​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ភាគច្រើន​នាំគ្នា​សម្រុក​ដាំ​អំពៅ​ខណៈ​ដំណាំ​ប្រភេទ​នេះ​កំពុង​មាន​ហាងឆេង​

កំពត ៖ ដោយសារ​តែ​ហាងឆេង​អំពៅ​កំពុង​ឡើងថ្លៃ​ជាង​មុន គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទឹកឈូ ខេត្ត​កំពត បាននាំគ្នា​ដាំ​អំពៅ​យ៉ាង​មមាញឹក​។​

​បើ​តាម​សំដី​លោកពូ សំណាង ដែល​ជា​កសិករ​រស់នៅ​ក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត បានឲ្យដឹងថា​៖ ដោយសារ​នៅក្នុង​ភូមិសាស្ត្រ​នេះ មាន​ប្រភពទឹក​គ្រប់គ្រាន់ ព្រម​ជាមួយនឹង​អំណោយផល​ធម្មជាតិ​ផង​នោះ ប្រជាពលរដ្ឋ​នៅ​ទីនេះ គឺ​ភាគច្រើន​បាន​ជ្រើស​យក​មុខរបរ​កសិកម្ម​ជា​មូលដ្ឋាន ដូចជា​ដាំ​បន្លែបង្កា​ជាច្រើន​មុខ រួមមាន​៖​ស្ពៃ ខាត់​ណា ននោង ត្រសក់ ត្រឡាច ល្ពៅ​ជាដើម​។​ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ​បន្ទាប់​ពី​អំំ​ពៅមាន​ហាងឆេង​ខ្ពស់​ជាង​មុន ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​ខាងលើ​ក៏​នាំគ្នា​ងាក​មក​ដាំ​អំពៅ​វិញ​ម្តង ព្រោះ​តែ​ដី​នៅ​ភូមិសាស្ត្រ​នេះ​សំបូរ​ដោយ​ជីជាតិ និង​មាន​សំណើម​ទាំង​ខួប​ប្រាំង ខួប​វស្សា ដែល​អាច​ធ្វើឲ្យ​ដំណាំ​អំពៅ​លូតលាស់​បានល្អ​។​

​ដោយឡែក បើ​តាម​ការលើកឡើង​ពី​ឈ្មួញ​ដើរ​ទិញ​អំពៅ​បានឲ្យដឹងថា​៖ សព្វថ្ងៃ​ទីផ្សារ​អំពៅ​ហាក់​កក្រើក​ឡើងវិញ បន្ទាប់​ពី​តម្លៃ​ធ្លាក់ចុះ​មួយ​រយៈ​កន្លងមក​។​គាត់​បាន​បញ្ជាក់ថា​៖ កាលពី​ឆ្នាំ​២០១៦ អំពៅ​បាន​ធ្លាក់​ថ្លៃ​ចុះ​យ៉ាងគំហុក ដែល​ធ្វើឲ្យ​ក្រុម​ឈ្មួញ​ជាច្រើន​នាក់ ដែល​យក​ប្រាក់​ទៅ​កក់​ចំការ​អំពៅ​ត្រូវ​ខាតបង់​ថវិកា​រាប់មឺុន​ដុល្លារ ខ្លះ​យំ​មិន​ចេញ​ដោយសារ​ចង​ការប្រាក់​ពី​ធនាគារ មក​ទិញ​អំពៅ លុះ​ពេល​ដឹងថា អំពៅ​ចុះថោក​ក៏​បង្ខំចិត្ត​បោះបង់​ចោល​ប្រាក់​កក់​អស់​រាប់ពាន់​ដុល្លារ​ផងដែរ​។​គាត់​បានឲ្យដឹង​ទៀតថា នៅ​ឆ្នាំ​២០១៧​នេះ​ហាងឆេង​អំពៅ​មានតម្លៃ​ខ្ពស់​ជា​ឆ្នាំមុន​ទ្វេរ​ដង ដែល​ជា​ឱកាស​មួយ​អាច​ឲ្យ​គាត់​ស្រង់ដើម​ការខាតបង់​កា​លពី​ឆ្នាំមុន​បាន​ខ្លះ​ដែរ​។​ចឹង​ហើយ​ទើប​គាត់​ខំ​ជួល​រថយន្ត​មក​ដឹកជញ្ជូន​ផល​អំពៅ​ទៅ​បោះ​ឲ្យ​ម៉ូយ​នៅ​តាម​បណ្តា​ខេត្ត​នានា ពិសេស នៅតាម​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​ជា​ដើម​។​

​ជាមួយ​នេះ​ដែរ​ដី​បង្កបង្កើន​ផល​រាប់ពាន់​ហិកតា ស្ថិតក្នុង​តំបន់​ខេត្ត​កំពត ក្រៅពី​ដាំ​អំពៅ កសិករ​ក្នុង​ភូមិសាស្ត្រ​និមួយៗ​តែងតែ​មាន​ទម្លាប់​ដាំ​ដំណាំ​រួមផ្សំ​គ្រប់​ប្រភេទ គ្រប់​ប្រភេទ​ដោយ​មិន​ទុក​ឲ្យ​ដី​នៅ​ទំនេរ​ឥតប្រយោជន៍​ឡើយ ដែល​ធ្វើឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ធូរធា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​៕ ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

© 1101 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!