ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​៤​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៥​ខែ​មករា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត បាន​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ​ប្រតិភូ​មកពី​គ្រប់​ក្រសួង ស្ថាប័ន​នានា​។​

​ពិធី​នេះ​បាន​រៀបចំឡើង​ក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត និង​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ ពី​សំណាក់​អស់លោក​ជា​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្នុង​មន្ទីរ អង្គភាព​នានា​ទូទាំង​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព  ព្រមទាំង​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពត​ទាំងមូល​។​

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​នាពេលនេះ គឺ​យោង​តាម​ព្រះ​ក្រឹត្យ​របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​តែងតាំង លោក​ជាវ តា​យ មាន​ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​១ អតីត​អភិបាលរង​ខេត្ត​កណ្តាល ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​ដោយឡែក លោក​ចាន់ ចេស្តា អតីត​អភិបាលខេត្ត​កំពត មាន​ឋានន្តរស័ក្តិ ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

​លោក​ចាន់ ចេស្តា អតីត​អភិបាលខេត្ត​កំពត បាន​បញ្ជាក់​តាម​របាយ​ការណ៍​ថា​៖ ដោយ​មាន​ការសម្របសម្រួល​ដឹកនាំ​ល្អ​និង​ការផ្តល់​បទពិសោធន៍​ក៏​ដូច​ជា​គោលការណ៍​យ៉ាង​ល្អ​ប្រពៃ​ពី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ក្រោម​ការបង្ហាញ​ទិស​របស់​សម្តេច ក្រឡា​ហោម ឧបនាយករដ្ឋមន្ត្រី​បាន​ធ្វើឲ្យ​ខេត្ត​កំពត​មាន​បរិកាស​នយោបាយ​ល្អ មាន​សន្តិសុខ​សណ្តាប់ធ្នាប់​និង​ការ​រី​ចម្រើន​លើ​គ្រប់​វិស័យ​ទាំង​អាណាចក្រ និង​ទាំង​ពុទ្ធចក្រ ហើយ​បណ្តា​សមិទ្ធិផល​សង្គម​ជាច្រើន​បាន​លេចឡើង​ព្រោងព្រាត គួរ​ជាទី​ពេញចិត្ត​នៃ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទូទាំង​ខេត្ត​។​

​បន្ទាប់​ពី​ប្រកាស​ចូល​កាន់តំណែង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ឡើង​ប្តេជ្ញាចិត្ត​ថា​៖ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​ទើបតែ​ទទួល​តំណែង​នាពេលនេះ លោក​សូម​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត ចំពោះ​រាជរដ្ឋាភិបាល ជាពិសេស​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​បាន​ផ្តល់​នូវ​ការគាំទ្រ​និង​ជឿ​ទុកចិត្ត​មក​លើ​រូបលោក ហើយ​បាន​ប្រគល់​តំណែង​ជា​អភិបាល​ខេត្ត​កំពត​នាពេលនេះ​។​

​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជាក់ថា​៖​ការប្រគល់​តំណែង​នេះ​ក៏​ធ្វើឲ្យ​លោក​ចងចាំ​មិន​ភ្លេច ដែល​នេះ​ជា​កិតិ្ត​យស ជាប្រ​វតិ្ត​សាស្ត្រស​ម្រាប់ជីវិត​របស់​លោក​ដែល​មិន​នឹកស្មាន​ដល់ ។ ហើយ​នេះ​ជា​ការផ្តល់​នូវ​លទ្ធភាព​ដល់​លោក​ដើម្បី​មាន​ឱកាស​បំពេញ​តួនាទី ភារកិច្ច ចូល​រួមចំណែក​កសាង​ប្រទេសជាតិ មាតុភូមិ​និង​ប្រជាពលរដ្ឋ​ក្នុងពេល​បច្ចុប្បន្ន​និង​ពេលអនាគត ។​

