សហព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​គ​.​ស​.​ស​.​យ​.​ក​) ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប​

(​កែប​)៖ សហព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​គ​.​ស​.​ស​.​យ​.​ក​) នៅ​ព្រឹក​ថ្ងៃទី​០៩​ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ទឹកដី​ខេត្ត​កែប​។​

​ពិធី​នេះ​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង នៃ​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់ លោក​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​ហេង សុគ​ង់ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក​ទេព យុទ្ធី អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​ក្រុម​ការងារ នៃ​សហព័ន្ធ​គ្រូពេទ្យ​សហព័ន្ធ​យុវជន​កម្ពុជា​។​

​លោក​ទេព យុទ្ធី អភិបាលរង​ខេត្ត​កែប បាន​គូសបញ្ជាក់ថា​៖​នេះ​ជា​សកម្មភាព​មនុស្សធម៌​លើក​ទី​៤ ជុំវិញ​ការពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ បន្ទាប់​ពី​ការផ្តល់​សេវា​មនុស្សធម៌​តាមរយៈ​នៃ​កិច្ច​សហការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ព្រះវិហារ ហុង អីុង រួម​ជាមួយ​ប្រតិភូ​សមាគម​ទឹកចិត្ត​សប្បុរសធម៌ ប៉ា​សូ​ឡាវ​យិន​ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ លោ​ជំទាវ​ឧកញ៉ា លឹម ឈីវហួរ សមាជិក​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កែប មាន​រយៈពេល​៥​ថ្ងៃ ក្នុង​ឆ្នាំ​២០១៥ ហើយ​បាន​ធ្វើ​សកម្មភាព​គ្របដណ្តប់​ឃុំ សង្កាត់​ទាំង​៥​នៅ​ទូ​ទាង​ខេត្ត​សរុប​ព្យាបាល​ជំងឺ​បាន​ចំនួន ៨.៥៧៨​នាក់​និង​ចែក​អង្ករ​ជូន​ប្រជាពលរដ្ឋ​អស់់​ចំនួន​៨២,៥០​តោន​។​លោក​បាន​បន្តថា​៖​អំឡុង​ពេល​ថ្មីៗ​នេះ លោកជំទាវ យឹម​ឆៃលី​ន ហ៊ុន ម៉ា​នី ប្រធានកិត្តិយស សហព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រួម​ជាមួយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ តំណាង​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កែប បាន​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​ប្រតិភូ​ក្រុមគ្រូពេទ្យ​ជំនាញ បង្កើតឡើង​នូវ​កម្មវិធី​ចុះ​មក​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​បាន​ផ្តល់​នូវ​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យក​ទៅ​ព្យាបាល​ទៅ​តាម​ការណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ នៅ​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​រួចមកហើយ​។ នេះ​ជា​សកម្មភាព​មនុស្សធម៌​លើក​ទី​២​សម្រាប់​ស្រុក​ដំពាក់​ចង្អើរ ខេត្ត​កែប ក្រោម​វត្ត​វត្ត ឯកឧត្តម​បណ្ឌិត​ចម ប្រសិទ្ធ​។​

