កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តីពី​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ សម្រាប់​ខេត្ត​កំពត កែប កោះកុង និង​ព្រះសីហនុ​

(​កំពត​)៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ សម្រាប់​ខេត្ត​កំពត កែប កោះកុង និង​ព្រះសីហនុ ត្រូវបាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ខែ​ធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុង​សាលប្រជុំ​សាលាខេត្ត​កំពត ក្រោម​វត្តមាន លោក​ស៊ុក សា​រ៉ា​ដ អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក មាស សុខ​សេន​សាន អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្មា​ធិ​ការ ដឹកនាំ​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​អស់លោក​ជា​មន្ត្រី​មកពី​មន្ទីរ​អង្គភាព​ជំនាញ ក្នុង​ខេត្ត​កំពត កែប កោះកុង និង​ព្រះសីហនុ​ផងដែរ​។​

​លោក មាស សុខ​សេន​សាន អគ្គលេខាធិការរង​(​អ​.​គ​.​ហ​)​បានឲ្យដឹងថា​៖​ទាក់ទិន​នឹង​ការកែទម្រង់​នាពេលនេះ គឺមាន​៣​ទម្រង់​ដែល​ត្រូវ​យកមក​អនុវត្ត​រួម​គ្នា គឺ​ការកែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការកែទម្រង់រដ្ឋបាល​សាធារណៈ និង​កម្មវិធី​ថ្នាក់ក្រោម​ជាតិ កម្មវិធី​កែទម្រង់​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ​។​លោក​បាន​បញ្ជាក់ថា​៖ ការឈាន​មកដល់​ការផ្សព្វផ្សាយ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ដំណាក់កាល​ទី​៣ គឺ​ការដាក់ចេញ​និង​ជំរុញ​អនុវត្ត​កិច្ច​ការ​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធរ​ណៈ ដោយ​ឈរ​លើ​ហេតុផល​និង​វិចារណ​ភាពច្បាស់លាស់ ប្រកប​ដោយ​ភាពម្ចាស់ការ និង​វីរភាព​។​លើសពីនេះ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ការងារ​កែទម្រង់ ជា​ការងារ​ប្រចាំថ្ងៃ​របស់​យើង ដែល​យើង​ត្រូវតែ​បន្ត​កែលម្អ ពង្រឹង និង​ធ្វើឲ្យ​កាន់តែ​សុីជម្រៅ ខណៈ​ដែល​យើង​ត្រូវ​បង្កើន​និង​ពង្រីក​សមត្ថភាព ដើម្បី​ប្រើប្រាស់​ឲ្យបាន​កាន់តែ​ប្រសើរ​បំផុ​តនូ​វ​សក្តានុពល​និង​កាលានុវត្តភាព​ទាំងឡាយ ក្នុង​គោលដៅ​តាម​ឲ្យទាន់​សភាពការណ៍ និង​ដំណើរ​វិវត្តន៍ នៃ​សង្គម​សេដ្ឋកិច្ច​និង​នយោបាយ ទាំង​ក្នុង​ក្រប​ខណ្ឌ​ប្រទេស ក្រប​ខណ្ឌ​តំបន់ និង​ក្របខណ្ឌ​សកលលោក​។​

