កិច្ចប្រជុំ ពិគ្រោះ​យោបល់ ស្ដី​ពី​ការលើកកម្ពស់ ការអនុវត្ត​ទឹកស្អាត និង​អនាម័យ​តាម​សាលារៀន​នៅ​ខេត្ត​កំពត​

កំពត ៖ កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍្ត ១១​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ទឹកស្អាត និង​អនាម័យ​តាម​សាលារៀន​។​

​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព លោក ពុត សា​មិត្ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​លោក​ ស៊ឹម វុទ្ធា អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ ​និង​មាន​សមាជិក​ចូលរួម​ពី ក្រុមប្រឹក្សា​និង គណៈ​អភិបាល ក្រុង​-​ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អង្គការ​ដៃគូ​អភិវឌ្ឍន៍​ព្រមទាំង​តំណាង​អង្គការ​ជាតិ​-​អន្តរជាតិ សង្គម​ស៉ីវិល​និង​ក្រុមហ៊ុន​មួយ​ចំនួ​ន​ក្នុង​ខេត្ត​កំពត​ផងដែរ​។

​ជា​ទូទៅ​គោលបំណង​រួម​នៃ​កិច្ចប្រជុំ​គឺ​ផ្ដោត​សំខាន់​រួម​គ្នា​ពិភាក្សា ជំរុញ​ការផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្ត​កំពត​ស្ដីពី​ការលើកទឹកចិត្ត​និង​ការលើកកម្ពស់​ការប្រតិបត្តិ​ទឹកស្អាត និង​អនាម័យ​ល្អ នៅ​តាម​សាលារៀន​ក្នុង​ក្រុង ស្រុក​នីមួយៗ​ឲ្យបាន​ល្អ​ប្រសើរ​ថែម​ទៀត​។ មិនតែប៉ុណ្ណោះ​អង្គប្រជុំ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​រីកចម្រើន នៃ​ការអនុវត្ត​កម្មវិធី​សុខភាព​សិក្សា​នៅ​តាម​សាលា​សាធារណៈ គ្រប់​កម្រិត​នៅក្នុង​ឆ្នាំ​សិក្សា​កន្លងទៅ​សំដៅ​ជំរុញ​ធ្វើឲ្យ​មាន​កិច្ចសហការ​ល្អ រវាង​សាលារៀន​និង​អ្នកពាក់ព័ន្ធ​ព្រមទាំង​ចែករំលែក​ការអនុវត្ត​ល្អៗ និង​កំណត់​បញ្ហា​ប្រឈម​នៃ​ការអនុវត្ត​កម្មវិធី​នៅ​តាម​សាលារៀន​ដើម្បី​លើក​ទិសដៅ​អនុវត្ត​បន្តទៀត​។​

​លោក ស៊ឹម វុទ្ធា តំណាង​លោក ចាន់​ចេស្ដា អភិបាលខេត្ត​បាន​មានមតិ​ថ្លែងអំណរគុណ​និង​កោតសរសើរ​ព្រមទាំង​បាន វាយតម្លៃ​ខ្ពស់​នៃ​ការងារ​អនុវត្ត​កម្មវិធី​សុខភាព​សិក្សា​នៅតាម​សាលារៀន​កន្លងមក​ក្នុង​ខេត្ត​ដែល​បាន​លទ្ធផល​ល្អ​ប្រសើរ ដែល​លទ្ធផល​ទាំងនេះ​បាន​កើតចេញ​ពី​ការប្ដេជ្ញា​ចិត្ត​ខ្ពស់​និង​ការខិតខំ​សហការ​រួម​គ្នា​មិន​អាច​ខ្វះ​បាន​ពី​បណ្ដា អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ សង្គម​ស៉ីវិល និង​សប្បុរសជន​នានា​ជាមួយ​អាជ្ញាធរ រាជរដ្ឋាភិបាល​។

​ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការគាំទ្រ​ផែនការ​រួម​គ្នា​សម្រេច​ភារកិច្ច​ដែល​កន្លងមក​នៅ​មិនទាន់​យល់ច្បាស់ ដើម្បី​យកទៅ​អនុវត្ត​នូវ​កម្មវិធី​នេះ​ដែល​ជា​កម្មវិធី​រាជរដ្ឋាភិបាល​។​លោក​បាន​បញ្ជាក់ថា​៖​ការងារ​ទាំងនេះ ក៏​ត្រូវ​ប្រើប្រាស់​បែងចែក​កញ្ចប់​មូលនិធិ​របស់​ខ្លួន​ដើម្បី​ជំរុញ​ឲ្យ​ផែនការនេះ​ទទួល​បាន​កាន់់តែ​ប្រសើរ​ឡើង​និង​ជោគជ័យ​បន្ថែមទៀត​។​

