​មេ​ស្នាក់ការ​គយ​ផែ​កែវ ផុស ហេង សំ​ហៃ កំពុង សម្ងំ​ប្រមូល​លាភសក្ការៈ ទុក​ផ្ទាល់ខ្លួន មិន​ខ្វល់​ពី ការខាតបង់​ថវិកា​ចំណូល ពន្ធ​រដ្ឋ​ឡើយ​

​ខេត្ត​ព្រះសីហនុ ៖ មេ​គយ​ប្រចាំ​កំពង់ផែ​កែវផុស ឧកញ៉ា ម៉ុង ឬ​ទ្ធី ក្នុង​ភូមិ​ឬ​ទ្ធី​១ ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ត្រូវបាន​មន្ត្រី​ផ្ទៃក្នុង​រាយការណ៍​ទម្លាយ​មក​ថា មាន​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី បើកភ្លើង​ខៀវ​ឱ្យ​នាំចូល​ទំនិញ​ដោយ​រៀបចំ​ឯកសារ​បង់ពន្ធ​ជូន​រដ្ឋ​មិន​គ្រប់​។​

​ប្រភព​មន្ត្រី​ផ្ទៃក្នុង បាន​និយាយថា ទូក និង​កា​ប៉ាល់​ដឹកទំនិញ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង ដែល​ចូល​កំពង់ផែ​កែវផុស ឧកញ៉ា ម៉ុង ប៉ុន្តែ​មិន​ដែល​ឃើញ​ភ្នាក់ងារ​គយ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​លើ​មុខ​ទំនិញ​ទាំង​នេះ​ឡើយ​។ មន្ត្រី​ដដែល​បាន​បន្ត​ទៀត ជា​រៀងរាល់ថ្ងៃ មាន​រថយន្ត​យី​ឌុប​ជាច្រើន​គ្រឿង​ចូល​ដឹក​ទំនិញ​ចេញ​ពី​កំពង់ផែ​កែវផុស​។​

​ប្រភព​ពី​មន្ត្រី​ក៏​បាន​បាន​បង្ហើប​ទម្លាយ​បន្ថែមថា រាល់​ទំនិញ​ដែល​ចូល​តាម​ច្រក​កំពង់ផែ​កែវផុស​របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី យ៉ាង​គគ្រឹកគគ្រេង​មាន​ទាំង​ទំនិញគេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់ ព្រោះ​មេ​ស្នាក់ការ​គយ​ប្រចាំការ​នៅ​ស្នាក់ការ​គយ និង​រដ្ឋាករ​កែវផុស មិន​បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឡើយ​។ ប្រភព​ដដែល​បាន​បន្តថា លោក ហេង សំ​ហៃ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ អង្គុយចាំ​ស៊ីញ៉េ​លើ​ឯកសារ​ទាក់ទង​នឹង​ការនាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ និង​ប្រថាប់ត្រា​តែ​ប៉ុណ្ណោះ រឿង​ពិនិត្យ​ឱ្យបាន​ម៉ត់ចត់​គ្មានទេ ទង្វើរ​បែប​នេះ​នាំឱ្យ​បាត់បង់​ចំណូល​រដ្ឋ​យ៉ាង​ច្រើនសន្ធឹក​សន្ទាប់​ក្នុង​មួយ​ខែៗ​។​

​ប្រភព​បញ្ជាក់ថា ទំនិញ​ដែល​នាំ​ចូល​តាម​ច្រក​កំពង់ផែ​កែវផុស​នេះ មាន​សម្ភារៈ​សំណង់ (​ដែក ,​ឥដ្ឋ​ការ៉ូ ,​ទុយោ​ជ័រ ,​ស៊ីម៉ង់ស៍​), គ្រឿងទេស​, ភេទ​ស​ជ្ជៈ​គ្រប់​ប្រភេទ​,​គ្រឿង​អេឡិចត្រូនិច​, ធ្យូង​ថ្ម​, ម៉ូតូ និង​ទំនិញ​ជាច្រើន​ទៀត​ផង​ដែរ​។​

​លោក គង់ រ៉ានី អ្នកគ្រប់គ្រង​ទូទៅ​កំពង់ផែ​កែវ របស់​លោក​ឧកញ៉ា ម៉ុង ឬ​ទ្ធី បាន​ប្រាប់ អ្នកសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ថា ពាក់ព័ន្ធ​ការនាំ​ទំនិញ​ចូល​តាម​កំពង់ផែ​អត់​បង់ពន្ធ ឬ​អត់​បង់ពន្ធ ព្រមទាំង​បង់ពន្ធ​មិន​គ្រប់​លោក​មិន​ដឹង​ទេ ទាល់តែ​សួរ​ទៅខាង​គយ​ទើប​ដឹង រួច​ក៏​បិទ​ទូរស័ព្ទ​តែម្តង​។​

​ខាង​សារព័ត៌មាន មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក ហេង សំ​ហៃ ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​កែវផុស​នោះ​បាន​នៅឡើយ​ទេ​។ ជុំវិញ​រឿងនេះ​ខាង​អ្នកសារព័ត៌មាន នឹង​បន្ត​ផ្សាយ​ករណី​នេះ​ឲ្យ​ពិស្តារ​បន្ថែម ៕

 

Filed in: ខេត្តព្រះសីហនុ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 3643 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.