លោក ចាន់ ចេស្ដា ចូលរួម​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី ការអនុវត្ត​រឹតបន្តឹង​ការពាក់ មួកសុវត្ថិភាព​

កំពត ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​និង កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​ការ​បំផុស​ផ្នត់គំនិត​ស្មារតី​ក្នុង​ការចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ទូលំ​ទូលាយ​ដល់​ពលរ​ដ្ឋ​ទូទៅ នៅ​ព្រឹក​ថ្ងៃ​សុក្រ​១២​កើត ខែបុស្ស​ឆ្នាំរកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​២៩ ខែ ធ្នូ ឆ្នាំ​២០១៧​នេះ រដ្ឋបាល​ខេត្ត​កំពត ក្រោម​កិច្ច​ចូលរួម​រៀបចំ​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង នគរបាល​ចរាចរណ៍​ខេត្ត បានធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្ដីពី​«​ការអនុវត្ត​រឹតបន្តឹង​ការ​ពាក់មួក​សុវត្ថិ​»​។ ក្នុង​គោលបំណង​ពញ្ញាក់​ស្មារតី​អ្នកប្រើប្រាស់​ផ្លូវ​និង​លើកកម្ពស់​ការយល់ដឹង ដើម្បី​បង្កើន​ការ​ពាក់មួក​សុវត្ថិភាព ក្នុងចំណោម​ពលរដ្ឋ​អ្នកបើកបរ​ម៉ូតូ ពិសេស​នា​ឱកាស​មុន​ពិធី​បុណ្យចូលឆ្នាំ​សកល​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ជាមួយនឹង​សកម្មភាព​នេះ​ក៏​មាន​វត្តមាន​លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ចូលរួម​ដើម្បី​ឲ្យ​យុទ្ធនាការ​នេះ​កាន់តែ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ថែមទៀត​ផង​ដែរ​។

​ក្នុងឱកាស​នោះ លោក ចាន់ ចេស្ដា បាន​ធ្វើ​ការសម្ភាសន៍​ស្វែង​យល់​ព្រមទាំង​បាន​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើរ​ជាមួយ ដែល​ខកខាន​ពុំមាន​ពាក់មួក​សុវត្ថិភាព​លើ​ដងផ្លូវ ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជាដាច់ខាត​។ ដោយ​ខណៈ​នោះ លោក​អភិបាលខេត្ត​បានបញ្ជាក់​ថា​៖ ការផ្ដល់​មួកសុវត្ថិភាព​នាពេលនេះ គឺ​មិនមែន​ជា​ថ្នូរ​លក់​ឬ​ទិញ​ទៅនឹង​ប្រាក់​ដែល​នគរបាល​ចរាចរណ៍​ផាកពិន័យ​នោះទេ​។ ប៉ុន្តែ​ការផ្ដល់​មួកសុវត្ថិភាព​នាពេលនេះ​គឺជា​យុទ្ធនាការ​នៃ​ការអនុវត្ត​ទៅ​តាម​ស្មារតី​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​សុត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ការចូលរួម​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​ខេត្ត​តែ​ប៉ុណ្ណោះ គឺ​ក្នុង​បំណង​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ណែនាំ និង​ជម្រុញ​ពញ្ញាក់​ស្មារតី​ដល់​ប្រជាពលរដ្ឋ​យើង​ឲ្យមាន​ការ​ភ្ញាក់រលឹក​បន្ថែមទៀត ក្នុង​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពិសេស​ការបង្កើន​ការ​ពាក់មួក​សុវត្ថិភាព​ក៏ដូចជា​ការលើកកម្ពស់​ការយល់ដឹង ពី​បញ្ហា​ផលប៉ះពាល់​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​បច្ចុប្បន្ន សង្គម​ក៏ដូចជា​រាជរដ្ឋាភិបាល​យើង​មាន​ការបារម្ភ​និង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។

​លោក​ថា ៖ ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​តាមរយៈ​ការធ្វើដំណើរ​ដោយ​មធ្យោបាយ​ម៉ូតូ​យើង​សង្កេតឃើញថា បាន​នាំ​ផលវិបាក​ធ្ងន់ធ្ងរ​ភាគច្រើន​គឺ​ដោយសារ​ការប៉ះទង្គិច​ទៅលើ​ក្បាល​និង​ខួរក្បាល​ពី​ការបោក ឬ​ប៉ះទង្គិច ដែល​អាច​ឈាន​ដល់​ពិកា ឬ​ស្លាប់​បាន ដោយសារ​មិន​បាន​ពាក់មួក​សុវត្ថិភាព​ឲ្យបាន​ត្រឹមត្រូ​វ​។

​លោក ចាន់ ចេស្ដា ក៏​បាន​ណែនាំ​និង​អំពាវនាវ​ផងដែរ​ដល់​ប្រជាពលរដ្ឋ​ទូទៅ ត្រូវមាន​ស្មារតី​ភ្ញាក់រលឹក​ឡើង​ដើម្បី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជៀសវាង​គោរព​ខ្លាច​តែ​នគរបាល​ចរាចរណ៍ ហើយ​មិន​បាន​គោរព​ច្បាប់​ត្រឹមត្រូវ​ដែល​នាំ​ឲ្យ​ជួប​គ្រោះថ្នាក់​និង​នាំឲ្យ​មាន​ផលវិបាក​ដល់​គ្រួសារ​និង​សង្គមជាតិ​យើង​ព្រោះ​ថា​ការធ្វើ​ដំណើរ​ដោយ​ម៉ូតូ​បាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​និង គោរព​ច្បាប់​ចរាច​រណ៍ គឺ​ដើម្បី​ការពារ​ជីវិត​ខ្លួនឯង និង​គ្រួសារ​ព្រមទាំង​អ្នក​ដទៃ​។​

​សូមបញ្ជាក់​ថា ៖ យុទ្ធនាការ​នៃ​កម្មវិធី​នេះ​មាន​មួកសុវត្ថិភាព​ចំនួន​៥០០​មួក​រួម​និង​ឯកសារ​ច្បាប់​និង​ខិត​បណ្ណ​បទ​ប្បញ្ញត្តិ​សំខាន់ៗ​ស្ដីពី ចរាច​រណ៍​ផ្លូវគោក​រាប់ពាន់​សន្លឹក​និង​ក្បាល ដែល​ផ្ដល់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សម្រាប់​ផ្សព្វផ្សាយ​ចែកជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ​។ ប៉ុន្តែ​សម្រាប់​មួកសុវត្ថិភាព បាន​បំពាក់​ជូន​អ្នកបើកបរ​ម៉ូតូ​ឬ​អ្នកជិះ​ជាមួយ​ដែល​ខកខាន​ពុំមាន​ពាក់មួក​សុ​វត្ថ​ភាព​ក៏​ត្រូវបាន​ផ្ដល់ជូន​ម្នាក់​មួយ​ក្រោយពី​សមត្ថកិច្ច​បាន​ឃាត់​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១៥.០០០​រៀល ។ នេះ​គឺ​គ្រាន់តែ​ជា​ការ​ដាស់តឿន​ពញ្ញាក់​ស្មារតី​បង្កើនឲ្យមាន​ការចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​អាត្រា​គ្រោះថ្នាក់​កើតឡើង​ដោយសារ​កត្តា​យានយន្ត​គ្រប់​ប្រភេទ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2487 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!