​ខេត្ត​កែប​ជា​គោលដៅ​ទេសចរណ៍​បៃតង​របស់​កម្ពុជា​យ៉ាង​ពិតប្រាកដ​

កែប ៖ ថ្លែង​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា​ក្រោម​ប្រធានបទ​” ឆ្នេរសមុទ្រ​បៃតង អនាគត គឺ​បច្ចុប្បន្ន ” ជាមួយនឹង​ទិស​ស្លោក ” និរន្តរភាព​ទេសចរណ៍​សម្រាប់​ការអភិវឌ្ឍន៍ ” កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សាលា​ប្រជុំ​សាលាខេត្ត​កែប លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រ​សូង​ទេសចរណ៍​បាន​មានប្រសាសន៍ថា​៖​ខេត្ត​កែប​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​តំបន់ឆ្នេរ ដែល​មាន​បរិស្ថាន​ស្អាត ធម្មជាតិ​ស្រស់បំព្រង​ប្រកប​ដោយ​ភាព​ទាក់ទាញ​បំផុត​។ ក្នុងន័យ​នេះ​ហើយ ទើប​ខេត្ត​កែប​ត្រូវបាន​កំណត់​ជា​គោលដៅ​ទេសចរណ៍​បៃតង​សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត​ខាងមុខ​។

​ដូច្នេះ​ការទទួលយក​ដៃគូ​មក​វិនិយោគ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ចាំបាច់​មាន​ការទទួលខុសត្រូវ​ខ្ពស់ ពោល​គឺ​ឱ្យ​ប្រាកដថា​ក្រុមហ៊ុន​នោះ​ស្ថិតក្នុង​កម្រិត​ស្តង់ដារ​។​

​លោក រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្ត​ថា ជាមួយគ្នានេះ អ្នករក​ទទួលទាន​ត្រូវ​ចេះ​ចាប់យក​ឱកាស ព្រោះ​ខេត្ត​កែប​មាន​ការនិយម​មក​លម្ហែ កម្សាន្ត និង​ស្នាក់នៅ​ពី​សំណាក់​ភ្ញៀវ​បរទេស​តាំងពី​យូរយារ​ណាស់​មកហើយ​។ រឿង​ដែល​សំខាន់ ប្រតិបត្តិ​ករ​ត្រូវ​រៀន​បន្ថែម​នូវ​របៀប​បដិសណ្ឋារកិច្ច ជំនាញ​ម្ហូបអាហា​រទាំង​សម្រាប់​ភ្ញៀវ​ជាតិ ទាំង​ភ្ញៀវ​អន្តរជាតិ​។ ផ្អែក​លើ​ប្រធានបទ​នៃ​អង្គ​សិក្ខាសាលា​ខាងលើ ដើម្បី​ឲ្យ​ទីក្រុង​ឆ្នេរ​សមុទ្រ​នេះ​មាន​ភាព​បៃតង​ដូច​អ្វី​ដែល​បានកំណត់​ក្នុង​គោលដៅ​ទេសចរណ៍ គ្រប់​មជ្ឈដ្ឋាន​ត្រូវ​រួមគ្នា​ការពារ​បរិស្ថាន និង​រក្សា​ឲ្យបាន​នូវ​ភាពអនាម័យ​។​

​លោក ថោង ខុន បាន​រំលឹកថា​៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​ត្រូវ​ចាប់ផ្តើម​អប់រំ​ផ្សព្វផ្សាយ​ដល់​អាជីវករ ពិសេស​ម្ចាស់​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​តម្រូវ​ឲ្យ​ចាប់ផ្តើម​បញ្ឈប់​ការដាក់​ក្រដាសអនាម័យ​សម្រាប់​ភ្ញៀវ​នៅតាម​តុ​អាហារ​ឬ​តាម​កន្លែង​លក់​ចំណីអាហារ​នានា ដោយ​ជំនួស​នូវ​ការប្រើ​កន្សែង​ត្រជាក់​វិញ​។ លោក រដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា ផែនការ​នេះ​នឹង​អប់រំ​ផ្សព្វផ្សាយ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ចាប់ពី​ឆ្នាំ​២០១៨​តទៅ​។ វិធី​នេះ​នៅ​ប្រទេស​សិង្ហបូរី​គេ​បាន​អនុវត្ត​ជា​យូរ​មក​ហើយ​។  ការដាក់​ក្រដាសអនាម័យ​នឹង​មិន​អាច​ជៀសផុត​ពី​ភ្ញៀវ​បោះ​រប៉ាត់រប៉ាយ​ក្រោម​តុ​អាហារ​នោះឡើយ​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា​៖ រដ្ឋបាល​ខេត្ត​បាន និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការអភិរក្ស និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រីកចម្រើន ស័ក្តិសម​ជា​ខេត្ត​តារា​រះ​នា​ទិសនិរតី​។ លោក​អភិបាលខេត្ត​បាន​បន្តថា ផ្តើមចេញ​ពី​កត្តា​ស្ថេរភាព​នយោបាយ សន្តិសុខ ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច យុទ្ធសាស្ត្រ​ទីផ្សារ​បើកចំហ​ជើងមេឃ ការកើនឡើង​តម្រូវការ​សម្រាប់​ផ្នែក​ទេសចរណ៍​ឆ្នេរសមុទ្រ​ក្នុង​តំបន់ និង​ការអភិវឌ្ឍន៍​ប្រកប​ដោយ​ភាព​ទាក់ទាញ​បាន​ធ្វើឱ្យ​ភ្ញៀវ​មក​ទស្សនា សម្រាកលម្ហែ​កម្សាន្ត​ក្នុង​ខេត្ត​កែប​មាន​បរិមាណ​កើនឡើង​ជា​លំដាប់​ផងដែរ​។ ជាក់ស្តែង​រយៈពេល​១១​ខែ ឆ្នាំ​២០១៧ ខេត្ត​កែប​ទទួលភ្ញៀវ​ទេសចរ​បាន​ប្រមាណ​ជាង​មួយ​លាន​នាក់​កើនឡើង​៣៥,៥៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦​កន្លង​ទៅ​នោះ​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.