​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៨​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​

(​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០១​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​កែប បាន​ធ្វើ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​អនុវត្ត​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៨ ក្រោម​វត្តមាន លោក​កែន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក​អឹុម បញ្ញា​រិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​អស់លោក​ជា​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ទូទាំង​ខេត្ត ព្រមទាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ផងដែរ​។​

​លោក អ៊ឹម បញ្ញា​រិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បានឲ្យដឹងថា​៖ មន្ទីរ​បរិស្ថាន​ខេត្ត បាន​ចាប់បដិសន្ធិ​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​ក្រសួង​បរិស្ថាន​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ដឹកនាំ​និង​គ្រប់គ្រង​វិស័យ​បរិស្ថាន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន អនុវត្ត​តាម​ភារកិច្ច​និង​គោលនយោបាយ​បរិស្ថាន​ជាតិ សំដៅ​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ ជីវចម្រុះ​ក្នុង​តំបន់ ការ​បន្សាំ​និង​ការប្រែប្រួល​អាកាសធាតុ លើកកម្ពស់​ការអប់រំ​ចំណេះដឹង​បរិស្ថាន​ទូទៅ​ការអភិវឌ្ឍន៍​ដោយ​ការចិរភាព សម្របសម្រួល អនុវត្តតាម​គោលនយោបាយ​របស់​រដ្ឋ​បាល​ខេត្ត​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ក៏​ដូច​ជា​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​លើកកម្ពស់​សុខមាលភាព​សាធារណៈ​។​លោក​បាន​បញ្ជាក់ទៀតថា​៖​បច្ចុប្បន្ន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប មាន​មន្ត្រី​ក្រប​ខណ្ឌ​សរុប​ចំនួន​៣១​រូប ស្រី​០៧​រូប ក្នុង​នោះ​មន្ត្រី​ឧទ្យានុ​រ​ក្ស​មានចំនួន​១៥​រូប​។​ជាមួយ​នេះ​ខាង​មន្ទីរ​ក៏​បាន​ធ្វើ​ការជួសជុល​កែលម្អ​សោភណភាព​អាគារ​បរិស្ថាន​ឲ្យបាន​ល្អ​ប្រសើ​រ​។​បាន​បញ្ជូន​មន្ត្រី​០២​រូប​ទៅ​សិក្សា​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល និង​បញ្ជូន​មន្ត្រី​ឲ្យទៅ​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​និង​សិក្ខាសាលា​ផ្សេងៗ​ជា​បន្តបន្ទាប់​សរុប​ចំនួន​៣៧​លើក​។ បាន​ទៅ​បំពេញ​បេសកកម្ម​ក្រៅប្រទេស​(​ថៃ​-​ឡាវ​-​ភូមា​-​កូរេ​-​ប្រ៊ុយណេ​-​សិង្ហ​បុរី​)​បាន​ចំនួន​០៨​លើក​។​បាន​រៀបចំ​ឯកសារ​ផ្សេងៗ​ស្នើ​ទៅ​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​ទទួលបាន​ពាន​និរន្តរភាព​បរិស្ថាន​អាស៊ាន​។​មន្ទីរ​បាន​បំពេញ សូចនាករ​សំខាន់ៗ​ដើម្បី​ស្នើសុំ​ពានរង្វាន់​ទីក្រុង​ស្អាត ក៏ដូចជា​ទីក្រុង​ទេសចរណ៍​ស្អាត អាស៊ាន​ទៅ​ថ្នាក់ជាតិ​។​មន្ទីរ​បាន​រៀបចំ​ស្នើសុំ​ប័ណ្ណ​បុគ្គល​ឆ្នើម ជូន​ដល់​ប្រតិ​ប​តិ្តក​រម​រត្តី​ភាព​បរិស្ថាន ទាំង​នីតិបុគ្គល និង​រូបវន្តបុគ្គល ក្នុង​ខេត្ត​បាន​ចំនួន​០៤ ស្នើសុំ​គ្រឿងឥស្សរយស​បាន​ចំនួន​០៤​គ្រឿង​ផង​ដែរ​។​

