អាជីវករ​អ្នកម៉ៅការ​ឈ្លោះ ទុក​គំនរ​សម្រាម​បង្អួត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ហិត​លេង​!

ខេត្ត​រតនគិរី ៖ សំរាម​ជាច្រើន​គរ​ដូច​ភ្នំ​កំពុងតែ​ជះ​ក្លិនស្អុយ​អា​សោច​អស់​រយៈពេល​ជិត ១ ខែ​មក​ហើយ នៅមុខ​ផ្សារ​បាន​លុង​ដែល​ក្រុមហ៊ុន​ទំនើង​គីម ជ្រា ដែល​មាន​លោក​ជា គួង អ្នកម៉ៅការ​សំរាម មិន​ប្រមូល​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​សំរាម​ឡើយ ដោយ​យក​លេស​ថា ក្រុមហ៊ុន​ហេង​ដា​រ៉ា​នៅ​ជំពាក់​លុយ​ក្រុមហ៊ុន​ម៉ៅការ​សម្រាម ។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ អ្នកយកព័ត៌មាន​យើង​បាន​ទៅ​ផ្តិត​យក​រូបភាព​សំរាម ដែល​គរ​ទុក​ចោល​នៅមុខ​ផ្សារ​បាន​លុង​ពិត​ជា​ច្រើន​ពិតមែន​ឥឡូវនេះ​អាជ្ញាធរ​ក្រុង​បាន​លុង​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​ឯកឧត្តម​ថង សាវុន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី អោយ​យក​រថយន្ត​ដឹក​ដី យក​ទៅ​ប្រមូល​សំរាម​អោយ​ចេញពី​កន្លែង​ទីលាន​ចាក់សំរាម​បណ្តោះអាសន្ន​នៅមុខ​ផ្សារ​បាន​លុង​។​

​លោក ជាម សុផាត គណកម្មការ​គ្រប់គ្រង​ផ្សារ​បាន​លុង​បាន​ប្រាប់អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​នេះ​ថា សំរាម​ដែល​គរ​នេះ​ទុក​ចោល​អស់​រយៈ​ជិត​១​ខែ​មក​ហើយ ដោយ​ក្រុមហ៊ុន​ទំនើង​គីម ជ្រា មិន​ប្រមូល​យក​ទៅ​ចាក់ចោល នៅ​ទីលាន​ចាក់សម្រាម​នោះទេ ក្រុមហ៊ុន​ទំនើង​មួយ​នេះ អោយតែ​មាន​បុណ្យទាន​ធំៗ​តែងតែ​យក​លេស​មិន​ប្រមូល​សំរាម​ធ្វើអោយ​ខូច​សោភ័ណ្ឌភាព​ទីក្រុង​ស្អាត បរិស្ថាន​ស្អាត ធ្វើអោយប៉ះពាល់​ដល់​សុខភាព​របស់​អាជីវក​រ និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ទង្វើ​ទាំងនេះ​គឺជា​ទំលាប់​របស់​ក្រុមហ៊ុន​ទំនើង​គីម ជ្រា ដែល​មាន​លោក​ជា​គួង ជា​អ្នកម៉ៅការ​នេះ​ទៅ​ហើយ​។

​លោក​ងិន នែ​ល អភិបាលក្រុង​បាន​លុង បាន​ប្រាប់​អោយដឹងថា ចំពោះ​សំរាម​នៅមុខ​ផ្សារ​បាន​លុង លោក​បាន​ហៅ​ក្រុមហ៊ុន​ទំនើង​នេះ​មក​ប្រមូល​សំរាម​២-៣​លើក​ទៅហើយ ប៉ុន្តែ​ក្រុមហ៊ុន​ហាក់បីដូច​មិន​កោតញញើត​ទៅ​អាជ្ញាធរ​ទេ ព្រោះ​យក​ឡះ​ថា ក្រុមហ៊ុន​ហេង​ដា​រ៉ា​នៅ​ជំពាក់​លុយ​ជាច្រើន ចង់​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​លុយ​ជូន​គាត់ ប៉ុន្តែ​លោក​អភិបាលក្រុង​បាន​លើកឡើង​ថា លុយ​ដែល​ក្រុមហ៊ុន​ដា​រ៉ា​ជំពាក់​នោះ គឺ​លោក​អោយទៅ​ប្តឹង​ទៅ​តុលាការ​ទៅ លោក​មិន​អាច​ដោះស្រាយ​ជូន​ការងារ​ជំពាក់​លុយ​នោះបានទេ​។

​មន្ទីរ​បរិស្ថាន និង​សាលាក្រុង​បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ទំនើង​គីម ជ្រា ដើម្បី​អោយ​ប្រមូល​សំរាម​ចេញពី​ផ្សារ និង​តាម​ផ្លូវ​សំខាន់ៗ​តែ​ក្រុមហ៊ុន​បាន​លើក​ហេតុផល​ថា គ្មាន​កម្មករ ឥឡូវ​សាលាក្រុង​កំពុង​ស្នើ​ទៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ចាប់​វិធានការ​បន្ត​ព្រោះ​ក្រុមហ៊ុន​នេះ​មិន​ស្តាប់​តាម​ការណែនាំ​របស់​ជំនាញ​ទេ​។

​លុះដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៧ ដោយយោង​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ដើម្បី​សោភ័ណភាព អនាម័យ បរិស្ថាន​ល្អ រដ្ឋបាល​ក្រុង​បាន​លុង ដឹកនាំ​ដោយ​លោក ងិន ណែ​ល អភិបាល នៃ​គណៈ​អភិបាលក្រុង និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រមូល និង​ដឹក​សំរាម​ចេញពី​កន្លែង​ស្តុក​បណ្តោះអាសន្ន​ខាងមុខ​ផ្សារ ដោយ​ក្រុមហ៊ុន​វិនិយោគ​សំរាម គីម ជ្រា ពុំ​បាន​ដឹក​សំរាម​ចេញ​អស់​រយៈពេល​ជិត​១​ខែ​មក​ហើយ ដែល​បង្ក​អោយ​មាន​ក្លិនស្អុយ ប៉ៈពា​ល់​ដល់​សោភ័ណភាព អនាម័យ បរិស្ថាន ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​នៅ​ជុំវិញ​ទីតាំង​ខាងលើនេះ​៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.