លោក​ចាន់ ចេស្តា អភិបាល​ខេត្ត​កំពត ដឹកនាំ​មន្ត្រី​រាជការ កងកំលាំងប្រដាប់អាវុធ ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់ត្រាច​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក​ចាន់ ចេស្តា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​ធំ​ខាងលិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​នេះ​ជា​កិច្ចការ​ចែករំលែក​មួយ​យ៉ាង​ប្រពៃ ដែល​ប្រមុខ​ដឹកនាំ​ខេត្ត​កំពត តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ស្ថិត​តាម​តំបន់​នានា​ទូទាំង​ខេត្ត ហើយក៏​ជា​ការកសាង​ទំនុកចិត្ត បង្កើន​ភាព​ស្និត​ស្នាល​និង​ភាពជឿជាក់​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​មក​លើ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​និង​កងកំលាំងប្រដាប់អាវុធ​។​ជាក់ស្តែង​ការ​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ព្រឹក​នេះ ក្រៅ​ពី​វត្តមាន​លោក ចាន់ ចេស្តា ក៏​មាន​ការចូលរួម​ពី លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា លោក​អភិបាល អភិបាលរង​ស្រុក កងកំលាំង​ទាំង​បី ព្រម​ទាំង​អាជ្ញាធរ​ក្នុង​តំបន់ ខិតខំ​សស្រាក់សស្រាំ​ជួយ​ចុះ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​កំលាំង​ពលកម្ម ស្ត្រី​ម៉េ​ម៉ា​យ​គ្មាន​ទីពឹង ក្នុង​ភូមិ​បឹង​ធំ​ខាង​លិច ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច​។​

​ជាមួយ​នេះ​បើ​តាម​ការ​ឲ្យដឹងពី លោក ចាន់ រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត បាន​បង្ហើប​ថា​៖​ក្នុង​ឆ្នាំ​២០១៧​នេះ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត បង្កបង្កើនផល​បាន​ចំនួន​៣៨​ពាន់​៣៩៩​ហិកតា លើ​ផ្ទៃដី​សរុប​ចំនួន​១២៦​ពាន់​ហិកតា​។​លោក​បាន​បញ្ជាក់ទៀតថា​៖​ដោយសារ​អំណោយផល​ពី​ធម្មជាតិ រួម​នឹង​កត្តា​បច្ចេកទេស​នៃ​ផ្នែក​កសិកម្ម នឹង​ធ្វើឲ្យ​ទិន្នផល​ស្រូវ​ឆ្នាំនេះ មាន​កំណើន​ខ្ពស់​ជា​ឆ្នាំ​មុន​ផងដែរ​។​

​លោក​ចាន់ ចេស្តា អភិបាលខេត្ត បាន​លើកឡើង​ថា​៖ ជាទូទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​តែងតែ​យល់ច្បាស់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​ការ​ចុះជួយ​នេះ គឺ​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​និង​ជា​ទំនៀម​ទំលាប់​របស់​ថ្នាក់ដឹកនាំ ដើម្បី​ជួយ​សម្រាល​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​កំលាំង​ពលកម្ម ចាស់ជរា ស្ត្រី​ម៉េ​ម៉ា​យ​ជាដើម​។​ដូច្នេះ​លោក​សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការដាំដុះ​នូវ​ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ​បន្ថែមទៀត កុំ​ឲ្យ​សល់​ដី​ទំនេរ​ដើម្បី​ពង្រឹង​ជីវភាព​គ្រួសារ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ព្រោះ​បច្ចុប្បន្ន​ភោគផល​ដែល​បានមក​ពី​របរ​កសិកម្ម​សុទ្ធសឹង​មាន​ទីផ្សារ​ទាំងអស់​។​

​ក្នុង​ខណៈ​នេះ​ដែរ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រែ ក៏​បាន​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ លោក​អភិបាល​ខេត្ត​កំពត ដែល​បាន​ដឹកនាំ​មន្ត្រី​រាជការ​មក​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​របស់​ពួកគាត់​នាពេលនេះ​៕
​ណា​រិទ្ធ​

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.