វេទិកា​សាធារណៈ​ស្ដីពី​ការពិគ្រោះ​យោបល់ លើ​គម្រោង​អា​ជី​កម្ម ផលិត​ចំណី​សត្វ និង ដុត​ថ្មកំបោរ នៅ​ឃុំ​ស្ដេច​គង់​ខាងត្បូង ស្រុក​បន្ទាយ​មាន ខេត្ត​កំពត​

កំពត ៖ វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​គម្រោង​អាជីវកម្ម​ផលិត​ចំណី​សត្វ និង​ដុត​ថ្ម​កំបោរ ត្រូវបាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នៅ​ភូមិ​ស្ដេច​គង់ ឃុំ​ស្ដេច​គង់​ខាងត្បូង​ស្រុក​បន្ទាយមាស ខេត្ត​កំពត ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។     អង្គ​វេទិកាសាធារណៈ នេះ​មាន​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ ប្រមាណ​ជាង​២០០​នាក់​ដើម្បី​ធ្វើ​ការពិគ្រោះ​យោបល់ លើ​គម្រោង​អា​ជី​កម្ម​ផលិត​ចំណី​សត្វ​និង ដុត​ថ្មកំបោរ របស់​សហគ្រាស លី គឹម​វុន នៅ​ភ្នំ​ស្ដេច​គង់​ហៅថា​ភ្នំ​ស្ដេច​គម្រង់​។​

​វេទិកា​សាធារណៈ​នេះ​រៀបចំឡើង​ដោយ ក្រសួង​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​ខេត្ត​កំពត​។

.​មានប្រសាសន៍​ជួប​ជាមួយ​ប្រជាពលរដ្ឋ លោក ចាន់ ចេស្ដា​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​តែងតែ​មាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ​ហ៊ុនសែន ដែល​បច្ចុប្បន្ន​ប្រទេស​ជាតិ​កំពុងតែ​មាន​សុខសន្តិភាព​និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​បម្រើ​បាន​នូវ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ឈានដល់​ដំណាក់កាល មួយ​ដែល​ធ្វើឲ្យ​ជីវភាព​ប្រជាជន​មាន​ការរីក​ចម្រើន​នៅ​ក្នុង​គ្រួសារ​នី​មួយៗ​ជា​បណ្ដើរៗ​។

​លោក អភិបាល​ខេត្ត​ក៏​បាន មានប្រសាសន៍ រំលឹក​ដែរ​ថា​៖​ប្រទេស​ជាតិ​បើ​គ្មាន​សុខសន្តិភាព​គឺ​កុំ​ថាឡើយ​ការអភិវឌ្ឍន៍ សូម្បី​តែ​សិទ្ធិសេរីភាព​ផ្សេងៗ​ក៏​គ្មាន​ដែរ​។​ដូច្នេះ​តាមរយៈ​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ​ហ៊ុនសែន គឺ​បាន​ពង្រឹង និង​ធានាបាន នាំមក​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​បាន​ល្អប្រសើរ  រួម​និង​ការ​កសាងបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ​និង​ប្រជាជន​យើង​។

​ជាពិសេស​ផ្តល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ការចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ដូច​ដែល​អង្គ​វេទិកា​យើង​បាន​ជួបជុំគ្នា​នា​ពេល​នេះ​ជា​ការជាក់ស្ដែង​។​លោក ចាន់ ចេស្តា អភិបាល​ខេត្ត​ក៏​បាន​សំណូមពរ​ស្នើ​ឲ្យ​សហគ្រា​សផ្តល់​អាទិភាព​ជា​ចម្បង​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ​ក្នុង​ការទទួលបាន​ឱកាស​ការងារ​ធ្វើ​នៅក្នុង​សហគ្រាស ដើម្បី​កាត់បន្ថយ​ភាព​លំបាក​របស់​ពលរដ្ឋ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ​ស្រុក និង​ជួយ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​ផងដែរ​។

