​ស្នងការ​នគរបាល​ខេត្ត​កែប​ផ្សព្វផ្សាយ​គោលការណ៍​៧​ចំណុច​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​សមុទ្រ​

កែប ៖ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​ក្នុង​ពិធីបុណ្យ​សមុទ្រ​និង​ការពារ​សុវត្ថិភាព សម្តេច​តេជោ ហ៊ុន សែន និង​សម្តេ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​អគារសិក្សា​នៅ​វិទ្យាល័យ​ប៊ុនរ៉ានី​ចរិយា​វង្ស នាពេល​ខាងមុខ​នេះ នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​ឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប បាន​ធ្វើ​ការផ្សព្វផ្សាយ​គោលការណ៍​សំខាន់ៗ​ចំនួន​៧​ចំណុច សម្រាប់​អនុវត្ត ក្នុង​គោលបំណង​បញ្ចៀស​នូវ​ហេតុការណ៍​កើតឡើង​ជា​យថាហេតុ​ផ្សេងៗ​។​

​ជាមួយ​នេះ​លោក​ស្នងការ​ក៏​បាន​ជម្រុញ​ដល់​សាធារណៈជន បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ត្រូវអនុវត្ត​តាម​ការផ្សព្វផ្សាយ​ដូច​ខាងក្រោយ​៖
​ទី​១-​អាជ្ញាធរ​នឹង​បិទ​ផ្លូវ​ជាតិ​លេខ​33A​ចាប់ពី​ចំណុច​មុខ​សាលាខេត្ត​កែប រហូត​ទៅ​ដល់​ឆ្នេ​រហែលទឹក ដោយ​ការបិទ​ចរាចរណ៍​នេះ​នឹង​ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ទី​២២​រហូត​ដល់​ថ្ងៃ​ទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៧ ហើយ​យើង​ឲ្យ​បងប្អូន​ជា​អ្នកដំណើរ​ដែល​ត្រូវ​ឆ្លងកាត់​នេះ​ធ្វើដំណើរ​តាមផ្លូវ​វាង ដោយ​មាន​កងកម្លាំង​នគរបាល​ចរាចរណ៍​និង​កម្លាំង​កងរាជអាវុធហត្ថ​ជា​អ្នក​បង្ហាញផ្លូវ​។​

​ទី​២-​សាធារណៈជន​និង​ភ្ញៀវ​ដែល​មក​លេង​បុណ្យ​សមុទ្រ​នេះ សូមឲ្យ​មាន​ការប្រុងប្រយ័​ត្ន ម្ចាស់ការ​លើ​ផ្នែក​សន្តិសុខ​ផ្ទាល់ខ្លួន ទាំង​មធ្យោ​ផ្ទាល់ខ្លួន ក៏ដូចជា​គ្រឿងអលង្កា​ជាដើម ជម្រើស​ដ៏​ល្អ​គួរ​ផ្ញើរ​មធ្យោបាយ​ទាំងនោះ​នៅ​កន្លែង​ដាក់​បញ្ញើរ​ទើប​ប្រសើរ ធ្វើ​បែប​នេះ​យើង​ជៀសវាង​ការបាត់បង់​ទ្រព្យសម្បតិ្ត​មានតម្លៃ​ផ្សេងៗ​។​

​ទី​៣-​លោក​ស្នើសុំ​ក្នុង​ការប្រុងប្រយ័ត្ន​ចំពោះ​ក្មេង​តូចៗ​ដែល​មក​តាម​ជាមួយ ដើម្បី​ជៀសវាង​ការ​វង្វេង ព្រោះ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​មាន​មនុស្ស​ច្រើន ហើយ​បើ​មាន​ករណី​វង្វេង​សូម​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បីឲ្យ​ជួយ​ប្រកាសរក និង​ជម្រើស​ដ៏​ល្អ​គួរ​សរសេរ​លេខ​ទូរស័ព្ទ​ដាក់​តាម​ហោប៉ៅ​កូន​របស់​ខ្លួន​។​

