លោក ចាន់ សុធា ប្រឆាំង​នឹង​បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​

សេចក្តីរាយការណ៍​បានឱ្យដឹងថា លោក ចាន់ សុធា ដាក់​កម្លាំង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ក្នុង​ខេត្ត​បាត់ដំបង ដើម្បី​យកប្រាក់​ពី​ទំនិញ​ចេញ​-​ចូល ជា​រៀងរាល់ថ្ងៃ ។ មិនតែប៉ុណ្ណោះ​រថយន្ត​ដឹកទំនិញ​ដែល​បាន​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ហើយ នោះ​ក៏​ត្រូវ​ទាក់ទង​លោក ចាន់ សុធា ដើម្បី​បង់​ប្រាក់​តាម​ទូរស័ព្ទ ។

​ប្រភព​ព័ត៌មាន​បាន​បន្តឱ្យដឹង​ទៀត​ថា ទោះបីជា​បទបញ្ជា​ក្រសួងមហាផ្ទៃ បានដាក់ចុះ​យ៉ាងណាក៏ដោយ​ក៏​មក​ដល់ ពេលនេះ លោក ចាន់ សុធា នៅតែ​អាច​ប្រមូល​លុយ​ពី​ពួក​ឈ្មួញ​រកស៊ី​បាន​ដដែល ដោយ​ស្រួល​ជា​រៀងរាល់ថ្ងៃ​ផងដែរ ។ ប្រសិនបើ​មិន​បង់ប្រាក់​ឱ្យ​ទេ មុខ​ជា​ត្រូវ​ទទួលរង​ការ​គំរាម​ចាប់​មិន​ខាន ។ ដូច្នេះ​ឈ្មួញ​អ្នករកស៊ី​ត្រូវតែ​បង្ខំចិត្ត​បង់ប្រាក់​ឱ្យ​លោក ចាន់ សុធា មិន​អាច​ខ្វះ​បានឡើយ ។​

​គួរ​រំលឹក​ផងដែរ​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​ដាក់​បទបញ្ជា​ឱ្យ សមត្ថកិច្ច​នគរបាល​ទាំងអស់​ដក​ប៉ុស្តិ៍ ឬ​កុងត្រូលជជុះ​គ្រប់​ទីកន្លែង​ទូទាំង​ខេត្ត ពោល​គឺ​មិន​មាន​ការ​យក​ប្រាក់​ពី​អ្នករកស៊ី​នោះ ឡើយ ។ ប៉ុន្តែ​លោក ចាន់ សុធា មន្ត្រីនគរបាល​សេដ្ឋកិច្ច​ដែល​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​គ្រា​មុន​ដាក់​ឱ្យ ទៅ​ប្រចាំការ​ចាំ​យក​លុយ​ពី​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ និង​ដឹកឈើ​នៅ​ខេត្ត​បាត់ដំបង​ពេលនេះ ត្រូវ​គេ​រាយការណ៍​ថា នៅតែ បន្ត​ប្រើ​សហសេវិក​របស់ខ្លួន​យក​ប្រាក់​ពី​រថយន្ត​ដឹក​ទំនិញ​ដដែល ។​

​វា​ក្លាយទៅជា​បញ្ហា​បោក​ត​គ្នា ពោល​គឺ​ថ្នាក់​ដឹកនាំ​នាយកដ្ឋាន​មិនដឹងថា លោក ចាន់ សុធា នៅ​បន្ត​យក​លុយ​បាន​រាប់ ម៉ឺន​ដុល្លារ ក្នុង​មួយ​ខែៗ​ក្រោម​ស្លាក​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះឡើយ ។ គ្រា​មុន​លោក ចាន់ សុធា បាន​បង់ ប្រាក់​ទៅ​ឱ្យ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​តាម​ការកំណត់ ។ ប៉ុន្តែ​ពេល​នេះ​ក្រោមលេស​បំបាត់​កុងត្រូលជជុះ​មានន័យ ថា “​កន្ទេល​ធំ​បន្លំ​ដេក​” ដូចជា លោក ចាន់ សុធា មិន​បាន​រក​ប្រាក់​ទៀត​ទេ ដូច្នេះ​នាយកដ្ឋាន​ក៏​មិន​តម្រូវឱ្យ​បង់​ប្រាក់​ដែរ ។
​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ចាន់ សុធា បាន​នោះ​ទេ ?​

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 4546 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.