ពិធី​ផ្ទេរ​តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​

កំពត ៖ ពិធី​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កំពត ត្រូវបាន​រៀបចំឡើង នៅ​ព្រឹក​ថ្ងៃទី​០៦​ខែ​មករា ឆ្នាំ​២០១៨ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក នៃ ប៉េ​ណា សមាជិក​គណៈ​អចិន្ទ្រៃយ៍​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត អមដំណើរ​ដោយ​ក្រុមការងារ​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​មកពី​គ្រប់​ស្ថាប័ន​។​

​ក្នុងឱកាស​នោះ លោក​ចាន់ ចេស្តា ជា​អតីត​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ក៏​បានឲ្យ​ដឹង​ពី​វឌ្ឍនភាព​រីកចម្រើ​ន ដែល​លោក​ដឹកនាំ​ភារកិច្ច​ក្នុង​ជួរ​គណបក្ស​កន្លងមក​។​ដូច្នេះ​លោក​សូម​បង្វែ​ភារកិច្ច​នេះ ជូន​លោក ជាវ តា​យ អនុវត្ត​បន្ត​ពី​លោក​ចាប់ពី​ពេលនេះ​តទៅ​។​

​បន្ទាប់​ពី​ប្រកាស​ផ្ទេរតំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត គឺ​លោក​ចាន់ ចេស្តា ប្រធាន​បក្ស​ខេត្ត​ត្រូវ​ផ្ទេរ​ភារកិច្ច​ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត​។​ដោយឡែក​លោក ជាវ តា​យ ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្ត​កំពត​ចាប់ពី​ពេលនេះ​តទៅ​។​

​ក្រោយ​ពី​ផ្ទេរតំណែង លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជ​ជនកម្ពុជា​ខេត្តកំពត​ទើប​ផ្ទេរ​ភារកិច្ច បាន​ធ្វើ​ការប្តេជ្ញាចិត្តថា​៖ គោរព​និង​ប្រតិ​ប​តិ្ត​តាម​លក្ខខ័ណ្ឌ​និង​បទបញ្ជា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ គោរព​និង​អនុវត្ត​តាម​ស្មារតី​និង​កម្មវិធី​នយោបាយ គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យបាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​។​គោរព​និង​ប្រកាន់​តាម​គោលការណ៍​ថ្នាក់ដឹកនាំ​ដោយ​សមភាព​និង​ទទួលខុសត្រូវ​ខ្ពស់ រាល់​ភារកិច្ច​ដែល​ប្រធាន​គណបក្ស​ប្រគល់ជូន​។​គោរព​គោលការណ៍​និង​ពង្រឹង​រចនាសម្ព័ន​របស់​គណបក្ស ពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូលដ្ឋាន ឲ្យមាន​ភាពរលូន ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​សមាជិក សមាជិកា​បាន​ទាំង​បរិមាណ ទាំង​គុណភាព​។​ខិតខំ​ពង្រឹង​និង​ពង្រីក​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យបាន​ច្រើន ដើម្បី​ធានាបាន​នូវ​លទ្ធផល​ល្អ​ក្នុង​ការបោះឆ្នោត​នាពេលខាងមុខ​។​ជ្រោង​ទង់​មហា​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ធ្វើឲ្យ​គណបក្ស​មាន​ភាពរឹងមាំ និង​ជម្រុញ​មន្ត្រី​ស្ថាប័នឲ្យ​ធ្វើ​អំពើ​ល្អ​ឲ្យខាងតែបាន​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​។​ខិតខំ​ប្រឹងប្រែង​ពង្រឹង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ឲ្យបាន​ជ្រួតជ្រាប​ដល់​មហាជន​នៅ​គ្រប់​មូលដ្ឋាន និង​នៅ​គ្រប់​ច្រកល្ហក​ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មានភាព​ជឿជាក់​មកលើ​ការដឹកនាំ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ផុលផុស​។​

​ថ្លែង​សំណេះសំណាល​ទៅកាន់​សមាជិក សមាជិកា​បក្ស​នាពេលនេះ លោក នៃ ប៉េ​ណា បាន​ថ្លែងថា​៖ ការជួបជុំ​គ្នា​នៅ​ទីនេះ ដើម្បី​ធ្វើ​ពិធី​ផ្ទេរ​តំណែង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត រវាង​លោក​ចាន់ ចេស្តា (​ប្រធាន​គណបក្ស​ចេញ​) និង​លោក​ជាវ តា​យ (​ប្រធាន​គណបក្ស​ចូល​)​គឺ​ស្របពេល​ដែល​គណបក្ស​ទាំងមូល បាន​និង​កំពុង​ដំណើរកា​រ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​កំពុង​ត្រៀម​ការងារ​សំខាន់ៗ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​រដ្ឋសភា នា​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាងមុខ​និង​កំពុង​ត្រៀម​អំណរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៩​ទិវា​មហា​ជ័យជំនះ​៧​មករា ជាប្រ​វតិ្ត​សាស្ត្រ​។​

​ជាមួយ​នេះ​ដែរ​លោក​ក៏​សូម​កោតសរសើរ​ចំពោះ​លោក ចាន់ ចេស្តា ដែល​កន្លង​មក​ខិតខំ​យក​អស់​កម្លាំងកាយ​-​ចិត្ត កម្លាំង​ប្រាជ្ញា​រួមជាមួយ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ដឹកនាំ កសាង ពង្រឹង ពង្រីក​គណបក្ស​ខេត្ត​កំពត មាន​ស្នាដៃ​ល្អ​គួរ​ជាទី​មោទនៈ​។​

​ចំពោះ លោក​ជាវ តា​យ ក្រោយពី​ទទួល​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​និង​ជា​អភិបាលខេត្ត​កំពត​ហើយ​នោះ ត្រូវ​ប្រឹងប្រែង​ជំនះ​គ្រប់​ឧបសគ្គ ដឹកនាំ​ខេត្ត​កំពត ឲ្យទទួល​បាន​ជោគជ័យ និង​ការរីកចម្រើន​ទៅមុខ​ទៀត​ដើម្បី​ចូលរួម​ស្តា​និង​អភិវឌ្ឍ​សង្គមជាតិ ឲ្យ​កាន់តែ​សំបូរ​រុងរឿង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​។​

​ជាមួយនេះដែរ លោក​ជាវ តា​យ ដែលជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០០.០០០​ដុល្លារ អាមេរិក សម្រាប់​កសាង​សមិទ្ធផល​នានា​និង​តម្រូវការ​ផ្សេងៗ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ផងដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.