​ពិធី​ប្រកាស​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្ត​កែប​

(​កែប​)៖ ពិធី​ប្រកាស​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​សាខា​ខេត្ត​កែប ត្រូវ​បាន​ប្រព្រឹត្តទៅ​ដ៏​មហា​ឡា​រឹក កាលពី​ព្រឹក​ថ្ងៃទី​១០​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប លោក​ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ប៉ាន់​ខែម ប៊ុនថន ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាល​ប្រជុំ​គណបក្ស​ប្រជាជន​ខេត្ត​កែប ដោយ​មាន​ការចូលរួម​ពី​សំណាក់​ក្រុម​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ចំនួន​៤៤០​នាក់​។​

​ក្រោយពី​បាន​ប្រកាស​ផ្តល់​តួនាទី​លោក​សុទ្ធ ពុទ្ធិ​ម៉ា​នី​ន ជា​ប្រធាន​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព សាខា​ខេត្ត​កែប លោក​ប្រធាន​សាខា ក៏​បាន​ឡើង​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​ពង្រឹងសមត្ថភាព​ក្រុមយុវជន​របស់​ខ្លួន​ឲ្យបាន​រឹងមាំ ដោយ​ឈរ​លើ​គោលការណ៍​ទាំង​៤​ចំណុច​ឲ្យមាន​ប្រសិទ្ធភាព គឺ​ក្រុម​សម្ពន្ធ​យុវជន​ត្រូវ​តែ​ចេះ​ច្រៀង គោរព​ភ្លេងជាតិ គោរព​ភ្លេង​គណបក្ស​ប្រជាជន ហើយ​ជានិច្ចកាល​គឺ​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា ទោះជា​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​មិន​រាថយ និង​ចំណុច​ចុងក្រោយ​គឺ​មិន​វាយប្រហារ​មន្ត្រី​ណាមួយ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​

​លោក​ប៉ាន់​ខែម ប៊ុនថន បាន​លើកឡើង​ថា​៖​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ត្រូវ​ដើរ​លើ​ផ្លូវ​មួយ តាម​មាគ៌ា គណបក្ស​ប្រជាជន​កម្ពុជា បម្រើ​ផលប្រយោជន៍​ជាតិ​រួមគ្នា​ជាមួយ​គណបក្ស​ប្រជាជន ដោយ​គ្មាន​ការរើសអើង ។ ជា​រួម​ដើម្បី​ក្លាយ​ជា​សមាជិក​នៃ​សម្ពន្ធ​យុវជន​ស្រលាញ់​សន្តិភាព គឺ​ត្រូវ​អនុវត្ត​គោលការណ៍​សំខាន់ ៤ ចំណុច​រួមមាន ៖ ទី​១-​ត្រូវ​ចេះ​ច្រៀង​បទ​ចម្រៀង​គោរព​ភ្លេងជាតិ និង​គោរព​ភ្លេង​គណបក្ស​ប្រជាជន​កម្ពុជា​។ ទី​២-​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​។​ទី​៣-​ហ៊ាន​លះបង់​និង​ធ្វើ​គ្រប់បែប​យ៉ាង​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា ទោះជា​ស្ថិត​ក្នុង​តម្លៃ​ណាក៏ដោយ​។ និង​ចំណុច​ទី​៤-​មិន​វាយប្រហារ​មន្ត្រី​ណាមួយ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ។​

​ជាមួយនេះ លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា​៖​ចាប់ពី​ម៉ោង​នេះ​ទៅ មិន​អាច​ឲ្យ​បុគ្គល​ណា ឬ​ក្រុម​ណាមួយ​បង្កបញ្ហា​មកកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​បង្ក​ភាព​អនាធិបតេយ្យឲ្យស​ង្គ​ម​ជា​តិ​នោះទេ បើសិនជា​មាន​យុវជន​ស្រលាញ់​សន្តិភាព​នឹង​ប្រឈមមុខ​ដើម្បី​តបត ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ទាំងនោះ​បង្ក​បញ្ហា​ឡើយ ព្រោះ​អ្នក​ទាំ​ន​នោះ​មិនមែន​ជា​ម្ចាស់​សន្តិភាព ហើយ​ក៏​គ្មាន​រួមចំណែក​ការពារ​សន្តិភាព​ដែរ​។​

