កម្ពុជា​នាំ​ស្រូវ​ទៅ​វៀតណាម ៧០០ តោន ក្នុង​មួយ​ថ្ងៃ តាម​ច្រក​ព្រែក​អន្សា​

(​កំពត​)៖ បើ​តាម​ប្រភព​ពី​កម្មករ ថៅកែ​ទិញស្រូវ សមត្ថកិច្ច និង​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ឲ្យដឹង​ថា ស្រូវ​កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ព្រែក​អន្សា ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី​ប្រាំ​ទៅ​ប្រាំបី​រយ​តោន បើទោះបីជា​ច្រក​មួយ​នេះ​បើក​ឲ្យ​ដំណើរការ​ជា​លក្ខណៈ​លួចលាក់ ឬ​គេចពន្ធ​នៅឡើយ​។​

​មេ​ប៉ុស្តិ៍​ការពារ​ព្រំដែន​តំបន់​ព្រែក​អន្សា ឃុំ​ព្រៃ​ទន្លេ លោក នួន តោ​ក បាន​ប្រាប់ឲ្យដឹង នៅ​ថ្ងៃ​ទី​២៨ ខែ វិច្ឆិការ ឆ្នាំ​២០១៧​ថា ការដឹកជញ្ជូន​ស្រូវ​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ព្រែក​អន្សា បានចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ប្រមាណ​ជាង​១០​ថ្ងៃ ក្រោយពេល​ដែល​ច្រករបៀង​មួយ​នេះ​ត្រូវ​បាន​បិទ​មួយរយៈ​។ តាម​ការប៉ាន់ស្មាន​រប​ស់លោក​ជញ្ជីង​ខាងលិច​ព្រែក នាំ​ស្រូវ​ចេញ​មួយ​ថ្ងៃ​ប្រមាណ​ជា​២០​ឡាន​(​ជាង​២០០​តោន​)​។ លោក​បាន​បញ្ជាក់ថា​ច្រករបៀង​មួយ​នេះ​ទាំង​ភាគី​ខ្មែរ និង​វៀតណាម​ហៅ​ឈ្មោះ​ដូច​គ្នា​ថា​ច្រក “​ដូនតា​” ព្រោះ​ច្រក​នេះ​ជា​ផ្លូវទឹក​ដ៏​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​ដោះដូរ​ទំនិញ​គ្នា​ជាមួយ​ប្រជាជន​វៀតណាម​ដែលជា​អ្នកភូមិផង​របង​ជាមួយគ្នា តាំងពី​ដូនតា​មក​។​

​លោក ហូ ណាត ថៅកែ​ទិញស្រូវ​ធំជាងគេ និង​ជា​ម្ចាស់​ជញ្ជីង​ប្រចាំ​ច្រករបៀង​ព្រែក​អន្សា​ប៉ែក​ខាងកើ​តព្រែក បាន​ប្រាប់​ឲ្យដឹង​ដែរថា សម្រាប់​កន្លែង​លោក​ជា​មធ្យម​នាំ​ស្រូវ​ចេញ​ចន្លោះ ពី​៣ ទៅ ៥​រយ​តោន​ក្នុង​មួយ​ថ្ងៃ​។ លោក​ថា​ស្រូវ​ដែល​នាំ​ចេញ​តាម​ព្រែក​មួយ​នេះ ដឹកជញ្ជូន​មក​ពី​ខេត្ត ពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កំពង់ឆ្នាំង ព្រះសីហនុ និង​បណ្តា​ស្រុក​មួយចំនួន​របស់​ខេត្ត​តាកែវ​ដែល​ជាប់​និង​ខេត្ត​កំពត​។
​លោក​បាន​បញ្ជាក់ថា ច្រក​នេះ​នាំ​ស្រូវ​ចេញ​មិន​ចេះ​ដាច់​ទេ គឺ​ពេញ​មួយ​ឆ្នាំ​តែ​ម្តង ផុត​ពី​ស្រូវ​ផ្កា​ម្លិះ ដល់​អ៊ី​អ៊ែ ផុត​ពី​អ៊ី​អ៊ែ ដល់​ស្រូវស្រាល និង​ស្រូវធ្ងន់ ត​គ្នា​ជាប់​ហូរហែរ​។ លោក​បាន​បន្ថែមទៀតថា តម្លៃ​ស្រូវ​ឆ្នាំនេះ ឡើងថ្លៃ​ជាង​ឆ្នាំមុន ដោយសារ​បើក​ច្រករបៀង​នេះ (​ស្រូវ​ផ្កាម្លិះ​១​គី​ឡូ តម្លៃ ១២៣០​រៀល និង​ស្រូវ​អ៊ី​អ៊ែត​ម្លៃ​៨២០​រៀល​ក្នុង​មួយ​គីឡូក្រាម​)​។

