រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​៖ ចួលរួម​ដាំ​កូន​ឈើម្នាក់​១​ដើម​អាច​ការពារ​បរិស្ថាន​និង​ប្រែក្លាយ​ឆ្នេរ​កម្ពុជា​ជា​ឆ្នេរ​បៃតង​

(​កែប​)៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​មានប្រសាសន៍ថា ការចូលរួម​ដាំ​ដើមឈើ​ម្នាក់​១​ដើម អាចជួយ​ការពារ​បរិស្ថាន និង​អាច​ប្រែក្លាយ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ជា​ឆ្នេរ​បៃតង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ លើក​មុខមាត់​ប្រទេស​កម្ពុជា បង្កើន​ប្រាក់ចំណូល នាំទៅរក​ការអភិវឌ្ឍន៍​។ លោក​រដ្ឋមន្ត្រី​លើក​ឡើង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ដាំ​កូន​ឈើ​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​ធ្នូ ឆ្នាំ ២០១៧ ក្នុង​គោលបំណង​អបអរសាទរ​ទិវា​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ នៅ​ខេត្ត​កែប​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃស្អែក​នេះ​។

​នៅក្នុង​ពិធី​នោះ​លោក រដ្ឋមន្ត្រី​បាន​បំផុស​ឲ្យ​យុវជន​ស្រឡាញ់ ការពារ​ថែរក្សា និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យបាន​គ្រប់​គ្នា និង​យ៉ាងហោច​ណាស់​ម្នាក់​ឲ្យបាន​មួយដើម ដើម្បី​ទុកជា​អនុស្សាវរីយ៍​ផង និង​ដើម្បី​រួមចំណែក​ក្នុង​ការការពារ​បរិស្ថាន​បៃតង ជាពិសេស​ចូលរួម​ចំណែក​ក្នុងការ​ប្រែក្លាយ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ជា​ឆ្នេរ​បៃតង​ស្រស់ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឲ្យមក​លេង​កម្សាន្ត​កាន់តែ​ច្រើន​ថែម​ទៀត ស្រប​ទៅ​នឹង​ពាក្យស្លោក​ថា​៖​ឆ្នេរសមុទ្រ​បៃតង​”​អនាគត គឺ​បច្ចុប្បន្ន​”  “​និរន្តរភាព​ទេសចរណ៍​គឺជា​ការអភិវឌ្ឍន៍​”​។

​លោក កែ​ន សត្ថា អភិបាល​ខេ​ត​កែប នៅក្នុង​ឱកាស​នោះ​ដែរ​បាន​លើកឡើង​ថា​៖ ជា​មោទនភាព​ណាស់​សម្រាប់​ប្រជាជន​ខេត្ត​កែប ដែល​បាន​រស់នៅ​លើ​ទឹកដី​ដ៏​ស្រស់ត្រកាល​នេះ​។​ខេត្ត​កែប​មាន​ទីក្រុង​ស្អាត ទទួលបាន​រង្វាន់​របស់​អាស៊ាន “​ទីក្រុង​ស្អាត និរន្តរភាព​បរិស្ថាន​អាស៊ាន​” ហើយ​ខេត្ត​កែប​មាន​អំណោយផល​ធម្មជាតិ​ខ្លាំង​មែនទែន លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ពិ​ភពផែនដី​មាន​អ្វីខ្លះ ខេត្ត​កែប​នឹង​មាន​បែប​នោះដែរ​។ ដូច្នេះ​ក្នុង​នាម​ជា​ពលរដ្ឋ និង​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ថែរក្សា ការពារ និង​ចូលរួម​ដាំ​ដើមឈើ​ឲ្យ​ច្រើន​បន្ថែមទៀត ដើម្បី​ធ្វើឲ្យ​កែប បន្ត​រក្សាបាន​នូវ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត​តរៀង​ទៅ​។

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ក្រោយ​ពេល​ដាំ​ដើមឈើ​រួច មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត ពិសេស​មន្ទីរ​ទេសចរណ៍ និង​បរិស្ថាន បានដឹង​នាំ​មន្ត្រី យុវជន សិស្សានុសិស្ស និស្សិត ដើរ​រើស​សំរាម​សម្អាត តាម​មាត់​ឆ្នេរ និង​ដងផ្លូវ​តាម​បណ្តា​យ​ឆ្នេរ  ពិសេស​ចំណុច​បរិវេណ​មុខ​សាលាខេត្ត​កែប ដែល​ជា​ទីតាំង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!