គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

កំពត ៖ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​សកម្មភាព​ជីក​កកាយ​ដីភ្នំ​យក​ធ្វើជា​អាជីវកម្ម​យ៉ាង​ចំហរ​នេះ​បាន​កើតឡើង​នៅតាម​តំបន់​ខេត្ត​កំពត ប៉ុន្តែ​ករណី​បែប​នេះ​ហាក់ជា​ទម្លាប់​មួយ​ដ៏​ពេញនិយម ព្រោះ​បច្ចុប្បន្ន នៅតាម​តំបន់​នានា​មាន​ការអភិវឌ្ឍន៍​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ពិសេស​វិស័យ​សំណង់​តែម្តង​។​

​ទោះជា​បែបណា សកម្មភាព​ជី​កកាយ​ដីភ្នំ​ត្រង់ចំណុច​ភូមិ​ព្រៃ​ផ្តៅ​(​ភ្នំ​ច្រក​សៀម​) ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត ត្រូវបាន​ប្រភព​ជាច្រើន​អះអាងថា ម្ចាស់​គ្រឿងចក្រ​គ្មាន​ច្បាប់​អាជីវកម្ម​នោះ​ទេ ហើយ​ក្រុមហ៊ុន​ខាងលើ​ក៏​ពុំ​បាន​បញ្ជាក់​ហេតុផល​ត្រឹមត្រូវ​ពី​ករណី​ជីកដី​ភ្នំ​នេះ​ដែរ ដោយ​ម្ចាស់​គ្រឿងចក្រ​គ្រាន់តែ​លួច​បង្ហើប​ថា ជីកដី​ភ្នំ​សម្រាប់​យក​ទីតាំង​បណ្តុះ​កូនឈើ ហើយ​កិច្ច​នេះ​ខាង​ជំនាញ​បាន​អនុញ្ញាត្ត​រួចហើយ​។​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា សកម្មភាព​ជីក​កកាយ​យក​ដី​ភ្នំ​នេះ គឺ​កើតឡើង​ជា​យូរ​មក​ហើយ ដោយ​ម្ចាស់​គ្រឿងចក្រ​បាន​ប្រើ​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​អាចម៍ដី​យកទៅ​លក់​ស្ទើ​រលាយបាត់​រូបរាង​ភ្នំ​ទៅហើយ តែ​មិន​ដែល​ឃើញ​អាជ្ញាធរ​និង​ជំនាញ​ណា​ម្នាក់​មក​ឈឺឆ្អាល​បន្តិច​ឡើយ​។​

​ចំពោះ​មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ចំណុច​ខាងលើ​បាន​និង​កំពុង​ព្រួយ​បារ​ម្មណ៍​ពី​ករណី​បាត់បង់​ស​ម្ប​តិ្ត​ធម្មជាតិ និង​ជាស​ម្ប​តិ្ត​ដ៏​មាន​តម្លៃ​យ៉ាង​មហាសាល​ដែល​បន្សល់​ពី​ដូនតា ដូចជា​ព្រៃភ្នំ បឹងបួរ ជាដើម​។​ល​។​ដោយ​ខណៈ​នេះ​ត្រូវ​រង​ការជីក​កកាយ​ឬ​លុប​ស្ទើ​បាត់​រូបរាង​និង​ទ្រង់ទ្រាយ​ដើម​ទៅហើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​ខាងលើ អភិបាលស្រុក អង្គរជ័យ លោក​កឹម បុ​ណ្ណា បាន​ប្រាប់​អ្នកយក​ព័ត៌មាន​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​២១​ខែតុលា ឆ្នាំ​២០១៧​នេះ​ថា រឿងរ៉ាវ​គ្រឿងចក្រ​ជីក​កាយ​ដី​ភ្នំ​ស្ថិតក្នុង​តំបន់​នេះ បើ​ចង់ដឹង​ច្បាស់​សូម​សួរ​ទៅ​ខាង​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត ទើប​ដឹង ព្រោះ​ការងារ​នេះ​ជា​ការគ្រប់គ្រង​របស់​ជំនាញ ដាច់ខាត​លោក​មិន​ដឹង​ឡើយ​។​

​ដោយឡែក លោក​សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពត បាន​បញ្ជាក់​យ៉ាង​ដូច្នោះ​ថា ការជីក​កកាយ​ដីភ្នំ​គ្រប់​កន្លែង​ក្នុង​អាណាចក្រ​ខេត្តកំពត គឺ​ភាគច្រើន​សុទ្ធ​តែ​សុំ​គោល​ការត្រឹមត្រូវ ដើម្បី​ជីក​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម ប៉ុន្តែ​សកម្មភាព​ជីក​កាយ​ដី​ភ្នំ​នៅ​ចំណុច​ភ្នំ​ច្រក​សៀម ប្រហែល​ជា​ខាង​ជំនាញ​ព្រៃឈើ​គេ​ជីក​សម្រាប់ធ្វើ​ថ្នាល​បណ្តុះ​កូនឈើ​ទេ​ដឹង​! ព្រោះ​ទីតាំង​នោះ​មិន​បាន​មកសុំ​គោលការណ៍​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ​ឡើយ ហើយ​ករណី​ខាងលើ​លោក​ក៏​ពុំបាន​ដឹង​ច្បាស់​ដែរ​។​

​ទោះជា​យ៉ាងណា​មជ្ឈដ្ឋាន​ជាច្រើន​នៅតែ​មាន​ចម្ងល់ ថែម​ទាំង​រិះគន់​មក​លើ​ស្ថាប័ន​ពាក់ព័ន្ធ​តែ​ដដែលៗ ព្រោះ​ករណី​ជីក​កកាយ​ដីភ្នំ​ស្ថិត​ចំណុច​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្ត​កំពត គឺ​បាន​ប្រព្រឹត្តទៅ​ជា​ច្រើន​ខែ​មក​ហើយ ដោយ​ម្ចាស់​គ្រឿងចក្រ​បាន​ជញ្ជូន​អាចម៍ដី​ដឹក​តាម​រថយន្ត​បែន​ធំៗ​បន្តកន្ទុយ​គ្នា​ដើម្បី​ធ្វើ​អាជីវកម្ម​ដោយ​ចំហរ​។​/ ណា​រិទ្ធ​

 

Filed in: ខេត្តកំពត, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 3741 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.