​នៅក្នុង​វេទិការ​សាធារណៈ​នោះ​ដែរ​លោក ហេង ចាន់​ធួន​អនុរដ្ឋលេខាធិការ​តំណាង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ក៏បាន​លើកឡើង​ដែរ​ថា ៖​ក្រុមហ៊ុន និង​សហគ្រាស​គឺជា​ដៃគូរ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេសជាតិ​មិន​អាច​ខ្វះ​បាន ។ ជាពិសេស​ផ្តល់​ឱកាស​ការងារ​និង​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ឈានដល់់​ការកាត់បន្ថយ​បាន ភាពក្រីក្រ ជូន​ដល់់​គ្រួសារ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ទាំងមូល​។ ប៉ុន្តែ​នៅក្នុង​កិច្ចអភិវឌ្ឍន៍​អ្វីមួយ រាជរដ្ឋាភិបាល​ក៏​ដូច​ក្រសួង ស្ថាប័ន​ជំនាញ​នី​មួយៗ ត្រូវតែ​អនុវត្ត​នូវ​គោលនយោបាយ​ជាតិ​ច្បាស់លាស់​ស្របទៅនឹង​លក្ខខណ្ឌ​របស់​ក្រសួង មុនពេល​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន ឬ​សហគ្រាស​ណាមួយ​បើក​ធ្វើ​អាជីវកម្ម ឬ​វិនិយោគ​។ ដើម្បី​ជា​ការធានា​និរន្តរភាព បម្រើ​ដល់​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក រវាង​រដ្ឋ​និង​អ្នកវិនិយោគ​។​ពិសេស​ពាក់ព័ន្ធ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ដែល​តម្រូវឲ្យ​មាន​ការចូល​រួម​ផ្ដល់់យោបល់​និង​ការគាំទ្រ​ផង​ដែរ ដូច​ដែល​គោលបំណង​នៃ​អង្គ​វេទិកា​យើង​នាពេលនេះ​។

​លោក អនុរដ្ឋលេខាធិការ​ក៏​បាន​គូ​សប​ញ្ញាក់​ទៀត​ថា​៖ នៅ​ខេត្ត​កំពត​គឺជា​ខេត្ត​មួយ​មាន​សក្ដានុពល​ក្នុង​វិស័យ​រ៉ែ និង​ថាមពល​កំពុង​បាន​ដំណើរការ​ផលិត និង​បាន​រួមចំណែក​ដល់់​ចំណូល​សេដ្ឋកិច្ចជាតិ​ផងដែរ​។ ហើយ​តាមរយៈ​ចំណូល​ថវិកា​ទាំងនេះ នឹង​ជួយ​ធ្វើឲ្យ​មាន​ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ជួយ​បង្កើន​កំណើនសេដ្ឋកិច្ច​ប្រទេស​ទាំងមូល​ទៀតផង​។​

អង្គ​វេទិកា​នេះ​បាន​បញ្ចប់​បន្ទាប់ពី មាន​ការចូលរួម​មតិយោបល់​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ​និង​ព្រះសង្ឃ ដែល​បាន​លើក​សំណូមពរ​ឲ្យ​បង្កើន​ការអភិវឌ្ឍ​បន្ថែម​ទៀត​និង​សុំ​ដោះស្រាយ​ពាក់ព័ន្ធ នឹង​ការធ្វើ​ផ្លូវ និង​បណ្ដាញ​អគ្គិសនី​ក្នុង​មូលដ្ឋាន ដោយ​មាន​ការគាំទ្រ​ហើយ​ពុំ​មាន​ការលើកឡើង​ពី​ផលប៉ះពាល់​នៃ​ការធ្វើ​អា​ជី​កម្ម​របស់​សហគ្រាស​លី គឹម​វុន​ផលិត​ចំណី​សត្វ​និង ដុត​ថ្មកំបោរ​នេះឡើយ​៕ ណា​រិទ្ធ​

 

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 8962 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!