គ្រូពេទ្យ​ស្ម័គ្រចិត្ត​២​ក្រុម​ធ្វើការ​ពិនិត្យ ព្យាបាល​ជម្ងឺ​ធ្មេញ និង​ភ្នែក នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​

ខេត្ត​ប៉ៃលិន ៖ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន គេ​សង្កេតឃើញ មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​២​ក្រុម កំពុង​ធ្វើការ​ពិនិត្យ ព្យាបាល​ជម្ងឺ​ធ្មេញ និង​ភ្នែក ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ក្នុង​រយ​:​ពេល​៣​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២-២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្នុងនោះ​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ជនជាតិ​កូរ៉េ និង ក្រុមគ្រូពេទ្យ​មក​ពី​ខេត្ត​កំពង់ធំ ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់​ខាងលើ បាន​ធ្វើ​ការពិនិត្យ ព្យាបាល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន អស់​រយ​:​ពេល​៤​លើក​រួចមកហើយ ដោយ​ទទួលបាន​ជោគ ជ័យ​ទាំងស្រុង ។

​ប្រភព​ព័ត៌មាន​ពី​លោក យិន សាំង​ហេង ប្រធាន​ចលនា​យុវជន​កម្ពុជា ក​.១៥៧ សាខា​ខេត្ត​ប៉ៃ លិន បានឱ្យដឹងថា ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​ចលនា​យុវជន​កម្ពុជា ក​. ១៥៧ បាន​ចាត់​ឱ្យ​ខាង​លោក​ដឹកនាំ​ក្រុមការងារ សហការ​ជាមួយ​គ្រូពេទ្យ​មកពី​ប្រទេស​កូរ៉េ ដើម្បី​ចុះ​ទៅ​ព្យាបាល​មាត់​និង​ធ្មេញ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា ដោយឡែក​មាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​១​ក្រុម​ទៀត កំពុង​ធ្វើ​សកម្មភាព​ព្យាបាល​ភ្នែក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ​ផងដែរ ។ ការស្ម័គ្រចិត្ត​រៀបចំ​ព្យាបាល​នេះ មាន​សកម្មភាព ដក​ធ្មេញ និង​ប៉ះ​ធ្មេញ​ដែ​ល​ប្រេះ​បែក លាង​សម្អាត​ធ្មេញ ដើម្បី​ងាយស្រួល​ក្នុងការ​ទទួលទាន​អាហារ ។

​លោក​បញ្ជាក់ទៀតថា នៅ​ថ្ងៃ​ដំបូង​នេះ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ កំពុង​អង្គុយ​រង់ចាំ​ធ្វើការ​ពិនិត្យ​និង​ព្យាបាល ដោយ​កម្ម​វិធី​ចាប់ផ្តើម​ប្រតិបត្តិការ តាំងពីព្រឹក រហូត​ដល់​ល្ងាច​ទើប​សម្រាក ។ ដូច្នេះ​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​មាន​បញ្ហា​មាត់​ធ្មេញ ឬ​ភ្នែក សូម​ប្រញាប់​នាំគ្នា​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ដោយ​ឥតគិតថ្លៃ ៕
​ដោយ ៖ នីយ៉ា​

 

Filed in: ខេត្តប៉ៃលិន

Recent Posts

Bookmark and Promote!

© 4700 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.