កម្មករសំណង់​សង់​លំនៅ​ឋាន​ក្នុង​ដី​ឡូ​មួយ​កន្លែង​ប្រទះឃើញ​គ្រាប់​ត្បាល់​៦០​ម​ម​ចំនួន​៦៧​គ្រាប់​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​មួយចំនួន​ទៀត​

​កំពត ៖ កម្មករ​និង​ជាងសំណង់​សាងសង់​លំនៅ​ឋាន​ក្នុង​ដីឡូត៍​មួយ​កន្លែង​ខាងលិច​ហាង​ហេង​រស្មី ស្ថិតនៅ​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខណៈ​ជីកដី​បុកគ្រឹះ​សសរ​ស្រាប់តែ​ប្រទះឃើញ​គ្រាប់កាំភ្លើង​ផ្លោង​(​ត្បាល់​៦០​មី​លី​ម៉ែត្រ​) ​នៅ​កប់​ក្នុង​ដី​មិន​ផ្ទុះ​ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គ្រាម​ជា​ច្រើន​គ្រាប់​មាន​គ្រាប់​ត្បាល់​៦០​ម​.​ម ចំនួន​៦៧​គ្រាប់ មីន​ក្លេម័រ​ចំនួន​១២​គ្រាប់ ក្បាល​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​២៧​គ្រាប់​និង​គ្រាប់កាំភ្លើង​ដៃ​គ្រប់​ប្រភេទ​ចំនួន​២​គីឡូ​ក្រា​​ម​ដែល​កប់​នៅក្នុង​ដី​។​បន្ទាប់ពី​ប្រទះឃើញ​ក្រុមកម្មករ​ក៏​បាន​រាយការណ៍​ជូន​នគរ​​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អណ្តូង​ខ្មែរ​ដើម្បី​ជួយ​អន្ត​រា​​គម​ហៅ​ក្រុម​ស៊ីម៉ាក់​មក​ទទួលយក​ទៅ​កំទេចចោល​។

​លោក​អនុសេនីយ៍ទោ ដា រ៉ា នាយ​ប៉ុស្តិ៍​អណ្តូង​ខ្មែរ​ស្តីទី​បានឲ្យដឹងថា​៖ កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ក្រុម​ជាង​សំណង់​បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់​នៅ​ក្នុង​ដីឡូត៍​ ​ដែល​ជា​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ទ្វី ទើប​លោក​ផ្តល់ដំណឹង​នេះ​យ៉ាង​ប្រញាប់ប្រញាល់​បំផុត​ទៅ​ក្រុម​ស៊ីម៉ាក់​ដើម្បី​មក​ពិនិត្យ​និង​យក​យុទ្ឋភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​ទៅ​ធ្វើ​ការកំទេច​ចោល ពេល​នោះ​ក្រុម​បោសសំអាត​មីន​កម្ពុជា (​ស៊ីម៉ាក់​)​ក៏​បាន​មក​ដល់​កន្លែង​ដែល​ប្រទះឃើញ​គ្រាប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ​ភ្លាមៗ​ផងដែរ​។

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តទៀតថា​៖​ក្រោយពី​ពិនិត្យ​រួចរាល់ ក្រុម​ជំនាញ​ស៊ីម៉ាក់​ក៏បាន​យក​គ្រាប់​មិន​ទាន់​ផ្ទុះ​ទាំងនោះ​ចេញ​ពី​កន្លែង​ការដ្ឋាន​ ខាងលើ​ដឹកយក​ទៅ​កំទេច​ចោល​នៅ​កន្លែង​ទី​សុវត្ថិភាព ​។ ​ជាមួយនេះ លោក​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​បងប្អូន​កម្ម​ករ​សំណង់​បើ​ប្រទះ​ឃើញ​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​ដូចខាងលើ សូម​កុំ​ប៉ះពាល់​វាឲ្យ​សោះ​ព្រោះវា​អាច​ផ្ទុះ​បាន​នៅពេល​ដែល​យើង​ទៅ​ប៉ះ​វា ដូច្នេះ​បើ​បាន​ប្រទះឃើញ​ត្រូវ​រាយការណ៍​មក​ប៉ុស្តិ៍​ដូច​ករណី​ដែល​ឃើញ​ថ្ងៃនេះ​ដែរ ដើម្បី​ចៀសវាង​កុំឲ្យ​មាន​ករណី​គ្រោះថ្នាក់​ដល់​អាយុជីវិត​៕ សេង ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.