ប្រជាពលរដ្ឋ​បាន​លើក​បដា​តវ៉ា រារាំង​កម្លាំង​ចម្រុះ​ដែល​ព្យាយាម​ចុះ​វាស់វែង​ដី ឲ្យទៅ​ក្រុមហ៊ុន​ជាន់​លើ​ដី​របស់​ពួកគាត់​ ​

ខេត្ត​កណ្តាល​៖ ប្រជាពលរដ្ឋ​បាន​លើក​បដា​តវ៉ា រារាំង​កម្លាំងចម្រុះ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់ រួមជាមួយ​អាជ្ញាធរ​ខេត្ត​កណ្តាល ដែល​ព្យាយាម​ចុះ​វាស់វែង​ដី​ចំនួន​៥​ទីតាំង ឲ្យទៅ​ក្រុមហ៊ុន ដែល​ជាន់​លើ​ដី​របស់​ពួកគាត់​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពួកគាត់​មាន​ចំនួន​២៩២​គ្រួសារ រស់នៅ​ឃុំ​កណ្តោប ឃុំ​ជើង​កែប និង​សង្កាត់​ព្រែក​ហូរ ខេត្ត​កណ្តាល កាន់កាប់​ដី​របស់​ខ្លួន​ត​តាំងពី​ដូនតា​។
​ក្រោយ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ហើយ​មាន​ការ​ប្តឹងផ្តល់​ទៅ​តុលាការ ត្រូវបាន​សាលាដំបូង​ខេត្តកណ្តាល​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ ឈ្នះ​តាម​សាលក្រម​លេខ​១២​វ និង​បានឲ្យ​កម្លាំងចម្រុះ​ខេត្ត​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ តាំងពី​ឆ្នាំ​២០០៦​។ តែ​ក្រោយ​ការវាស់វែង​រួច មិន​បាន​ចេញ​ប្លង់​ឲ្យ​ពួកគាត់​ទាំង​២៩២​គ្រួសារ​ឡើយ រហូតមកដល់​ឆ្នាំ​២០១៧​នេះ​។​

​ប្រជាពលរដ្ឋ​បន្តថា ស្រាប់តែ​ពេល​នេះ​ខាង​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ជំនាញ នាំគ្នា​មក​ចង់​វាស់វែង​ដី​របស់​ពួកគាត់ ឲ្យទៅ​ខាង​ក្រុមហ៊ុន​ទៅវិញ ទើប​ពួកគាត់​នាំគ្នា​មក​តវ៉ា និង​រារាំង​មន្ត្រី​រៀបចំ​ដែនដី​មិន​ឲ្យ​ចុះ​វាស់​លើដី​គាត់​យ៉ាង​ដូច្នេះ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ​សម្តេច​ប្រមុខ​ដឹកនាំ និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ជួយ​រក​យុត្តិធម៌​ជូន​ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ផង និង​សំណូមពរ​ឲ្យចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពួក​គាត់ ដោយ​ស្របច្បាប់​ផង ៕

 

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 3499 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.