​លោក ពុត សា​មិត្ត បាន​មានប្រសាសន៍ថា​៖ វិស័យ​អប់រំ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រួមចំណែក​ដល់់​ការអភិវឌ្ឍ​ជាតិ ។​ជាទូទៅ ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ កន្លងមក​ក្រសួង​អប់រំ​យុវជន​និង​កីឡា ក៏​ដូច​រាជរដ្ឋាភិបាល​តែង​បានធ្វើការ​កំណែទម្រង់ ជា​បន្តបន្ទាប់​ទៅ​តាម​ប្រព័ន្ធ​សេដ្ឋកិច្ច​រីកចម្រើន​របស់់​ប្រទេសជាតិ​យើង​។  ដោយ​ក្នុង​នោះ​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ លើកកម្ពស់​សុខភាព​នៅ​តាម​សាលារៀន ក្នុង​គោលបំណង​ពង្រឹង​សេវា​សុខភាព​តាម​សាលារៀន ដូចជា​ការអប់រំ​បង្កា​ជម្ងឺឆ្លង ជម្ងឺមិនឆ្លង សុវត្ថិភាព និង​សុខមាលភាព ចំណីអាហារ អាហារូបត្ថម្ភ  ការពង្រឹង​បរិស្ថាន​សិក្សា ព្រមទាំង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​ទឹកស្អាត និង​អនាម័យ​ល្អ​នៅ​តាម​សាលារៀន​ដូចដែល​ប្រធានបទ​នៃ​កិច្ចប្រជុំ​នាពេល​នេះ​បាន​នឹង​កំពុង​រួមគ្នា​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​។​

​លោក ពុត សា​មិត្ត​ក៏​បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​កិច្ចប្រជុំ​ដែល​ជា​អ្នកពាក់ព័ន្ធ​ទាំងអស់ សូមឲ្យ​មាន​ការចូលរួ​ម​គាំទ្រ​សហការ​អនុវត្ត​នូវ​ផែនការ​កម្មវិធី​នេះ​ឲ្យបាន​ជាក់លាក់​ថែមទៀត​។​ពិសេស​ពី​បញ្ហា​ទឹក​ស្អាត និង​អនាម័យ​នៅ​តាម​សាលារៀន​ដែលជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស ហើយ​កិច្ចការ​នេះ​ដើម្បី​ជា​យន្តការ​ស៉ីជម្រៅត​ទៅមុខ​ទៀត​ក្នុង​ការអនុវត្ត​ឲ្យទទួល​បាន​ជោគជ័យ សំដៅ​ធ្វើ​យ៉ាងណា​ជម្រុញ​ដល់​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី មាន​សុខភាព​ល្អ​ទទួលបាន​ចំណេះដឹង​ប្រកប​ដោយ​រាងកាយ​មាំមួន ក្លាយ​ជា​ពលរដ្ឋ​មួយ​យ៉ាងសកម្ម​ចូលរួម​ការអភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ទៅ​អនាគត​។​

​សូមជម្រាបថា ៖ បើ​យោងតាម​របាយការណ៍​ឲ្យដឹង​ពី​វឌ្ឍនភា​ពរី​ក​ចម្រើន​លើ​វិស័យ​អប់់រំ​ក្នុង​ខេត្ត​កំពត នា​ពេលកន្លងមក ដោយ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល និង​ការចូលរួម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ដៃគូ​ពាក់ព័ន្ធ​នានា​ផង​ដែរ ហើយ​ការអនុវត្ត​កម្មវិធី​សុខភាព​សិក្សា ក្នុងស្ថានភាព​ទឹកស្អាត និង​អនាម័យ​តាម​សាលារៀន​នេះ ធ្វើឲ្យ​ការប្រតិបត្តិ​នៅ​តាម​សាលារៀន​ក្នុង​ខេត្ត​កំពត ពិតជា​មាន​ភាគរយ​ខ្ពស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.