​ទី​៤-​សុំ​ឲ្យ​ប្រុងប្រយ័ត្ន​និង​បង្កា​អគ្គីភ័យ​មុនពេល​ចេញ​ពី​ផ្ទះ​សូម​ពិនិត្យមើល​ភ្លើងទៀន ភ្លើង​ធូប ឬ​ចរន្តអគ្គិសនី បើ​អាច​បិទ​បារ៉ែត​កាន់តែ​ល្អ ហើយ​ត្រូវ​បិទ​បង្អួត ចាក់សោរ​ទ្វារ​ផ្ទះ​ឲ្យបាន​ត្រឹមត្រូវ ។ ចំពោះ​អាជីវករ​ក្នុង​តំបន់ ពិសេស​ចំណុច​ផ្សារ​ក្តាម​សូម​បង្កា​ប្រុងប្រយ័ត្ន​ខ្ពស់​រាល់​ការប្រើ​ហ្កាស​ចំអិន​អាហារ គួរ​បង្កា​បំពង់​សម្រាប់​ពន្លត់​អគ្គីភ័យ​របស់​ខ្លួន​ជា​ប្រចាំ​។​

​ទី​៥-​លោក​ស្នើសុំ​កុំឲ្យ​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារៈ​ដែល​គណៈកម្មការ​អន្តរក្រសួង​និង​សមត្ថកិច្ច​បាន​ហាមឃាត់ និង​ច្បាប់​ហាមប្រាម ដូចជា​ការប្រើ​ឯកសណ្ឋាន​ខុសច្បាប់ រួមមាន​៖​ឯកសណ្ឋាន​ប៉ូលិស កង​ខេមរភូមិន្ទ កង​រាជ​អាវុ​ហត្ថ​ជាដើម​។​

​ជាមួយនេះ​ក្នុង​ពិធី​នេះ​ហាម​ដាច់ខាត​មិនឲ្យ​ប្រើប្រាស់​អាវុធជាតិផ្ទុះ ដាវ កាំបិត ខ្នោះដៃ ស្នាប់​ដៃ ដែល​សុទ្ធសឹង​ជា​ឧបករណ៍​ល្មើសច្បាប់​។​ក្រៅពី​នោះ​បើ​ពុំ​មាន​ការចាំបាច់ គឺ​មិន​អនុញ្ញាតឲ្យ​ប្រើ​ផាវ​និង​កាំជ្រួ​ចឡើយ​។​

​ទី​៦-​ស្នើ​សុំ​កុំឲ្យ​មាន​ការ​បង្ហោះ​ដ្រូ​ន Drone ដោយ​ការប្រើ​ដ្រូ​ន​នៅ​ទីនោះ​មានតែ​អ្នកយកព័ត៌មាន​ទូរទស្សន៍ ក្នុង​អង្គភាព​ណាមួយ ដែល​បាន​ស្នើសុំ​ពី​គណៈកម្មការ​អន្តរ​ក្រសួង​រួច​ហើយ​។​

​ទី​៧-​សាធារណៈជន ពិសេស​ភ្ញៀវ​ដែល​មក​លេង​នៅ​ទីនេះ ត្រូវ​ស្វែងយល់​ពី​លេខ​ទូរស័ព្ទ​របស់​កម្លាំង​សមត្ថកិច្ច ព្រោះ​ពេល​នេះ​សមត្ថកិច្ច​យើង​ក៏​បាន​ផលិត​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ជា​ច្រើន​ខ្សែ​ផងដែរ​។​តា​រយៈ​នេះ បើ​សាធារណៈជន​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ សូម​ផ្តល់​ដំណឹង​ជូន​សមត្ថកិច្ច ដែល​មាន​គ្រប់កន្លែង​នៅ​ទីនោះ​ដើម្បី​ចាត់ការ​ទាន់ពេលវេលា​។​

​សូមជម្រាបថា​៖ ពិធីបុណ្យ​សុ​ទ្រ​លើក​ទី​៦ ជុំ​ទី​២​នៅ​ខេត្ត​កែប នឹង​ត្រូវ​ធ្វើឡើង​តាម​ការកំណត់ នៅ​ថ្ងៃ​ទី​២២,២៣,២៤​ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ​កម្ម​វិធី​នេះ​នឹង​មាន​ការប្រគុំ​តន្ត្រី​គ្រប់​ប្រភេទ ទាំង​បុរាណ ទាំង​សម័យ ដែល​មាន​ការចូលរួម​សំដែង​ពី​តារា​ល្បីៗ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការប្រកួត​កីឡា លើ​ឆ្នេរ​ខ្សាច់ លើ​ទឹក​និង​លើ​អាកាស​ផងដែរ ។ ដោយឡែក ស្តង់​ដែល​យក​មក​បង្ហាញ​ផលិតផល​ក្នុង​ពិធីបុណ្យ​សមុទ្រ​នេះ​មាន​ចំនួន​៥២០​ស្តង់​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!