​លោក ជុំ កុសល ក៏​បានឲ្យ​ដឹង​យ៉ាង​ដូច្នោះ​ថា​៖ ក្រុម​សម្ពន្ធ​ស្រលាញ់​សន្តិភាព​នេះ ជា​អង្គការ​ចាត់តាំង​មហាជន​មួយ​ដែល​ទទួលស្គាល់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទទួលស្គាល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន ។ ចឹង​បានជា​លោក​ប្រកាស​ជា​ផ្លូវការ ដើម្បី​ឲ្យ​ពង្រីក​សមាជិក​ភាព​របស់​ខ្លួន​ទូទាំង​ប្រទេស ដើម្បី​គណបក្ស​ប្រជាជន ។ ប៉ុន្តែ​ខាង​អង្គការ​ចាត់តាំង​យុវជន​ជាច្រើន​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​យើង ដោយ​បាន​ជំរុញ​ដល់​យុវជន​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​សង្គម ជា​ពិសេស​ការងារ​គណ​បក្ស ។ ថ្វី​បើ​ក្របខណ្ឌ​ដែល​យើង​បាន គឺ​គណបក្ស​ដែល​កំពុង​ប្រជែង​អំណាច ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យើង​ត្រូវបាន​រំលាយ​តាម​អំណាច​សាលដីកា​តុលាការ​កំពូល​ក៏​ពិតមែន ប៉ុន្តែ​មិនមែន​មានន័យថា​យើង​អត់​ដៃគូ​ឡើង​ប្រកួត បែរជា​យើង​រង់ចាំ​លទ្ធផល​ដោយ​ស្វ័យប្រវត្តិ​គឺ​មិន​អាច​ទៅរួច​ទេ ។ ផ្ទុយទៅវិញ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ គឺ​ឲ្យ​បង្កើន​សមត្ថភាព​ទ្វេរ​ដង ដាច់ខាត​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។​

​មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បានបញ្ជាក់​ថា​៖ ពាក្យ​ថា​យុវជន​ស្រលាញ់​សន្តិភាព​គឺ​មាន​អត្ថន័យ​ធំធេង​ណាស់ ព្រោះ​នៅលើ​សកលលោក​ប្រទេស​ណា​ក៏​គេ​ចង់​បាន​សុខ​សន្តិភាព​ដែរ ។ ក្នុងនាម​យើង​ជា​យុវជន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវមាន​តួនាទី​ដូចម្តេច​?៖ ជារួម​យុវជន​គឺ​ត្រូវ​ស្រលាញ់​ជាតិ មាតុភូមិ និង​ស្រលាញ់​ប្រជាពលរដ្ឋ​របស់​យើង ។

​លោក​ថា ៖ ក្នុងនាម​ជា​យុវជន​ស្រលាញ់​សន្តិភាព ដែល​ជា​សមាសភាព​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវតែ​ប្រឆាំង​ដាច់ខាត​នូវ​គ្រប់​កាលៈទេសៈ​ណា​ដែល​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​ធ្លាក់​ទៅក្នុង​ភ្នក់ភ្លើងសង្គ្រាម​ឡើងវិញ​។​

​លោក​បាន​បញ្ជាក់ទៀតថា ៖ គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​មាន​ការលំបាក​គ្រប់បែបយ៉ាង ទម្រាំ​ទទួល​បាន​សន្តិភាព​យ៉ាង​ពេញលេញ​រហូតមក​ដល់​បច្ចុប្បន្ន គឺ​រែក​ផង​ពន់​ផង តស៊ូ​គ្រប់​ឧបសគ្គ ដើម្បី​ឲ្យ​ប្រទេស​ជាតិ​ឆ្លង​ផុត​ពី​ឋាន​នរកអវិចី ហើយក៏​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​រាប់​ពុំ​អស់​ដើម្បី​ប្រជាជន​និង​ប្រទេសជាតិ​របស់​យើង រហូត​មានការ​លូតលាស់​និង​រីកចម្រើន​មក​ទល់​សព្វថ្ងៃ​នេះ​៕ ណា​រិទ្ធ​

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!