​លោក​បាន​បន្ថែមថា មន្ត្រី​ជំនាញ​ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​របស់​មន្ទីរ ដោយ​ខិតខំ​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន ដូចជា​ការត្រួតពិនិត្យ​មើល​ទីតាំង​អា​ជី​កម្ម​ផ្សេងៗ​ដែល​បាន​និង​កំពុង​រង​ផលប៉ះពាល់​ដល់​ផ្នែក​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ពិសេស​ត្រូវ​ពិនិត្យមើល​ប្រព័ន្ធ​លូ ដោយ​តម្រូវឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​ខ្នាត​តូច ខ្នាត​ធំ​សាងសង់​ទៅតាម​ស្តង់ដា​បច្ចេកទេស និង​ធ្វើ​ជា​អាង​ចម្រោះ ឬ​អាង​ប្រព្រឹត្ត​កម្ម​សម្រាប់​ចំរាញ់​កាកសំណល់​រាវ​បង្ហូរ​ចោល​ក្នុង​សមុទ្រ​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​បានបញ្ជាក់​ថា​៖ ជា​ការពិត​ណាស់​កិច្ចប្រជុំ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ពិនិត្យ​លើ​សក្តានុពល​វិស័យ​បរិស្ថាន និង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​តម្រូវការ និង​ដំណោះស្រាយ ជាមួយ​អ្នកពាក់ព័ន្ធ មន្ទីរ​វិស័យ​លើ​កិច្ច​គាំពារ​បរិស្ថាន​ធ្វើយ៉ាងណា​ឲ្យមាន​ភាព​ប្រសើ​រឡើង និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៨​ខាងមុខនេះ​។​ជារួម​កិច្ចការ​ទាំងអស់ គឺ​ស្ថិតក្នុង​បុព្វហេតុ​នៃ​ការរួមចំណែក​ជាមួយ​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ឲ្យ​ចេះ​ស្រឡាញ់​បរិស្ថាន​និង​មាន​ស្មារតី​ចូលរួមចំណែក​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​លោក​បាន​បន្តថា​៖​កន្លងមក​ខេត្ត​បាន​យកចិត្តទុកដាក់​ខ្លាំង​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ដោយ​បាន​ដឹកនាំ​សហការ​ជាមួយ​មន្ទីរ អង្គភាព​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ​នានា ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​និង​វិស័យ​ឯកជន​ក្នុង​ខេត្ត ឬ​មក​ពី​ចំងាយ ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ការពារ​គុណភាព​បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង ឲ្យបាន​ប្រើប្រាស់​យូរអង្វែង​សម្រាប់​អ្នកជំ​នា​ន់ក្រោយ​។​

​ជាក់ស្តែង រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​បណ្តា​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត សាលារៀន វត្ត​អា​រ៉ា​ម និង​វិស័យ​ឯកជ​នឲ្យចូលរួម​ដាំ​កូន​ឈើ​បានរាប់​ម៉ឺន​ដើម​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ ។ ក្នុង​សកម្មភាព​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​ក៏​បាន​ចូលរួមចំណែក​ខិតខំ​បំផុស​ចលនា​មហាជន និង​ធ្វើ​ការសហការ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ទីរ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្នុង​គោលបំណង​ឲ្យមាន​ការចូលរួម​ថែរក្សា​បរិស្ថាន​ទីក្រុង​និង​ជនបទ មាន​ភាព​បៃតង​តាមរយៈ​សកម្មភាព​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យមាន​ការចូលរួម​ទុកដាក់​សំណល់​រឹង រាវ​ឲ្យបាន​ត្រឹមត្រូវ ។ បច្ចុប្បន្ន​ថ្នាក់​ខេត្ត​បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត ធ្វើការ​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹង​ទីក្រុង និង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ដោយ​ផ្តោត​ជា​ការ​សំខាន់​លើ​ការ​បន្សាំុ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុផ​ង​ដែរ​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកែប

Recent Posts

Bookmark and Promote!

© 3779 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.