​ដើម្បី​ជា​សក្ខីភាព និង​ឆ្លើយតប​នូវ​ការគាំទ្រ ការជឿជាក់​និង​ទំនុកចិត្ត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​នឹង​សូម​ធ្វើ​ការប្តេជ្ញា​ដូច​ខាង​តទៅ​៖
-​ប្តេជ្ញា​ខិតខំ​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ គោលការណ៍​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន និង​គោលការណ៍​ណែនាំ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​
-​ប្តេជ្ញា​គោរព​គាំទ្រ និង​ការអនុវត្តឲ្យ​បា​នខ្ជា​ប់​ខ្ជួន​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
-​ខិតខំ​គោរព និង​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​ពី​សំណាក់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​នានា​ឲ្យបាន​ល្អ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​ការបំពេញ​ភារកិច្ច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​
-​បន្ត​ការខិតខំ​ទប់ស្កាត់​លុបបំបាត់​នូវ​បាតុភាព​អសកម្ម​នានា​ទាំងឡាយ ដែល​ធ្វើឲ្យ​ប៉ះពាល់​មក​ដល់​ការ​ថ្នាំងថ្នាក់​ដល់​ប្រជាពលរដ្ឋ​និង​ជម្រុញ​ដល់​សេវាសាធារណៈ សេវា​សង្គម​ឲ្យ​កាន់តែ​ខិត​ជិត​ដល់​ប្រជាពលរដ្ឋ ចូល​រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​
-​យកចិត្តទុកដាក់​រៀប​ចំ កសាង​និង​អភិវឌ្ឍ​វិស័យ​នានា​ក្នុង​ខេត្ត ពិសេស​រៀបចំ​កែលម្អ​សោភ័ណភាព​ទីក្រុង​និង​ទីប្រជុំជន និង​ចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត ធានា​បាន​បរិស្ថាន​ល្អ ប្រកបដោយ​សក្តានុពល សេដ្ឋកិច្ចសង្គម​លើកកម្ពស់​គុណភាព ជីវភាព​រស់នៅ​ប្រកប​ដោយ​វិបុលភាព បង្កើន​សុខភាព សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​។​ជម្រុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រក្សា​ស្ថិរភាព​នយោបាយ​និង​សុខ​ដម​ជូន​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​
-​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​កំណែទម្រង់ សី​ុ​ជម្រៅ ពិសេស​គោលនយោបាយ​វិម​ជ្ឈការ​និង​វិសហមជ្ឈការ ដើម្បី​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេ​យ្យ នៅ​ថ្នាក់ក្រោម​ជាតិ​ស្របតាម​កម្មវិធី​រយៈពេល​១០​ឆ្នាំ អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​បាន​ទទួល​លទ្ធផល​ប្រកប​ដោយ​ភាព​វិជ្ជមាន ។ ពង្រឹង​ថែរក្សា ស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ជួរ​គណៈ​អភិបាល មន្ត្រីរាជការ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមប្រឹក្សា រួម​ទាំង​ក្រសួង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍ ដើម្បី​ធានា​ឲ្យ​រដ្ឋបាល​ខេត្ត​អនុវត្ត​ការងា រ​មាន​ភាពរលូន​និង​ជោគជ័យ​ជូន​ប្រជាពលរដ្ឋ​និង​រាជរដ្ឋាភិបាល ។​

​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា​៖ ការផ្លាស់ប្តូរ ការតែងតាំង​មន្ត្រីរាជការ​ជា​ជីវភាព​នយោបាយ​រដ្ឋបាល​ធម្មតា​ដែល​យើង​តែងតែ​បាន​ធ្វើ​បន្តបន្ទាប់​នៅក្នុង​ក្របខ័ណ្ឌ​ថ្នាក់ក្រោម​ជាតិ និង​នៅ​ក្របខ័ណ្ឌ​ថ្នាក់ជាតិ ។ ដោយឡែក​ខេត្ត​កំពត ចាប់ពី​ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ន មាន​អភិបាលខេត្ត​ចំនួន​១៣​រូប​ហើយ​។​

​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ទៀតថា​៖ នេះ​ជា​បទពិសោធន៍​ដែល​ធ្លាប់​មាន សម្រាប់​ចែករំលែក ដល់​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន ដើម្បី​កែ​តម្រង់​ដល់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ហើយ​នៅក្នុង​ឆ្នាំ​២០១៨ ជា​ឆ្នាំ​ចុងក្រោយ​ដែល​ត្រូវ​អនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៥​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​។ ទន្ទឹម​នេះ​ក្នុង​ឆ្នាំ​២០១៨ យើង​នឹង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​ផង និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ផង ។​

​រាជរដ្ឋាភិបាល​មាន​ឆន្ទៈ និង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​នូវ​ការធានា​ឲ្យ​ការបោះ​ឆ្នោត​ទាំង​ពីរ​នេះ បាន​ប្រព្រឹត្តទៅ​ដោយ​សេរី​ត្រឹមត្រូវ​និង​យុតិ្ត​ធម៌មាន​សុវត្ថិភាព​និង​បន្ត​ជម្រុញ​និង​លើកកម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ទៀត​ថា​៖ ផ្អែក​លើ​ប្រវត្តិសាស្ត្រ អតីតកាល​ដ៏​ជូរចត់​ខ្លោចផ្សារ​និង​វិនាសកម្ម​ធ្ងន់ធ្ងរ​ប្រទេសជាតិ​និង​ប្រជាជន​យើង​បាន​ពុះពារ​ឆ្លងកាត់​ដំណាក់កាល​យ៉ាង​លំបាកលំបិន​ជាច្រើន​ជាមួយនឹង​ការ​ធ្វើ​ពលី​កម្ម សាច់​ស្រស់ ឈាម​ស្រស់ រហូត​បាន​ទទួល​បាន​សុខ សន្តិភាព​មក​ដល់​បច្ចុប្បន្ន​នេះ​។​

​ជា​ចុងក្រោយ​សម្តេច​ក្រឡាហោម ក៏​បាន​ជម្រុញ​ដល់​រដ្ឋបាល​ខេត្ត​កំពត ទាំងមូល​សូម​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ ដើម្បី​អនុវត្ត​ភារកិច្ច​ជូន​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​៕
​សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!