សម្តេច​តេជោ ហ៊ុន សែន រំលឹក​អំពី​ដំណាក់កាល​ដ៏​សែន​លំបាក​មួយ ក្នុង​ការស្តារ​ប្រទេសជាតិ ក្រោយ​ផ្តួលរំលំ​ប៉ុលពត

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលឹក​អំពី​ដំណាក់កាល​ដ៏​សែន​ដំបា​កមួយ ក្រោយ​ពី​វាយ​ផ្តួលរំលំ​របប​ប៉ុលពត នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩​។ សម្តេច​រំលឹក​ថា ដំណាក់កាល​នោះ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ដោយ​ដៃ​ម្ខាង​ខិតខំ ស្តារ​សេដ្ឋកិច្ច សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡើងវិញ​ពី​លេខ​សូន្យ និង​ពី​បាតដៃ​ទទេ ហើយ​ដៃ​ម្ខាង​ទៀត​ត្រូវ​ប្រយុទ្ធ​ទប់ស្កាត់ មិន​ឲ្យ​របប ប៉ុល ពត វិល​មក​វិញ​បាន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​រំលឹក​រឿង​នេះ ក្នុង​ពិធី​មី​ទ្ទិញ​រំឭក​ខួប​អនុស្សាវរីយ៍ លើក​ទី ៣៩ នៃ​ទិវា​ជ័យជម្នះ ៧ មករា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​គួររំឭកថា ក្រោយ​ពី​របប ប៉ុល ពត ត្រូវ​ផ្តួលរំលំ កងទ័ព​បាក់បែក​របស់​ពួក ប៉ុល ពត បាន​រត់​ទៅ​ប្រមូលផ្តុំ នៅតាម​ព្រំដែន​ភាគ​ខាងលិច ហើយ​ត្រូវបាន ប្រទេស​មួយចំនួន ជួយ​គាំទ្រ​បន្ត​ដង្ហើម​ឲ្យ​រស់ ដើម្បី​បង្ក​សង្គ្រាម សំដៅ​ទន្ទ្រាន និង​ផ្តួលរំលំ​រដ្ឋអំណាច នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង បន្ទាប់​ពី​ថ្ងៃ​ជ័យជម្នះ ៧ មករា​»​។​

​សម្តេច​បាន​បន្តថា «​នេះ​ជា​ដំណាក់កាល​មួយ​ទៀត ដ៏​សែន​លំបាក​ជា​ទីបំផុត ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដឹកនាំ ដោយ​ដៃ​ម្ខាង​ខិតខំ ស្តារ​សេដ្ឋកិច្ច សង្គម និង​ជីវភាព រស់នៅ​របស់​ប្រជាជន​ឡើងវិញ​ពី​លេខ​សូន្យ និង​ពី​បាតដៃ​ទទេ ហើយ​ដៃ​ម្ខាង​ទៀត ត្រូវ​ប្រយុទ្ធ​ទប់ស្កាត់ មិន​ឲ្យ​របប ប៉ុល ពត វិល​មក​វិញ​បាន មិនតែប៉ុណ្ណោះ កម្ពុជា​ដ៏​ក្រីក្រ​បំផុត​នៅពេលនោះ ត្រូវ​ទទួលរង​នូវ​ការហ៊ុមព័ទ្ធ ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច យ៉ាង​អយុត្តិធម៌​ថែម​ទៀត ពី​សំណាក់​ប្រទេស​មួយចំនួន ដែល​បាន​រួមគ្នា​ប៉ុនប៉ង​កម្ចាត់ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​»​។​

​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា ដោយ​រណសិរ្ស​សង្គ្រោះ បន្ទាប់​ពី​ការ​រំលំ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា រដ្ឋាភិបាល របស់​ប៉ុល​-​ពត​។ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​បរាជ័យ​ដើម្បី​ឱ្យ​បាន​ការទទួលស្គាល់​ដោយ​អង្គការសហប្រជាជាតិ ដោយសារតែ អន្តរាគមន៍​ការទូត របស់​ប្រទេស​មួយចំនួន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា ប្រសិនបើ​ពេល​នោះ​យើង​មិន​អាច​រាំង​ស្កាត់​បាន​នូវ​ការវិលត្រឡប់​មកវិញ​នៃ​របប​ប្រល័យ​ពូជសាសន៍​ទេនោះ យើង​ពិតជា​ពុំ​អាច​មាន​ជីវិត និង​មាន​អ្វីៗ​មកដល់​ថ្ងៃនេះ​បានឡើយ ។ ប៉ុន្តែ​ជាមួយ​នឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្លាំង​មហា​សាមគ្គី របស់​ប្រជាជន ប្រទេសជាតិ​បាន​ឆ្លង​ផុត​នូវ​គ្រោះ​គំរាមកំហែង​ទាំងអស់នោះ​ដោយ​ជោគជ័យ ដោយ​បាន​ប្រឹងប្រែង​ងើបឈរ​ឡើង​វិញ ហើយ​បោះ​ជំហាន ទៅ​មុខ​មួយ​ជំហាន​ម្តងៗ​ប្រកប​ដោយ​ការប្តេជ្ញា​ខ្ពស់បំផុត សម្រេច​បាន​សមិទ្ធផល​លើ​គ្រប់​វិស័យ​យ៉ាង​ធំធេង ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ការ​ស្ថិតស្ថេរ គង់វង្ស និង​រីកចម្រើន​របស់​ប្រជាជាតិ​ខ្មែរ​៕
​លោក ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!