​លោក ហេង សុគ​ង់ បានឲ្យ​ដឹង​ផងដែរ​ថា​៖ កម្មវិធី​ពិនិត្យ​ជំងឺ​នឹង​អនុវត្ត​តាម​លេខ​រៀង ដោយ​ចាប់ផ្តើម​ពី​ព្រឹក​រហូតដល់​ម៉ោង​១២​ថ្ងៃត្រង់ ហើយ​ប្រភេទ​សេវា​ដែល​នឹង​ត្រូវ​ពិនិត្យ​និង​ព្យាបាល​រួមមាន​៖១-​ជំងឺ​ទូទៅ ២-​ជំងឺ​បេះដូង និង​សរសៃឈាម ៣-​ជំងឺ​មនុស្ស​ចាស់ ៤-​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ៥-​ជំងឺ​ភ្នែក ៦-​ជំងឺ​សើ​ស្បែក និង​កាមរោគ ៧-​ជំងឺ​ផ្លូវចិត្ត ៨-​ជំងឺ​កុមារ ៩-​ជំងឺ​វះកាត់​និង​រោគ​សន្លាក់ ១០-​ជំងឺ​មាត់​-​ធ្មេញ ១១-​ពិនិត្យ​អេកូ​សាស្ត្រ ១២-​រោគ​ស្ត្រី​និង​ពិនិត្យ​ផ្ទៃពោះ ១៣-​អប់រំ​សុភាព​សាធារណៈ ១៤-​ជំងឺ​តម្រងនោម ១៥-​មន្ទីរពិសោធន៍​ចល័ត ១៦-​ពិនិត្យ​បឋម​និង​សេវា​ឱសថ​សាស្ត្រ​។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឲ្យដឹងថា ៖ សម្ព័ន្ធ​គ្រូពេទ្យ​សហព័ន្ធ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​សុទ្ធតែ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត និង​ឱសថការី​ដ៏​ឆ្នើមៗ ដែល​ភាគច្រើន​បាន​បញ្ចប់​ការសិក្សា​នៅ​ក្រៅប្រទេស និង​បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្ត​កែប ស​.​ស​.​យ​.​ក ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ស​.​ស​.​យ​.​ក ខេត្ត​កែប នឹង​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិតថ្លៃ និង​មិន​រើសអើង​ពណ៌​សម្បុរ ជំនឿ សាសនា  ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា​៖ បច្ចុប្បន្ន​បញ្ហា​សុខភាព​គឺជា​ចំណុច​មួយ​ដ៏​សំខាន់ ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ​រយៈពេល​ប៉ុន្មាន​ខែ​នេះ សម្តេច​តេជោ ហ៊ុន សែន តែង​ធ្វើ​ពិធី​ជួប​ប្រាស្រ័យ​ជាមួយ បងប្អូន កម្មករ កម្មការិនី និយោជិត នៅតាម​បណ្តា​រោងចក្រ សហគ្រាស​នានា​និង​ជួប​ប្រជាពលរដ្ឋ ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​យើង  ហើយ​កត្តា​សំខាន់​ដែល​សម្តេច​តែង​យកចិត្ត​ទុក្ខ​ដាក់​នោះ គឺ​សុខភាព​របស់​បងប្អូន​ទាំ​អស់ ពិសេស​គិតគូរ​ពី​រឿង​ប្រាក់ខែ​របស់​កម្មករ កម្មការិនី គិតគូរ​តាំងពី​ការចំណាយ​ផ្សេងៗ រហូត​ដល់​សេវាកម្ម​សាធារណៈ ព្រម​ទាំង​ការចំណាយ​ក្នុង​ការព្យាបាល​ជំងឺ​ដង្កាត់​ផ្សេងៗ​។​ចំពោះ​បញ្ហា​សុខភាព​វា​ជា​កត្តា​យ៉ាង​សំខាន់ ដែល​យើង​ត្រូវ​គិតគូរ​ពី​កត្តា​អនាម័យ​ជា​ចម្បង ។

​លោក​ក៏​បាន​លើក​ហេតុផល​ថា​៖ ជួនកាល​សុខភាព​យើង​ទ្រុឌទ្រោម​ដោយសារ​ការប្រើប្រាស់​ទឹក​មិន​ស្អាត ដូចជា​នៅ​ខេត្ត​កែប​យើង​ក៏​មិនទាន់​មាន​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់​បម្រើ​សេវា​តាម​ផ្ទះ​នៅ​ឡើយ​ទេ ដោយ​ពួកគាត់​នៅតែ​មាន​ទម្លាប់​ប្រើប្រាស់​ទឹកស្រះ ទឹក​ត្រពាំង​ឬ​អណ្តូង​នៅឡើយ ជួនកាល​យើង​យកមក​ដាក់​ច្រោះ​ថ្លា​ហើយក៏​មិន​អាច​កម្ចាត់​មេរោគ​បានដែរ ទើប​ធ្វើឲ្យ​សុខភាព​របស់​យើង​មាន​ភាព​ទ្រុឌទ្រោម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ដូច្នេះ​ក្នុង​ពេលខាងមុខ​លោក​នឹង​ជម្រុញ​ឲ្យមាន​ការធ្វើ​បណ្តាញ​ទុយោ​ទឹក​ស្អាត​សម្រាប់​ស្តុក​ទឹក​ដែល​បាន​សម្លាប់​មេរោគ​រួចហើយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដូច​បណ្តា​ខេត្ត​នានា​ដែរ ។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បញ្ជាក់ទៀតថា​៖​បច្ចុប្បន្ន​នេះ​សម្តេច​តេជោ តែងតែ​គិតគូរ​ពី​សុខ ទុក្ខ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ទូទាំង​ប្រទេស ហើយ​សម្តេច ក៏​បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​លើ​បញ្ហា​សុខភាព របស់​កម្មករ កម្មការិនី​រោងចក្រ ពិសេស​អ្នក​មាន​ផ្ទៃពោះ គឺ​ត្រូវ​បាន​ទទួល​សេវា​ថែទាំ​សុខភាព សម្រាប់​គាំពារ​មាតា​និង​ទារក​ផងដែរ​៕ ណា​រិទ្ធ​

 

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.