​ប្រជាពលរដ្ឋ ឈ្មួញ កម្មករ មាន​សេចក្តីត្រេកអរ​ដែល​ច្រក​នេះ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ  ព្រោះ​ពួកគេ​ងាយស្រួល​រកស៊ី មាន​ប្រាក់​ចំណូល​ប្រចាំថ្ងៃ តម្លៃ​ស្រូវ​ឡើង​ខ្ពស់​។

​យ៉ាងណាក៏ដោយ លោក​ហូ ណាត់​បានបញ្ជាក់​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ច្រករបៀង​ព្រែក​អន្សា ឃើញ​តែ​បើក ហើយ​បិទ បិទ​ហើយ​បើក មិន​មាន​ស្ថិរភាព​ទេ ហើយ​ថា​ការនាំ​ស្រូវ​ចេញ​តាម​ច្រក​មួយ​នេះ ស្ថិតនៅ​ក្នុង​លក្ខណៈ​លួចលាក់​នៅឡើយ ដោយ​ភាគី​វៀតណាម​មិន​ទាន់​អនុញ្ញាត​បើក​ច្រក​នេះ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវ​ទេ​។ លោក​ស្នើសុំ​ឲ្យ​ថ្នាក់​ដឹង​នាំ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​បើក​ច្រករបៀង​នេះ​ឲ្យទៅ​ច្រក​ទ្វេភាគី​កម្ពុជា​-​វៀតណាម​វិញ​ព្រោះ​ច្រក់​នេះ​មាន​សក្តានុពល​ខ្លាំងណាស់​។

​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន​អ្នក​នាំ​ចេញ​កសិផល និង​ផ្លែឈើ​កម្ពុជា លោក ហាក់ វណ្ណា បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ​វិឆ្ឆិការ​នេះ​ថា ស្រូវ​ដែល​នាំចេញ​ទៅ​វៀតណាម​តាម​ខេត្ត​កំពត​មាន​ពី​ច្រក គឺ​ច្រក​ព្រែក​អន្សា និង​ច្រក​ទាន់ហន់ ។​ក្នុង​មួយ​ឆ្នាំ​ច្រក​ពីនេះ​មានលទ្ធភាព​នាំ​ស្រូវ​ចេញ ប្រមាណ​១០​ម៉ឺន​តោន​។​ប៉ុន្តែ​ឆ្នាំ​នេះ​មានតែ​ច្រក​ព្រែក​អន្សា​មួយ​ទេ​ដែល​នាំ​ស្រូវ​ចេញ  ហើយ​បើ​តាម​ការប៉ានស្មាន​របស់លោក ក្នុង​មួយ​ថ្ងៃ​នាំ​ស្រូវ​ចេញ​ប្រមាណ​ប្រាំពី​រយ​តោន​។

​ដោយឡែក ទាក់ទង​និង​ច្រករបៀង​ព្រែក​អន្សា​នេះ លោក​បាន​ដាក់​សំណើរ​ទៅ​ខេត្ត​ដើម្បី​សុំ​ឲ្យ​បើក​ច្រក​មួយ​នេះ​ជា​ច្រក​ទ្វេភាគី​វិញ ហើយ​សាលាខេត្ត​បាន​បង្កើត​គណៈ​កម្មា​ចុះ​សិក្សា និង​បាន​ដាក់សំណើរ​ទៅ​ក្រសួង​មហាផ្ទៃ​ហើយ ៕
​ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

© 3817 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.