មេ​សាខាគយ​ខេត្តតាកែវ​កាន់តែ​ធុំក្លិន​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​

ខេត្តតាកែវ ៖ ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​មួយចំនួន​ដែល​រង​ការគាបសង្កត់​កាន់តែ​ខ្លាំង​ពី​ក្រុម​គយ​ចល័ត​បានឱ្យ ដឹងថា ទោះ​បី​ពួក​គាត់​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​គយ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏​ដោយ​ក៏​ចៀស​មិន​ផុត​ពី​ត្រូវ​បង់លុយ​ឱ្យ ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង នោះដែរ ដែល​ជាហេតុ​ធ្វើឱ្យ​ពួកគាត់​រកស៊ី​ស្ទើរ​គ្មាន​សល់​ផលចំណេញ ។

ប្រភព​ព័ត៌មាន​បន្ត​ឱ្យដឹងទៀតថា ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ភ្នំ​ដិន និង​ច្រករបៀង​ជាច្រើន​ទៀត​បាន​ឱ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រុម​គយ​ចល័ត​របស់លោក លាង ម៉ុង ប្រព្រឹត្ត​អំពើ​ពុក រលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត ពោលគឺ​រាល់​ការបង់​លុយ​របស់​ឈ្មួញ និង​អាជីវករ ដែល​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ លេខ ២ គឺ​មិន​ទទួលបាន​បង្កាប់ដៃ ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះ​ឡើយ ។​

បើ​តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​គយ​នៅ​ខេត្ត​តាកែវ​មួយចំនួន​បាន​ឱ្យដឹងថា លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្ត តាកែវ ក៏ដូចជា លោក កែវ វណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ បាន​ឃុបឃិត​គ្នា​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញុ និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ប៉ុន្តែ​លោក លាង ម៉ុង និង​លោក កែវ វណ្ណី បែរ​ជា​បើកដៃ​ឱ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​តាកែវ​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​លើ​គំនរ​ញើស​ឈាម​អ្នករកស៊ី ដែល​លោក កែវ វណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ ដែល​មាន​ខ្នងបង្អែក​រឹងមាំ និង​បក្ខពួក​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ទំនិញ​ទាំងនោះ មានដូចជា គ្រឿងសំណង់​ជាច្រើន​ប្រភេទ ទំនិញ​ចាប់ហួយ ព្រមទាំង​ប្រេងសាំង​ជាដើម ធ្វើ​ឱ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ ។​

ជាក់ស្តែង​មន្ត្រី​គយ​ចល័ត​ខេត្តតាកែវ បង្កើត​ក្រុង​ត្រូល​ជជុះ ២​កន្លែង ដើម្បី​គាប​យកលុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម​ឆ្លងកាត់​ផ្លូវជាតិ​លេខ ២ ក្នុង​ខេត្ត​តាកែវ ។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក លាង ម៉ុង និង​លោក កែវ វណ្ណី បាន​នៅឡើយ​នោះទេ ? ៕

 

Filed in: ខេត្តតាកែវ, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 4466 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.