មហាជន​ឆ្ងល់​ថា អ្នក​ធ្វើ​អា​ជី​កម្ម​ដីភ្នំ​ដែល​មាន​អាជ្ញាប័ណ្ណ តើ​មាន​ដែន​កំណត់​ដែរឬទេ​?

(​កំពត​)៖ មហាជន​នៅ​តែ​ងឿងឆ្ងល់ ហើយ​តែង​ចោទសួរ​គ្នា​ថា​៖ អ្នក​ធ្វើ​អាជីវកម្ម​ដែល​កាន់​អាជ្ញាប័ណ្ណ​ដីភ្នំ តើ​មាន​ដែន​កំណត់​ដែរឬទេ​?​ការ​ចោទសួរ​បែបនេះ ខណៈ​ម្ចាស់​គ្រឿងចក្រ​ភាគច្រើន តែង​ជីក​កកាយ​យក​អាចម៍ដី​តាមតែ​អំពើ​ចិត្ត ដោយ​មិន​បាន​អនុវត្តតាម​គោលការណ៍​របស់​ជំនាញ​ឡើយ​។​

​ដោយឡែក​ភ្នំ​កូវ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្វី​ត្បិត​ម្ចាស់​អាជីវកម្ម​អះអាងថា មាន​អាជ្ញា​ប័ន​ត្រឹមត្រូវ​ក៏ពិតមែន ប៉ុន្តែ​ការជីក​កកាយ​យក​អាចម៍ដី​មាន​ទំហំ​យ៉ាង​ធំធេង ដោយ​បាន​ជីក​រូង​ស្ទើ​ឡើងដ​ល់​កំពូលភ្នំ​ទៅហើយ ទើប​មជ្ឈដ្ឋាន​ជាច្រើន កាន់តែ​មាន​មន្ទិល​មិនចេះចប់​មិនចេះហើយ​។​

បើ​តាម​ប្រភព​គួរ​ទុកចិត្ត​១០០​ភាគរយ​បាន​លួច​ទម្លាយ​ថា​៖​ភ្នំ​កូវ​នាពេល​បច្ចុប្បន្ន​ត្រូវបាន​ម្ចាស់​អាជីវកម្ម​ជីក​បន្ត​ទៅ​ដល់​ជាង​ពាក់កណ្តាល​ភ្នំ​ទៅហើយ ដោយ​ការជីក​កាយ​បែបនេះ គេ​ពុំ​ដឹងថា តើ​មាន​ដែន​កំណត់​ប៉ុណ្ណា​នោះទេ ហើយ​ទំហំ​ទីតាំង​ភ្នំ​កូវ​ទាំងមូល​ក៏​ត្រូវ​បាន​កាយ​ពង្រា​បយក​អា​ចម៍ដី​ស្ទើ​គ្រប់​កន្លែង​ផងដែរ ដើម្បី​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​។​គេ​បាន​លើក​ហេតុផល​ថា​៖​បច្ចុប្បន្ន​ដោយ​សារ​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ ទើប​មាន​ការ​ប្រជែង​គ្នា សុំ​គោលការណ៍​ជីក​យក​អាចម៍ដី​លក់​យ៉ាង​កក្រើក​ស្ថិត​តាម​តំបន់​នានា ប៉ុន្តែ​ថ្វី​ត្បិត​វា​ជា​គុណ​ស​ម្ប​តិ្ត​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​តំបន់​ឲ្យមាន​ភាព​រីកចម្រើន តែ​បញ្ហា​ជីក​កាយ​ដី​ខាងលើ ក៏​ជា​គុណវិបតិ្ត​មួយ​យ៉ាង​ធ្ងន់ធ្ងរ ខណៈ​ម្ចាស់​អាជីវកម្ម​ភាគច្រើនពំុុ​បានអ​នុវ​ត្ត​ទៅតាម​បទដ្ឋាន​បច្ចេកទេ​ស ពិសេស​ការយក​អាចម៍ដី​ដោយ​មិន​អនុវត្ត​តាម​លក្ខខណ្ឌរ​បស់​ជំនាញ​នោះ​។​

​ទាក់ទិន​នឹង​ការជីក​កាយ​យក​អាចម៍ដី​នៅ​ចំណុច​ភ្នំ​កូវ​នេះ លោក​ពេជ្រ សុខា ប្រធានការិយាល័យ​រ៉ែ និង​ថាមពល​ស្រុក​កំពង់ត្រាច បាន​ប្រាប់ឲ្យដឹង​ថា អ្នក​ធ្វើ​អាជីវកម្ម​នៅ​ចំណុច​ភ្នំ​កូវ គឺ​គេ​មាន​អាជ្ញាប័ណ្ណ ត្រឹមត្រូវ​រួចហើយ បើ​ចង់ដឹង​ច្បាស់​អាច​សុំ​មើល​ច្បាប់​ទម្លាប់​នេះ​បាន​។​

​ឆ្លើយតប​នឹង​ចំងល់​ខាងលើ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​កំពត លោក សោម វិចិត្រ បានឲ្យ​អ្នកសារព័ត៌មាន​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ថា ការពិត​ទីតាំង​ភ្នំ​កូវ ពិតជា​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​យ៉ាង​ពិតប្រាកដ ដោយ​កន្លង​មក​ខាង​ជំនាញ​ខេត្ត និង​ក្រសួង ក៏​បាន​ចុះទៅពិនិត្យ​មើល​ទីតាំង​និង​បាន​ណែនាំ ថែមទាំង​បានកំណត់​ទីតាំង​ឲ្យ​ម្ចាស់​អាជីវកម្ម​អនុវត្ត​តាម​គោលការណ៍​របស់​ជំនាញ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការជី​ក​កាយ​លើសពី​ការកំណត់​នោះទេ​។​ម្យ៉ាងទៀត​ការចុះពិនិត្យ​គឺ​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​៣​ខែម្តង​។​ដូច្នេះ លោក​សំណូមពរ​ដល់​មហាជន​ទូទៅ​កុំ​មាន​ការងឿងឆ្ងល់​តទៅទៀត​អី ការជីក​ដីភ្នំ​គ្រប់​ទីតាំង​សុទ្ធតែ​មាន​ដែន​កំណត់ ដោយ​អាជ្ញាប័ណ្ណ (​ច្បាប់​អាជីវកម្ម​)​ដាច់ខាត​មិន​បណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​អាជីវកម្ម យក​គ្រឿងចក្រ​មក​ជីក​កាយ​តាម​អំពើ​ចិត្ត​ឡើយ​៕

 

Filed in: ខេត្តកំពត, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.