​លោក​ស៊ុក សា​រ៉ា​ដ អភិបាលរង​ខេត្ត បាន​លើកឡើង​ថា​៖ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ដាក់ឲ្យ​អនុវត្ត​នូវ​ដំណាក់កាល​ទី​៣ គឺ​”​ការផ្សារភ្ជាប់​ថវិកា​ទៅនឹង​គោលនយោបាយ​”​ដោយ​បាន​បោះជំហាន​ដ៏​សំខាន់​ថ្មី​មួយទៀត ក្នុង​ការពង្រឹង និង​ពង្រីក​ប្រព័ន្ធ​”​ថវិកា​កម្មវិធី​”​ពេញលេញ​និង​ជា​ជំហានៗ ទៅ​តាម​ក្រសួង​- ស្ថាប័ន ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ក្នុង​គោលដៅ​សម្រេច​ឲ្យបាន​នូវ​ការប្រែក្លាយពី​”​ប្រព័ន្ធ​ថវិកា​ផ្តោត​លើ​ធាតុ​ចូល និង​មជ្ឈការ​”​ទៅជា​”​ប្រព័ន្ធ​ថវិកា​ផ្តោត​លើ​លទ្ធផល​ឬ​ធាតុ​ចេញ និង​វិមជ្ឈការ​”​នៅ​ឆ្នាំ​២០២០​។​ជំហាន​បន្ទាប់ តាម​ការគ្រោងទុក​ចាប់ពី​ឆ្នាំ​២០២០​រាជរដ្ឋាភិបាល​នឹង​បន្ត​ពង្រីក​ការអនុវត្ត​ប្រព័ន្ធ​ថវិកា​កម្មវិធី ផ្តោត​លើ​ធាតុ​ចេញ​ឬ​លទ្ធផល ឆ្ពោះទៅរក​”​ការបង្កើត​គណនេយ្យ​-​ភាព​សមិទ្ធកម្ម​”​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំងមូល ឲ្យសម្រេចបាន​នៅ​ឆ្នាំ ២០២៥ ដែល​ជា​គោលដៅ​ចម្បង​ក្នុង​ដំណាក់កាល​ចុងក្រោយ នៃ​កម្មវិធី​កំណែ​ទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។​

​លោក​បាន​សង្កត់ធ្ងន់ថា​៖ សិក្ខាសាលា​នេះ មាន​គោលដៅ​បង្កើន​ការយល់ដឹង ការគាំទ្រ​និង​ការចូលរួម​យ៉ាង​សកម្ម​ពី​មន្ត្រី​ជំនាញ​ថ្នាក់ក្រោម​ជាតិ​ក្នុង​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣​។​ក្នុង​ស្មារតី​នេះ ការយល់ដឹង និង​ការចូលរួម​ចំណែក​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ លើ​ការងារ​កែទម្រង់ គឺ​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​ធានា​បាន​នូវ​ចីរភាព​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ជារឿយៗ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តែងតែ​ប្រៀបធៀប​ការអនុវត្ត​កម្មវិធី​កែទម្រង់​នេះ ទៅ​នឹង​ដំណើរ​ឆ្លងស្ទឹង​ដែល​យើង​ចាំបាច់​ត្រូវ​ដើរ​មួយ​ជំហាន​ម្តងៗ​និង​ត្រូវ​ស្ទាបស្ទង់​ដោយ​សន្សឹមៗ ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត ដើម្បី​ចៀសវាង​ខ្លួន​យើង​ពី​ការធ្លាក់​លង់​ក្នុង​ទឹក​ជ្រៅ​។​អភិក្រម​នេះ​ទាមទារ​ឲ្យ​យើង​មាន​សេចក្តីក្លាហាន និង​ការប្តេជ្ញា​ខ្ពស់​ដើម្បី​បន្តដំណើរ​ទៅ​មុខ តាម​គោលនយោបាយ កម្មវិធី យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​ច្បាស់​លាស់​និង​ប្រទាក់ក្រឡា​គ្នា​។​

​នៅក្នុង​ក្របខណ្ឌ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ រាជរដ្ឋាភិបាល​ត្រូវ​ប្រមូល​ធនធាន​ទាំង​ទម្រង់​ជា​ពន្ធ និង​មិនមែន​ពន្ធ​ហើយ​បែងចែក​ឡើងវិញ​ក្នុង​ទម្រង់​ជា​ការចំណាយ​ប្រតិ​ប​តិ្ត​ការនិង​ចំណាយ​វិនិយោគ​។​ការប្រមូល​ធនធានរ​បស់​រដ្ឋ គឺ​មាន​បច្ច័យ​ដោយផ្ទាល់​ទៅលើ​ប្រជាជន ចំណែក​ការចំណាយ​ទៅវិញ គឺ​ត្រូវ​ធានាឲ្យបាន​នូវ​ប្រយោជន៍​ជាអតិបរមា​ដល់​ប្រជាជន​វិញ​។​ក្នុងន័យនេះ ថវិកា​នឹងត្រូវ​ដើរតួនាទី​ជា​ឧបករណ៍​គោលនយោបាយ​ក្នុង​ការបម្រើ​ឧត្តមប្រយោជ​ន៍​យ៉ាង​ពិតប្រាដ​ជូន​ប្រជាជាតិ​ទាំងមូល​៕ ណា​រិទ្ធ​

 

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 3317 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.