន​នាំ​ប្រទេស​ជាតិ​ឲ្យចេញ​ផុត​ពី​វាលពិឃាត ហើយ​នាំមក​នូវ​សុខ សន្តិភាព ហើយ​គ្រប់​បណ្តា​ខេត្ត ក្រុង​ប្រែក្លាយជា​តំបន់​ទេសចរណ៍​ប្រកប​ដោយ​ប្រជាប្រិយភាព ។

​កម្ពុជា​ដែល​ពីមុន​ធ្លាប់​ជា​ទីកន្លែង​ប្រើ​អាវុធ​ដាក់គ្នា​ក៏​បាន​ក្លាយជា​ប្រទេស​មួយ​ដែល​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស តាមរយៈ​ការរៀបចំ​យ៉ាង​ទៀងទាត់​នូវ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ​និង​យុត្តិធម៌ ។ ពី​កម្ពុជា​ដែល​ជា​ប្រទេស​ត្រូវ​ទទួលរង​ការហ៊ុមព័ទ្ធ​និង​ភាព​ឯកោ​ទាំង​ខាង​សេដ្ឋកិច្ច​និង​នយោបាយ បាន​ក្លាយទៅជា​ប្រទេស​មួយ​ដែល​កំពុង​សមាហរណកម្ម​ខ្លួន​យ៉ាង​សកម្ម​ទៅ​ក្នុង​រចនាសម្ព័ន្ធ និម្មាបនកម្ម​តំបន់​និង​ពិភពលោក និង​កំពុង​បំពេញ​តួនាទី​យ៉ាង​សកម្ម​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​ក្នុង​គ្រប់​កិច្ចការ​តំបន់​និង​នៅលើ​ឆាក​អន្តរជាតិ​។​ពី​កម្ពុជា​ដែល​ជា​ប្រទេស​អន់​ខ្សោយ​ខាង​សេដ្ឋកិច្ច​និង​ក្របដណ្តប់​ដោយ​ភាពក្រីក្រ មាន​អសន្តិសុខ​ស្បៀង​បាន​ក្លាយជា​ប្រទេស​នាំ​ស្បៀង​ចេញ ហើយ​ស្ថិត​នៅក្នុង​ចំណាត់​ថ្នាក់​នៃ​ប្រទេស ដែល​សម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​ក្នុង​អត្រា​មធ្យម​៧.៧​ភាគរយ ក្នុង​មួយ​ឆ្នាំ​នៃ​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ព្រមទាំង​សម្រេចបាន​នូវ​វឌ្ឍនភាព​យ៉ាង​ល្អប្រសើរ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ក៏ដូចជា​ការកែលម្អ​សូចនាករ​សង្គម​សំខាន់ៗ​រាប់​ពុំ​អស់ ។ ទាំងអស់នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏​ធំធេង​ជាប្រ​វតិ្ត​សាស្ត្រ ដែល​កើតចេញ​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ខាង​នយោបាយ ប្រកប​ដោយ​ឆន្ទៈ​ប្តូរផ្តាច់ និង​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ប្រជាជន​គ្រប់ៗ​រូប​ក្នុង​ការអនុវត្ត​នូវ​សិទ្ធិ និង​កាតព្វកិច្ច​របស់​ខ្លួន​ដែល​បង្កើត​ជា​កម្លាំង​មហា​សាមគ្គី​ដើម្បី​កសាង និង​ការពារ​មាតុភូមិ ការលះបង់​អស់ពី​កម្លាំងកាយ​-​ចិត្ត របស់​មន្ត្រី​គ្រប់​លំដាប់ថ្នាក់ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​ការបម្រើ​ជាតិ​និង​ប្រជាជន ។ ការធ្វើ​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ចរន្ត​នយោបាយ និង​ពី​គ្រប់​មជ្ឈដ្ឋាន​ផ្សេងៗ​ទៀត ក្នុង​សង្គម​ដោយ​ឈរ​លើ​ឧត្តម​ប្រយោជន៍​ជាតិ និង​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ព្រមទាំង​ការជួយឧបត្ថម្ភ​ដ៏​ស្មោះ​ពី​សំណាក់​បណ្តា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ​និង​សហគមន៍​អន្តរជាតិ​។​

​នេះ​ជា​កត្តា​ធំៗ​នៃ​ជ័យជម្នះ និង​ជា​មេរៀន បទពិសោធន៍​ជាប្រ​វតិ្ត​សាស្ត្រ ដែល​ទាំងអស់​គ្នា​គប្បី​យល់ដឹង​ឲ្យបាន​ច្បាស់និង​ចងចាំ​ជា​រៀង​រហូត​ដើម្បី​កុំឲ្យ​ប្រ​វតិ្ត​សាស្ត្រដ៏​ជូរចត់​នេះ​អាច​កើតឡើង​ជា​ថ្មី​វិញ​បាន នៅលើ​មាតុភូមិ​ដ៏​កំសត់​របស់​យើង​។​

​ថ្លែង​ក្នុង​អង្គ​មិទ្ទីង​នាពេលនេះ លោក​ជិន ប៊ុន ស៊ាន បាន​លើកឡើង​ថា​៖ ក្នុង​រយៈពេល​៣៩​ឆ្នាំនេះ ប្រទេស​យើង​ដោយ​មាន​សម្តេច តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក៏​បាន​ធ្វើឲ្យ​វឌ្ឍនភាព​សង្គម មាន​ភាព​រីកចម្រើន​។​សមិទ្ធផល​ដែល​សម្រេចបាន​យ៉ាងច្រើន​កន្លង​មក​មិនមែន​កើតឡើង​ដោយ​ឯកឯង​នោះទេ គឺ​បាន​កើតឡើង​ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ការ​បន្ត​ចូលរួម​ថែរក្សា​សុខ សន្តិភាព ស្ថិរភាព​នយោបាយ ការចូលរួម​ចំណែក​ក​សាង​សង្គម​ទាំងអស់​គ្នា នឹង​នាំ​មក​នាវា​កម្ពុជា​ឆ្ពោះទៅរក​ការអភិវឌ្ឍ​បន្ថែមទៀត ក្នុង​ពេល​ខាងមុខ​និង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព ក៏ដូចជា​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​។​

​បន្ទាប់​ពី​ការ​ប្រារព្ធ​មិទ្ទីង​ខួប​អនុស្សាវរី​យ៍ទី​៣៩​នៃ​ទិវា​ជ័យជម្នះ​៧​មករា​នេះ គណៈអធិបតី ក៏​បាន​ចូលរួម​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!