ការរៀបចំ​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ និង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង ៥០ ម៉ឺន​នាក់

(​កែប​)៖ ពិធីបុណ្យ​សមុទ្រ​ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​មាន​មនុស្ស​ចូលរួម​មក​ទស្សនា​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់​។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​កែប ។​

​ទាក់ទិន​នឹង​ពិធីបុណ្យ​សមុទ្រ​នេះ អាជ្ញាធរ​ខេត្ត​កែប​បាន​ប្រាប់ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ថា​៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប​ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ក្រោម​កិច្ចសហការ​រវាង​គណៈ​កម្ម​ការ​អន្តរក្រសួង និង​អាជ្ញាធរ​ខេត្ត​កែប​។​

​ជាមួយនឹង​ការ​ប្រារព្វ​ពិធី​បុណ្យ​សមុទ្រ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ គេ​សង្កេតឃើញ​មាន​មនុស្ស​ចូលរួម ទស្សនា​យ៉ាងច្រើន​កុះករ ដែល​ភាគច្រើន​ជា​ពលរដ្ឋ​មកពី​គ្រប់​បណ្តា​ខេត្ត​-​ក្រុង ទូទាំង​ប្រទេស ក្នុងនោះ​ក៏​មាន​ភ្ញៀវ​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​លោក ប៉ុក ទា​ង អនុប្រធាន​មន្ទីរ​ទេ​សចណ៍​ខេត្ត​កែប បាន​លើកឡើង​ថា ជា​ទូទៅ​ក្នុង​ពិធីបុណ្យ​សមុទ្រ​រយៈពេល​បី​ថ្ងៃនេះ​ពិតជា​មាន​អ្នកចូលរួម​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់ កត្តា​បែបនេះ​នឹង​បាន​ធ្វើឲ្យ​អ្នកទ​ទួល​រ៉ាប់រ៉ង​តាម​ផែន​និមួយៗ​មាន​ភារកិច្ច​ដ៏​មមាញឹក ពិសេស​ផ្នែកអនាម័យ​សម្អាត​បរិស្ថាន​ក្នុង​បរិវេណ​ក្រុង​។​

​លោក​បាន​បាន​បញ្ជាក់ថា ដោយសារ​មាន​មនុស្ស​មក​លេង​ក្នុង​ពិធីបុណ្យ​សមុទ្រ​ច្រើន​បែប​នេះ អ្នកទទួល​ផែន​ត្រូវ​បន្ត​ការងារ​ជាប្រចាំ ដោយ​ត្រូវតែ​ប្រមូល​សំរាម​និង​កាក​សំណល់​ជា​រៀងរាល់ថ្ងៃ គ្រប់ពេល គ្រប់​នាទី ចេញពី​ដងផ្លូវ និង​កន្លែង​សាធារណៈ​នៃ​ទីប្រជុំជន​ខេត្ត​កែប​ទាំងមូល ដោយ​សកម្មភាព​នេះ​គឺ​ក្រុម​អនាម័យ​បាននាំគ្នា​ប្រមូល​សំរាម​-​កាកសំណល់​ទាំងយប់​ទាំង​ថ្ងៃ គ្មាន​ពេលទំនេរ​ឡើយ​។​លោក​អនុប្រធាន​មន្ទីរ​ទេសចរណ៍ បាន​អះអាង​ថា​៖​ក្នុង​ថ្ងៃ​ទី​២២​ជា​ថ្ងៃ​ទី​១​នៃ​បុណ្យ​សមុទ្រ​គឺ​មនុស្ស​មិន​សូវ​មក​ចូលរួម​ទេ លុះដល់​យប់​ថ្ងៃ​ទី​២៣​និង​ទី​២៤​ខែ​ធ្នូ ដែល​ជា​ថ្ងៃ​បញ្ចប់​ទើប​មាន​មនុស្ស​ច្រើន​ដូច​ទឹកបាក់​ទំនប់​។​

​ជុំវិញ​វិធានការ​សម្អាត​ក្រុងកែប​ក្នុង​ពិធីបុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ លោកស្រី ទិត សុខា អភិបាលក្រុង​កែប ដែល​ទទួល​ផ្នែក​អនាម័យ បាន​ប្រាប់​កម្ពុជា​ថ្មី តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ថា​៖​លោកស្រី​មិន​បានដឹង​ពី​ចំនួន​សំរាម​និង​កាកសំណល់​មាន​ចំនួន​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើ​តាម​ការប៉ាន់ប្រមាណ​អាច​មាន​រាប់រយ​តោន​ឯណោះ ចំណែក​មនុស្ស​ចូលរួម​ប្រហែល​រាប់លាន​នាក់​ផង​ដែរ​។​

​ដោយឡែក លោក​ព្រំ គន្ធិ នាយក​រដ្ឋបាល​សាលាខេត្ត​កែប បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ដដែល​ថា​៖​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប ចាប់ពី​ថ្ងៃ​ទី​២២-២៤​ខែ​ធ្នូ ឆ្នាំ​២០១៧​មាន​មនុស្ស​មក​ចូលរួម​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់ ហើយ​តួលេខ​នេះ​បូក​បញ្ចូល​ជា​មួួយក្រុម​ភ្ញៀវទេសចរណ៍​ផង​ដែរ​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.