ប្រមុខ​ដឹកនាំ​ខេត្ត​កែប​ដឹកនាំ​មន្ត្រី​រាជការ កងកំលាំងប្រដាប់អាវុធ​ទូទាំង​ខេត្ត ធ្វើ​នាម័យ​សម្អាត​បរិស្ថាន​

​កែប ៖ នៅ​ព្រឹក​ថ្ងៃ​១០​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៧​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ស្រទាប់ និង​កង​កលាំង​ប្រដាប់អាវុធ​គ្រប់​អង្គភាព​ទូទាំង​ខេត្ត ចុះ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន ស្ថិត​តាម​ទីប្រជុំជន​និង​តាម​ដងផ្លូវ​គ្រប់​ទី​កន្លែង​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល​។​ការ​ធ្វើ​ពលកម្ម​អនាម័យ សម្អាត​បរិស្ថាន​នេះ ក្រោយ​ពី​ពិធី​បុណ្យ​សមុទ្រ​ត្រូវបាន​បញ្ចប់​អំឡុ​ពេល​ថ្មីៗ​នេះ​។​

​គេ​បាន​កត់សម្គាល់​ថា​៖​ដោយសារ​រយៈពេល​បី​ថ្ងៃ នៃ​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ គឺ​ការសហការ​រវាង​គណៈ​កម្ម​ការ​អន្តរក្រសួង​ជាមួយនឹង​រដ្ឋបាល​ខេត្ត​កែប​ពិតជា​ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ ប៉ុន្តែ​អំឡុងពេល​បុណ្យ​សមុទ្រ​នេះ ថ្វី​ត្បិត​ត្រូវបាន​ធ្វើ​រួចរាល់​ទៅ​ហើយ​ក្តី តែ​អាជ្ញាធរ​នៃ​តំបន់​ខាងលើ ហាក់​គ្មាន​ពេលទំនេរ​ឡើយ ព្រោះ​កាកសំណល់​និង​សំរាម​ត្រូវ​បាន​បន្សល់​នៅ​គ្រប់ទិសទី​ក្នុង​រមណីយដ្ឋាន​ឆ្នេរកែប​ផងដែរ​។​ម្យ៉ាងទៀត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ក្នុង​រយៈពេល​បី​ថ្ងៃនេះ​មាន​មនុស្ស​មក​ទស្សនា ល​ម្ហែ កម្សាន្ត​ប្រមាណ​ជាង​៥០​មឺ​ុ​ន​នាក់​ឯណោះ ទើបបាន​នាំយក​មក​ជាមួយ​នូវ​សំរាម​និង​កាកសំណល់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​។​

​ជាមួយនឹង​ការ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​នេះ គេ​ឃើញ​មន្ត្រីរាជការ​គ្រប់​អង្គភាព ព្រមទាំង​កងកំលាំង​ទាំង​បី បាន​បែងចែក​មុខព្រួញ​គ្នា ចាប់​ពី​មុខ​សាលាខេត្ត​កែប បន្ត​ឆ្ពោះទៅ​គោលដៅ​រៀងៗ​ខ្លួន ដោយ​ប្រើ​រថយន្ត​ដឹកជញ្ជូន​បណ្តាក់​គ្នា​ផងដែរ​។​លើសពី​នេះ​នៅតាម​ដងផ្លូវ​សំខាន់ៗ ក៏ដូចជា​ដង​ផ្លូវជាតិ​លេខ​33​និង​លេខ​33A​ព្រមទាំង​ដងផ្លូវ​ស្ថិត​តាម​ទីប្រជុំជន​នានា​ត្រូវបាន​មន្ត្រី​រាជការ​ក្នុង​ខេត្ត​កែប ធ្វើ​ការសម្អាត​យ៉ាង​ផុសផុល​។​

សូមជម្រាបថា​៖​ដោយសារ​បុណ្យ​សមុទ្រ​ជុំ​ទី​២​ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប​មាន​មនុស្ស​ចូលរួម​ច្រើន​ជាង​បុណ្យ​សមុទ្រ​ជុំ​ទី​១ ទើប​សំរាម​និង​កាក​សំណល់​គ្រប់​ប្រភេទ​ត្រូវ​បាន​បន្សល់​នៅទីនេះ​រាប់រយ​តោន ប៉ុន្តែ​ទោះជា​បែប​នេះ​ក្តី ប្រមុខ​ដឹកនាំ​ខេត្ត​ថ្វី​ត្បិត​មាន​ភាព​មមាញឹក និង​ហត់នឿយ​យ៉ាងណាក្តី លោក​នៅតែ​ខិតខំ​ដឹកនាំ​មន្ត្រី​រាជការ​ក្នុង​ខេត្ត ជម្រុញ​អនុវត្ត​ផែនការ និង​ខិតខំ​ធ្វើ​ការកែលម្អ​មិន​រាថយ​ឡើយ ដើម្បី​ប្រែក្លាយ​ខេត្ត​កែប​ឲ្យស្រប​តាម​សូចនាករ​ចំនួន​បី គឺ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត ស្រប​នឹង​ប្រធានបទ “​ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន​”​និង​តាម​ទិស​ស្លោក “​និរន្តរភាព​ទេសចរណ៍ សម្រាប់​ការអភិវឌ្ឍ​”៕
​សេង ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.